បាត់ដំបង៖ ការផ្តល់កម្ចីជាសត្វគោសម្រាប់កសិករយកទៅចិញ្ចឹម ឬប្រវាស់ បានជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំតាគ្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង ឲ្យមានភាពធូរស្រាលបានមួយកម្រិត ជាពិសេស ជាមុខរបរមួយសម្រាប់មនុស្សវ័យចំណាស់ដែលពុំអាចធ្វើការងារធ្ងន់បាន។
សម្បុរស្រអែមរាងស្គមខ្ពស់ លោក ហាស់ សារ៉ាត់ រស់នៅភូមិស្លាបប៉ាង ឃុំតាគ្រៀម បានឲ្យដឹងថា គ្រួសាររបស់គាត់បានខ្ចីមេគោចំនួន២ក្បាល ពីអង្គការជប៉ុនមួយឈ្មោះ Kurume Overseas Volunteer Collaborations (KOVC) ដែលសហការជាមួយអង្គការ Appropriate Technology International Movement (AIM) តាំងពីឆ្នាំ២០១៥មក ដើម្បីយកមកចិញ្ចឹម ដោយភ្ជាប់លក្ខខណ្ឌចែកកូនគ្នាម្នាក់មួយ នៅពេលដែលមេគោនោះមានកូន។ លោកថា៖ «លក្ខខណ្ឌខ្ចីហ្នឹង គឺពេលមេគោហ្នឹងមានកូនដំបូង ខាងអង្គការគេយក ដល់កូនទី២យើងអ្នកយក ហើយមេគោនៅតែជារបស់អង្គការដដែល»។
បុរសវ័យ ៦៣ឆ្នាំរូបនេះ បានបន្តថា នៅពេលដែលឲ្យខ្ចីសត្វគោ ឬប្រវាស់គោនេះ ខាងអង្គការទាំងពីរក៏បានធ្វើការបណ្តុះបណ្តាលពីការចិញ្ចឹមសត្វ និងផ្នែកកសិកម្ម ដល់ប្រជាកសិករដែលខ្ចីផងដែរ ហើយក្នុងអំឡុងពេលចិញ្ចឹម បើសិនជាសត្វគោនោះឈឺធ្ងន់ ភាគីអង្គការ និងអ្នកខ្ចី គឺបានជួយចេញថ្លៃសេវាចាក់ថ្នាំតាមលទ្ធភាពរៀងៗខ្លួន ប៉ុន្តែក្នុងករណីសត្វគោងាប់ ឬបាត់ នោះភាគីអ្នកខ្ចីត្រូវរកសត្វគោតូចឬធំទៅតាមលទ្ធភាព ដើម្បីសងទៅអង្គការវិញ។
លោកសារ៉ាត់ បាននិយាយថា៖ «សត្វគោមួយបើសិនយើងចិញ្ចឹមរៀងធំបន្តិចលក់ក៏បានថ្លៃដែរ គោពេញវ័យលក់ទៅមួយតម្លៃប្រហែល២លានរៀល អីចឹងវាអាចជួយដោះស្រាយជីវភាពពេលខ្វះខាតបានមួយគ្រាៗដែរ»។
គិតមកដល់បច្ចុប្បន្ន បុរសរូបនេះ មានសត្វគោកើនដល់ចំនួន៨ក្បាល ក្នុងសត្វគោរបស់អង្គការចំនួន៥ក្បាល និងសត្វគោរបស់លោកចំនួន ៣ក្បាល។
ប្រជាកសិករមួយរូបទៀត លោក អ៊ុក អែម អាយុ៧៦ឆ្នាំ ដែលបានខ្ចីសត្វគោពីអង្គការ KOVC បានឲ្យដឹងដែរថា សត្វគោដែលបានខ្ចីនោះ ត្រូវការពេលវេលាពីមួយឆ្នាំទៅ២ឆ្នាំ ទើបកើតបានកូនមួយ ប៉ុន្តែការចិញ្ចឹមនោះពុំមានផលលំបាកនោះទេ គ្រាន់តែភាគីអ្នកខ្ចីត្រូវយកសត្វគោមេនោះ ទៅបង្កាត់ពូជដោយខ្លួនឯង ដើម្បីបានកូន។ លោកថា៖ «ពេលយើងយកសត្វគោទៅបង្កាត់ពូជ គឺយើងត្រូវចំណាយប្រាក់ម្តងៗ ចំនួន៤ម៉ឺនទៅ៥ម៉ឺនរៀល ដល់ពេលបានកូនគោមកយើងចែកគ្នាម្នាក់១ជាមួយខាងអង្គការ»។
លោកអ៊ុក អែម បានបន្តថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះភាគច្រើន ជាអ្នកមានជីវភាពក្រីក្រ ប្រកបតែរបរធ្វើស្រែតែមួយមុខ ហើយក្នុងករណីដែលអាកាសធាតុមិនអំណោយផល ឬក្តៅហួតហែងខ្លាំង នោះការប្រមូលទិន្នផលស្រូវក៏ពុំសូវល្អដែរ ដូច្នេះការផ្តល់នូវសត្វគោសម្រាប់់ឲ្យពួកគាត់ចិញ្ចឹមប្រវាស់ពីសំណាក់អង្គការKOVCនេះ ពិតជាបានជួយលើកស្ទួយដល់ជីវភាពរបស់ពួកគាត់បានច្រើនដែរ។
ចំណែក ប្រជាពលរដ្ឋម្នាក់ដែលខ្ចីសត្វគោចំនួនមួយក្បាល ពីធនាគារគោរបស់អង្គការKOVC លោកអូច សូយ អាយុ៥៦ឆ្នាំ បាននិយាយថា សត្វគោដែលគាត់បានខ្ចីពីអង្គការនោះ បានកើតកូនជាបន្តបន្ទាប់ ហើយលោកក៏បានយកកូនគោនោះទៅលក់ ដើម្បីជួយទំនុកបំរុងជីវភាពគ្រួសាររបស់លោក។ លោកថា៖ «កូនគោមួយក្បាលហ្នឹង ខ្ញុំបានយកទៅលក់បានលុយជាង១៨០ដុល្លារ ហើយកូនគោមួយទៀត ខ្ញុំប្រគល់ទៅឲ្យខាងអង្គការវិញហើយ ប៉ុន្តែខ្ញុំនឹងបន្តខ្ចីគោមកប្រវាស់បន្ថែមទៀត ដើម្បីបានកូនសម្រាបចិញ្ចឹមបន្ត»។
លោកបន្ថែមថា៖ «ប្រសិនបើយើងចិញ្ចឹមសត្វគោនោះធំ អីចឹងយើងយកទៅលក់ក៏បានតម្លៃថ្លៃដែរ។ បច្ចុប្បន្នសត្វគោដែលយើងចិញ្ចឹមនេះ មិនសូវមានអ្នកចិញ្ចឹមសម្រាប់ប្រើសម្រាប់ព្យួរស្រែចម្ការទេ បើយកទៅព្យួរស្រែក៏យកតែគោឈ្មោលដែរ តែនិយាយរួមទៅឥលូវគេច្រើនតែប្រើគ្រឿងចក្រគោយន្ត ចំណែកសត្វគោចិញ្ចឹមទុកគ្រាន់់លក់ដោះទាល់ ឬក៏ទុកកាប់យកសាច់ពេលមានពិធីបុណ្យឬការអីចឹង»។
អង្គការជប៉ុន KOVC បានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដោយធ្វើសកម្មភាពដំបូងនៅទ្វីបអាហ្វ្រិក ហើយនៅអំឡុងឆ្នាំ២០១២ អង្គការនេះបានសហការជាមួយអង្គការ AIM ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រស្រុកបាណន់ ខេត្តបាត់ដំបងនេះ។លោក Sing Kea នាយកប្រតិបត្តិអង្គការ AIM បានឲ្យដឹងថា ក្រោយពីបានចុះជួយដល់ពលរដ្ឋនៅឃុំតាគ្រៀម តាំងពីឆ្នាំ២០១២ តាមរយៈការជួយជីកស្រះទឹក ធ្វើផ្លូវសម្រាប់ពលរដ្ឋធ្វើដំណើរ និងជួយដល់កុមារក្រីក្រក្នុងសហគមន៍នោះមក នៅឆ្នាំ២០១៥ អង្គការនេះ ក៏បានសម្រេចបង្កើតធនាគាគោ ក្រោមការសម្របសម្រួលរបស់អង្គការ AIM ដើម្បីផ្តល់សត្វគោឲ្យប្រជាពលរដ្ឋខ្ចី ដើម្បីយកទៅចិញ្ចឹម និងប្រវាស់ ដែលគិតមកដល់ខែមីនាឆ្នាំនេះ អង្គការមានសត្វគោចំនួន២០ក្បាល សម្រាប់ឲ្យប្រជាពលរដ្ឋខ្ចីយកទៅចិញ្ចឹម។
លោកថា៖ «គោលបំណងនៃការបង្កើតធនាគារនេះ គឺដើម្បីជួយលើកកម្ពស់ដល់ជីវភាពគ្រួសារ និងកាត់បន្ថយអត្រាចំណាកស្រុករបស់ប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រមួយនេះ»។
លោកSing Kea បានបន្ថែមថា ក្រៅពីការផ្តល់កម្ចីជាសត្វគោតាមរយៈគម្រោងធនាគារគោនោះ អង្គការKOVC ក៏បានជួយបណ្តុះបណ្តាលជំនាញកាត់ដេរខ្នាតតូចដល់ស្ត្រីក្រីក្រ និងបានផ្តល់នូវសម្ភារៈសិក្សាដល់សិស្សក្នុងភូមិ ព្រមទាំងបង្កើតនូវបណ្ណាល័យតូចមួយសម្រាប់ជាជំនួយដល់ការសិក្សារបស់ពួកគេផងដែរ។ លោកថា៖ «អង្គការហ្នឹងគាត់ជួយដល់ស្ត្រីក្រក្រ ឲ្យរៀនកាត់ដេរ ហើយផលិតផលដែលដេរបានហ្នឹង គាត់យកទៅលក់នៅប្រទេសជប៉ុន អីចឹងប្រជាជនជប៉ុនគាត់អាចស្គាល់ពីស្នាដៃរបស់ខ្មែរយើងផងដែរ»។
អ្នកស្រី ខន សុខួន អាយុ៣៤ឆ្នាំ ដែលបានខ្ចីសត្វគោចំនួន២ក្បាលពីអង្គការមួយផ្សេងទៀតយកទៅចិញ្ចឹម និងបានទទួលការបណ្តុះបណ្តាលជំនាញកាត់ដេរពីអង្គការ KOVC បាននិយាយថា ក្រៅពីការចិញ្ចឹមសត្វគោ និងដាំដំណាំស្រូវ អ្នកស្រីក៏បានឆ្លៀតពេលទំនេរ កាត់ដេរកាបូបដៃតូចៗ និងសំលៀកបំពាក់ខ្លះ ដើម្បីចិញ្ចឹមជីវិតបន្ថែមផងដែរ។ អ្នកស្រីបន្តថា៖ «កាបូបនោះជាកាបូបក្រណាត់ ហើយក្នុងកាបូបមួយ ខាងអង្គការបានទិញយកក្នុងតម្លៃ ៣ពាន់រៀល អីចឹងខ្ញុំចិញ្ចឹមសត្វគោខ្លះ កាត់ដេរខ្លះ គ្រាន់ជាងទុកពេលទំនេរចោលឥតប្រយោជន៍»។
នាយិកាប្រតិបត្តិអង្គការKOVC កញ្ញា Sayoe Nojima ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសជប៉ុន ធ្លាប់បានប្រាប់កាសែតក្នុងស្រុកកាលពីពេលថ្មីៗនេះថា គម្រោងធនាគារគោនេះ ជាគម្រោងសាកល្បងមួយ ហើយអង្គការនេះក៏គ្រោងនឹងពង្រីកចំនួនសត្វគោបន្ថែមទៀត ដើម្បីផ្តល់កម្ចីដល់ប្រជាពលរដ្ឋដែលត្រូវការសត្វគោ ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពគ្រួសាររបស់ពួកគាត់។ អ្នកស្រីថា៖ «ខ្ញុំចង់បានបរិស្ថានក្នុងតំបន់គោលដៅរបស់ខ្ញុំ មានភាពស្រស់បំព្រងជាមួយនឹងជីវភាពធូរធាររបស់ប្រជាជន»។
អនុភូមិស្លាបប៉ាង លោកផែន ទិង បានឲ្យដឹងថា ការជួយផ្តល់កម្ចីជាសត្វគោរបស់អង្គការKOVCនេះ ពិតជាបានជួយមួយផ្នែកដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលជួបការខ្វះខាត។ លោកថា៖ «អង្គការនេះបានជួយផ្តល់សត្វគោឲ្យប្រជាពលរដ្ឋចិញ្ចឹម អីចឹងពេលសត្វគោនោះមានកូន អ្នកចិញ្ចឹមហ្នឹងគាត់អាចយកសត្វគោនោះ ទៅប្រវាស់បន្តឲ្យអ្នកផ្សេងទៀត អីចឹងវាជួយបានច្រើនដល់ពលរដ្ឋនៅក្នុងភូមិរបស់យើង»។
បើតាមលោកផែន ទិង ក្នុងភូមិនេះ មានប្រជាពលរដ្ឋរស់នៅជាង៤៧០គ្រួសារ ហើយពលរដ្ឋដែលពេញវ័យកម្លាំងភាគច្រើនបានចំណាកស្រុកទៅកាន់តំបន់ផ្សេងៗ និងប្រទេសថៃ ដើម្បីរកប្រាក់កម្រៃមកជួយផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគេ ដូច្នេះនៅក្នុងភូមិភាគច្រើន សល់តែមនុស្សវ័យចំណាស់ ដែលនៅបន្តប្រកបរបរធ្វើស្រែ និងចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
ការចិញ្ចឹមសត្វគោជាលក្ខណៈគ្រួសារ ប្រជាកសិករចាំបាច់គួរដឹងពីបច្ចេកទេសនៃការចិញ្ចឹម ដើម្បីជួយថែរក្សាសត្វគោឲ្យមានសុខភាពល្អ និងជាប្រយោជន៍សម្រាប់គ្រួសាររបស់ពួកគាត់ ព្រោះសត្វគោជាកម្លាំងអូសទាញក្នុងការងារកសិកម្ម ផ្តល់សាច់និងទឹកដដោះសម្រាប់ជាអាហារ និងជំរុញការលូតលាស់របស់សារពាង្គកាយ សម្រាប់ផលិតកូននិងទុកបន្តពូជ និងផ្តល់លាមកសម្រាប់យកទៅធ្វើជាជីកំប៉ុស្តិ៍សម្រាប់ដំណាំផ្សេងៗផងដែរ។
យោងតាមឯកសាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការថែទាំសត្វគោ ក៏ត្រូវគិតគូរដល់ការចាក់វាក់សាំងការពារជំងឺ៤មុខផងដែរ ដូចជា ថ្នាំការពារជំងឺអុតក្តាម សារទឹក ឈាមខ្មៅ និងបូសខ្យល់។ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង លោក ឡុង ផល្គុន បានមានប្រសាសន៍ថា ក្នុងខេត្តនេះ មានអង្គការមួយចំនួន បានផ្តល់សត្វគោដល់ប្រជាពលរដ្ឋសម្រាប់ប្រវាស់ចិញ្ចឹម ប៉ុន្តែមានតែអង្គការមួយប៉ុណ្ណោះដែលបានជូនដំណឹង និងធ្វើកិច្ចសហប្រតិបត្តិការជាមួយខាងមន្ទីរ។
តែយ៉ាងណា លោកថា៖ «ខាងយើងរីករាយស្វាគមន៍ចំពោះអង្គការសង្គមស៊ីវិលដែលបានជួយផ្តល់សត្វគោដល់ប្រជាពលរដ្ឋខ្ចី ឬប្រវាស់ ប៉ុន្តែអង្គការទាំងនោះ ត្រូវមានកិច្ចសហការជាមួយមន្ត្រីក្រសួងកសិកម្មយើងខ្ញុំផង ដើម្បីខាងយើងបានជួយសម្របសម្រួលបន្ថែម ព្រោះយើងក្នុងនាមយើងជាអង្គភាពបច្ចេសទេសនៃរាជរដ្ឋាភិបាល យើងត្រូវទទួលខុសត្រូវក្នុងករណីដែលបញ្ហារោគរាតត្បាតណាមួយទៅលើសត្វទាំងនោះ យើងចុះទៅអន្តរាគមន៍ដោះស្រាយភ្លាមៗ»។
លោកបន្ថែមថា៖ «យើងគួរមានកិច្ចសហការរួមគ្នា ធ្វើម៉េចឲ្យដំណើរការជួយដល់ប្រជាពលរដ្ឋវាស្របគ្នា ទៅនឹងគោលនយោបាយរបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល ព្រោះទិសដៅរបស់យើងតែមួយទេ គឺជំរុញវិស័យកសិកម្មឲ្យរីកចម្រើន ក្នុងគោលដៅបង្កើនផលិតកម្មកសិកម្មក្នុងស្រុក និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្រ»។
បើតាមលោក ឡុង ផល្គុន បច្ចុប្បន្ន ក្រសួងពុំទាន់មានកម្មវិធីទិញសត្វគោដើម្បីប្រវាស់់ជូនប្រជាពលរដ្ឋនៅឡើយ ប៉ុន្តែក្រសួងមានកម្មវិធី «ភូមិឃុំស្អាត សត្វមានសុខភាព» ដែលកម្មវិធីនេះ មានការផ្តល់នូវពូជស្មៅសម្រាប់សត្វពាហនៈ ជំរុញការបង្កាត់សត្វគោសិប្បនិម្មិតដើម្បីយកពូជល្អ និងការថែទាំសុខភាពសត្វជាដើម ដែលក្នុងនោះ មន្ទីរមានក្រុមការងារពេទ្យសត្វសរុបជាង ៨០០នាក់ នៅតាមភូមិនិមួយៗចំនួន ៧៩៩ភូមិទូទាំងខេត្តបាត់ដំបង។
ត្រឡប់មករកអ្នកភូមិស្លាបប៉ាង ឃុំតាគ្រៀមវិញ លោកហាស់ សារ៉ាត់ បាននិយាយថា ការចិញ្ចឹមសត្វគោ មិនមានការលំបាកនោះទេ ហើយវាបានផ្តល់នូវមុខរបរមួយសម្រាប់មនុស្សវ័យចំណាស់ក្នុងភូមិ ដូចជារូបគាត់ ក្រៅពីរបរធ្វើស្រែ ខណៈដែលយុវជនដែលពេញកម្លាំង បាននាំគ្នាចំណាកស្រុកទៅកាន់រាជធានីភ្នំពេញ ខេត្តជាប់ព្រំដែន និងប្រទេសថៃជាដើម។ លោកថា៖ «រាល់ថ្ងៃនេះ មិនមានមុខរបរអីទេ មានតែធ្វើស្រែ ហើយឆ្នាំនេះអាកាសធាតុក្តៅខ្លាំងទៀត ធ្វើស្រូវក៏មិនបាន អីចឹងមានតែពឹងកូនទៅធ្វើការនៅថៃ ហើយចំណែករូបខ្ញុំគឺនៅចិញ្ចឹមគោដែលខ្ចីពីអង្គការនៅផ្ទះនេះឯង» ៕
ប្រភព ៖ khmertimes