កញ្ញា Irene តារាប្រចាំក្រុមតន្រ្ដី Red Velvet នឹងបង្ហាញវត្ដមានរបស់ខ្លួនលើកដំបូង នៅក្នុងខ្សែភាពយន្ដដ៏ថ្មីសន្លាង ។
នៅថ្ងៃទី ១៦ ខែកក្កដានេះ ផលិតកម្ម SM Entertainment បានបញ្ជាក់ថា កញ្ញា Irene នឹងសម្ដែង នៅក្នុងខ្សែភាពយន្ដថ្មីរឿង “Double Patty” ដែលនេះជាការបង្ហាញវត្ដមានរបស់នាងជាលើកដំបូង នៅក្នុងខ្សែភាពយន្ដ ។
អ្នកតំណាងមកពីផលិតកម្មខាងលើ បានថ្លែងថា៖ “ Irene នឹងបង្ហាញខ្លួន នៅក្នុងខ្សែភាពយន្ដ ‘Double Patty”។ នាងនឹងដើរតួជា ស្ត្រីអ្នកអត្ថាធិប្បាយព័ត៌មានដ៏ក្លាហាន និងទាក់ទាញម្នាក់”។
ដឹកនាំសម្ដែងដោយអ្នកដឹកនាំរឿង លោក Baek Seung Hwan ខ្សែភាពយន្ដ “Double Patty” នេះ ត្រូវបានចាត់ទុកថា ជាភាពយន្ដបូរាណ ដែលធ្វើតាមការសម្រេចចិត្ដរបស់ក្មេងៗ លើវិថីនៃការធំលូតលាស់ និងការរីកចម្រើនរបស់ពួកគេ ។ បើតាមការរាយការណ៍ ខ្សែភាពយន្ដនេះ ត្រូវបានកំណត់ចាប់ផ្ដើមថត នៅក្នុងខែសីហា និងមានបំណងចាក់បញ្ចាំងនៅរោងកុនឱ្យបាននៅចុងឆ្នាំនេះ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ soompi