CamNews

ព័ត៌មានជាតិ 

លោក ស ថាវី ប្រកាសផ្តល់រង្វាន់ ម៉ូតូស្កូបពីសម្រាប់ សិស្សជាប់និទ្ទេស A

ឧត្តរមានជ័យ៖ អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី បានប្រកាសផ្តល់ម៉ូតូ ស្កូបពីស៊េរីឆ្នាំ២០១៥ មួយគ្រឿង សម្រាប់សិស្សរូប ណាទទួលបាននិទ្ទេស A នៅក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ បាក់ឌុប ដែលនឹងចាប់ផ្តើម ឡើងនៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០១៥សប្តាហ៍ក្រោយនេះ។ លោកអភិបាលខេត្ត ក៏បានស្នើសុំម្ចាសផ្ទះសំណាក់ នៅក្នុងខេត្តទាំងអស់ កុំឲ្យដំឡើងថ្នៃឈ្នួល សម្រាប់មកស្នាក់នៅ ដើម្បីប្រលង​បាក់ឌុបនេះ។

ការប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត ជាម៉ូតូស្កូបពីនេះ បានធ្វើឡើងក្នុងឱកាស ដែលលោកអភិបាលខេត្ត អញ្ជើញ ជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងផ្តល់កម្លាំងចិត្ត ដល់សិស្សានុសិស្សត្រៀមប្រលងបាក់ឌុប នៅសប្តាហ៍ ក្រោយ ប្រមាណ ៣០៥នាក់នៅស្រុកចុងកាល់ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥នេះ។

លោក សថាវី បានមានប្រសាសន៍ថា ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តឧត្តរមានជ័យ បានចុះជួយដល់ការសិក្សា បំប៉ន របស់សិស្សគ្រប់ក្រុង-ស្រុកទាំងអស់។ លោក បានបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំកន្លងទៅនេះ នាយឧត្តមសេនីយ៍ គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តឧត្តរមានជ័យ បានធ្វើការជួបសំណេញស៉ណាលជាមួយសិស្ស ដែលត្រៀមប្រលងបាក់ឌុបក្នុងឆ្នាំនេះនៅស្រុកអន្លង់វែង។

ក្នុងឱកាសនោះ លោក គន់ គីម បានសន្យាផ្តល់ការលើកទឹកចិត្ត ដល់សិស្សប្រឡលងជាប់និទ្ទេសA ម៉ូតូថ្មី ១គ្រឿង ចំពោះអ្នកជាប់និទ្ទេស B, C, D ក៏នឹងទទួលបានរង្វាន់ផងដែរ ព្រមទាំងសន្យាធ្វើពិធីជប់លៀងជូនពួកគេថែមទៀតផង។

លោក ស ថាវី នៅចំពោះមុខសិស្សត្រៀមប្រឡង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានទុកវិសយ័អប់រំ ជាវិស័យអាទិភាព ដើម្បីបណ្តុះបណ្តាលធនធានមនុស្សឲ្យមានចំណេះដឹង មានជំនាញអាចបម្រើការងារ ចូលរួមចំណែក កសាងប្រទេសជាតិឲ្យរីកចម្រើន។

លោក ស ថាវី បានជំរុញឲ្យសិស្សទាំងអស់ត្រូវប្រឹងប្រែងក្រេបជញ្ជក់យកចំណេះដឹង ដើម្បីជាប្រទីបសម្រាប់ជីវិត ខ្លួនឯង និងជួយដល់សង្គមជាត។ លោក បានប្រកាសលើកទឹកចិត្ត ដល់សិស្សរូបណា ដែលប្រឡងបាននិទ្ទេស A នឹងទទួលបាន ម៉ូតូស្កូបពីស៊េរីឆ្នាំ២០១៥មួយគ្រឿង។ ចំណែអ្នកជាប់និទ្ទេស B, C, D និងទទួលបានរង្វាន់ អាយផេត និងទូរសព្ទ័ជាដើម ហើយពេលប្រលងរួច និង ធ្វើពិធីជបលៀងជូនផងដែរ ។ នៅក្នុងឱកាសនោះលោក ស ថាវី និងក្រុមការងារ បានឧបត្ថម្ភថវិកា ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុប៣០៥នាក់ ដែលចូលរួមក្នុងឱកាសនោះ ម្នាក់ៗ ទទួលបានថិកា ៥ម៉ឺនរៀល។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានជូនដំណឹង ដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ក្នុងខេត្តកុំឲ្យដំឡើង ថ្លៃឈ្នួលផ្ទះ សម្រាប់សិស្សមកស្នាក់នៅ ដើម្បីប្រលងបាក់ឌុប នៅថ្ងៃទី២៤-២៥ ខែសីហា ខាងមុខនេះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia banteay Meanchey