(ភ្នំពេញ)៖ ប្រធានសមាគមនសិល្បករខ្មែរ លោក សុះ ម៉ាច បានអះអាងថា សម្រាប់វត្តមានបវរកញ្ញា «Miss Global 2015» ៤រូបមកកាន់ប្រទេសកម្ពុជា នាពេលនេះ គឺជាផ្នែកមួយសំខាន់ ក្នុងការធ្វើឲ្យប្រជាជន លើសកលលោកស្គាល់ប្រទេសកម្ពុជា «Kingdom Of Wonder» នឹងប្រាសាទអង្គរវត្ត សិល្បៈវប្បធម៌អរិយធម៌យើង កាន់តែច្រើនឡើងៗ។
លោក សុះ ម៉ាច បានថ្លែងប្រាប់ឲ្យដឹងទៀតថា ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ច និងប្រគំតន្ត្រីសប្បុរសធម៌ នៅរាជធានីភ្នំពេញ កាលពីម្សិលមិញបវរកញ្ញា«Miss Global 2015» ចំនួនបីរូប ព្រមជាមួយគណៈប្រតិភូ អមដំណើរបានអញ្ជើញ ទៅដល់ខេត្តសៀមរាបហើយនៅម៉ោង ២៖៤០នាទីរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះ ដើម្បីចូលរួមទស្សនាប្រាសាទអង្គរ និងរមនីយដ្ឋានជាច្រើនទៀត លើទឹកដីខេត្តសៀមរាបអង្គររបស់ខ្មែរ។
ប្រធានសមាគមនសិល្បករខ្មែរ លោក សុះ ម៉ាច ក៏បានបញ្ជាក់ថា ថ្ងៃអង្គារ៍ទី១០ឧសភា ស្អែកនេះ វេលាម៉ោង៤រសៀលបវរកញ្ញាលេខ៤ គឺ Miss Geri Doncheva មកពីប្រទេសប៊ុលហ្គារី ក៏នឹងមកដល់សៀមរាប ដើម្បីទស្សនាប្រាសាទអង្គរ និងប្រាសាទបុរាណនានា។ ដូច្នេះសង្ឃឹមថា វិស័យទេសចរណ៍របស់ខ្មែរ នឹងកាន់តែរីកចម្រើនផងដែរ។
លោក សុះ ម៉ាច បានបន្ថែមថា នាឱកាសពេលនេះ លោកកំពុងស្ថិតនៅលើទឹកដីខេត្តសៀមរាប ដើម្បីរង់ចាំទទួលបដិសណ្ឋារកិច្ច បវរកញ្ញា Miss Global 2015 និងប្រតិភូអមដំណើរក្នុងនាម ជាម្ចាស់ផ្ទះ។សូមបញ្ជាក់ថា បវរកញ្ញា Miss Global 2015 គឺពួកគេបានមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦តាមជើងយន្តហោះ អន្តរជាតិភ្នំពេញ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង