CamNews

ព័ត៌មានជាតិ 

អាណិតណាស់ពលរដ្ឋខេត្តត្បូងឃ្មុំអើយ ស្ទើរតែចងក ដោយសារដំឡូងមី ធ្លាក់ថ្លៃមួយគីឡូត្រឹមតែ....

(ត្បូងឃ្មុំ)៖ ខណៈដំឡូងមីបានធ្លាក់ថ្លៃរហូត ដល់មួយគីឡូស្រស់ជាង១០០រៀល និងស្ងួតបានត្រឹមជាង៤០០រៀល ប្រជាពលរដ្ឋ ដែលបានដាំដំឡូងមី នៅក្នុងខេត្តត្បូងឃ្មុំ ម្នាក់ៗស្ទើរតែចងកទៅហើយ រហូតបង្ខំចិត្តកាប់ដំឡូងមីហាលចោល​ក្រែងមានហាងឆេង គ្រាន់បើ។

ក្រុមប្រជាកសិករ ដែលរកស៊ីដាំដំឡូងមី បានលើកឡើងថា «ដូចដាំឲ្យឈ្មួញវៀតណាមទទេៗ ព្រោះទូទាត់ទៅមិនបានទាំងរួច ដើមផង កុំថាឡើយដល់ចំណេញ»

បើតាមការរៀបរាប់របស់ ប្រជាពលរដ្ឋរស់នៅភូមិពើក ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ឆ្នាំនេះម្នាក់ៗ ស្ទើតែចង-កហើយ ដោយសារដំឡូង មិនមានទីផ្សារ ហើយបានធ្លាក់ថ្លៃយ៉ាងខ្លាំង ដោយមួយគីឡូដឹកទៅដល់ប្រទេសវៀតណាម បានតែ១៨០រៀល ទៅ២២០រៀល ប៉ុណ្ណោះ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋដែលមិនដឹកទៅលក់នៅវៀតណាម បានរៀបរាប់ឲ្យដឹងដែរថា មូលហេតុដែលពួកគាត់មិនយកទៅលក់ នៅវៀតណាម ដោយសារថ្លៃទាបពេក ដូចនេះមានតែដក ហើយកាប់ហាលក្រែងមានហាងឆេងល្អ លក់បានលុយដោះបំណុលខ្លះ​ ព្រោះបើស្ងួតយើងអាចទុកបានយូរ។

ពួកគាត់បន្តថា បើនៅតែបែបនេះ មានតែទុកដីទំនេរចោលចេញរកការងារផ្សេង ឬទៅធ្វើជាពលករ នៅប្រទេសជិតខាងវិញល្អជាង ដើម្បីដោះស្រាយជីវភាពសម្រាប់រស់ បើនៅតែបន្តខាតយ៉ាងនេះ៕

 

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី​


Tags: Local news Social news