ភ្នំពេញ ៖ មន្រ្តីនគរបាល ព្រហ្មទណ្ឌរាជធានី ភ្នំពេញម្នាក់ (រាត្រី១៣៥) និងមន្រ្តីយោធាម្នាក់ ដែលទើបមកពី បំពេញការងារនៅក្រៅប្រទេស បានផ្ទុះអាវុធ និងប្រើអំពើហិង្សាដាក់គ្នា រហូត រងរបួសធ្ងន់ធ្ងរ ពីព្រោះតែពួកគេទាំង២នាក់ បានឈ្លោះប្រកែកគ្នា នៅក្នុងហាងផឹកស៊ី ដោយសារតែ ដណ្តើមនារីរត់តុ ។
នៅក្នុងជម្លោះនេះ មន្រ្តីនគរបាល បានបាញ់ចំនួន៣នាក់ បណ្តាលឲ្យ មន្រ្តីយោធា រងរបួសត្រង់ចិញ្ចើម ប៉ុន្តែពួកគេ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ ស្ទឹងមានជ័យ ឃាត់ខ្លួនយកទៅសួរនាំ និងដើម្បីបន្តចាត់ការតាមផ្លូវច្បាប់។
ហេតុការណ៍ ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១១៖៣០នាទី យប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្លូវ371 ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
មន្រ្តីនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ បានបញ្ជាក់ថា «មានករណីទំនាស់ ផ្ទុះអាវុធមួយ កើតឡើង បណ្តាល អោយ របួសទាំងសង្ខាង ដោយភាគីម្ខាង ឈ្មោះ ឡុង វិចិត្ត អាយុ50ឆ្នាំ មុខរបរ ជាយោធា អង្គភាពអ៊ុនតាក់ខ្មែរ ទើបត្រឡប់ ពីបរទេសឈរជើង នៅឧត្តង្គ (រងរបួស ត្រូវគ្រាប់កាំភ្លើង បញ្ឆឹតចញ្ចើមខាងឆ្វេង1គ្រាប់ និងត្រូវបញ្ឆឹតកំភួនដៃឆ្វេង1គ្រាប់) ហើយភាគី ម្ខាងទៀតឈ្មោះ ហ៊ុត លីដែត អាយុ56ឆ្នាំ មុខរបរ ជានគបាល ព្រហ្មទណ្ឌក្រុង (រាត្រី135) ទីលំនៅ ភូមិតាងូវ សង្កាត់និរោធ ខណ្ឌច្បាអំពៅ ប្រើអាវុធម៉ាករូឡូរ (របួសប៉ុលមុខ)»។
មន្រ្តីនគរបាល បានបន្តទៀតថា ភាគីទាំងពីរ បានផឹកស៊ី នៅតូបលក់គ្រឿងក្លែមមួយ នៅ ផ្លូវ371 ក្បែររោងចក្រSL ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ។ ពេលផឹកស៊ីនោះ អ្នកទាំងពីរ ផឹកតុផ្សេងគ្នា ហើយកាច់កុងគ្នា ពីរឿងស្រីរត់តុ ។
ហើយពេលចេញពីផឹក ពួកគេបានចេញ ទាំងអស់គ្នា ដោយជិះម៉ូតូ ស្របផ្លូវគ្នា ផងនោះ ក៏ឌឺដងដាក់គ្នា តាមផ្លូវ លុះដល់ ចំណុចក្បែរស្ពានមាល់ ក៏វាយតប់គ្នាហើយ ឈ្មោះ ហ៊ុត លីដែត បានបាញ់3គ្រាប់ បណ្តាអោយ ឡុង វិចិត្ត រងរបួស2គ្រាប់ ត្រូវចិញ្ចើមឆ្វេង និងកំភួនដៃឆ្វេង ។
ពេលកើតហេតុ កំលាំង នគបាលប៉ុស្តិ៍ ស្ទឹងមានជ័យបាន ទៅអន្តរាគមន៍ ឃាត់ខ្លួន ឈ្មោះ ហ៊ុត លីដែត ទៅសាកសួរ នៅ ប៉ុស្តិ៍ហើយបានបញ្ជូន ឡុង វិចិត្ត ទៅពេទ្យរុស្ស៊ី៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល