បន្ទាយមានជ័យ ៖ ភ្ញៀវដែលទៅស៊ីការ បានផ្អើលពេញរោងការ រត់ចោលចំណងដៃ នៃមង្គលការកូនស្រី លោក ប៉ែន វ៉ូយ ដោយសារតែកូនចៅលោកវាយគ្នាជាមួយ និងក្រុមភ្ញៀវម្ខាងទៀត ដែលចូលរួមក្នុងពិធីនោះផងដែរ លុះពេលអ្នកសារព័ត៌មាន ទៅដល់គំរាមមិនឲ្យថតផ្សាយ និងចាប់យកកាមេរ៉ាទៅបោកចោល បិទរបងចង់វាយអ្នកសារព័ត៌មានសម្លាប់ចោល ដោយនិយាយថា "ជេតរយឥឡូវពួកហ្អែង"។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ កើតឡើងក្នុងភោជនីយអាហារ មង្គលការកូនលោក ប៉ែន វ៉ូយ ដែលមានកូនក្រមុំរបស់លោក ឈ្មោះ ប៉ែន ច័ន្ទលក្ខណា និងកូនប្រុសឈ្មោះ យុយ ស៊ីណា ក្នុងហាងស្ទឹងសែន ដែលស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៥។
បើតាមប្រភពព័ត៌មាន ពីអ្នកចូលស៊ីការនោះ បានឲ្យដឹងថា នៅខណៈដែលភ្ញៀវស្ទើរតែចេញតុអស់ទៅហើយ នៅសល់តែភ្ញៀវដែលជិតស្និទ្ធ នៃគ្រួសារសាមីដើមការ ស្រាប់តែមានការវាយគ្នារវាងក្រុមម្ខាង និងក្រុមម្ខាងជាច្រើននាក់ ដែលគេដឹងថាជាកូនចៅ ឬជាកូនទាហាន របស់លោកឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការកងពលតូចលេខ៤២ ខេត្តឧត្តរមានជ័យ រហូតដេញវាយបុរសម្នាក់ឈ្មោះ រស់ ពេជ្រ ដែលមានប្រពន្ធមកជាមួយមានទីលំនៅ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បណ្ដាលឲ្យរបួស ឈាមត្រង់ត្រចៀកខាងឆ្វេង និងចិញ្ចើមខាងឆ្វេង ដែលកំពុងតែដើរចេញពីរោងការ។
ក្រោយពីមានហេតុការណ៍បន្តិច អ្នកសារព័ត៌មានជាច្រើននាក់ បានទៅដល់ដើម្បីថត និងយកព័ត៌មានរឿងនេះ ស្រាប់តែបុរសម្នាក់ដែលគេមិន ស្គាល់អត្តសញ្ញាណ គ្រាន់តែឃើញ ពាក់អាវដៃវែងការ៉ូ ពណ៌សលាយខៀវ ស្លាកខោខាវបូយ ហើយប្រាប់ថា ខ្លួនជាកូនប្រុសលោក ប៉ែត វ៉ូយ បានប្រើភាសាមាក់ងាយអ្នកសារព័ត៌មានថា ឲ្យលុយមួយរយដុល្លារហើយបិទមាត់ ខណៈដែលអ្នកសារព័ត៌មានមិនទទួល ហើយបន្តយក ព័ត៌មាននេះទៀត ក៏គំរាមបិទទ្វារហាងរករឿងវាយសម្លាប់ និងបោកកាមេរ៉ាអ្នកសារព័ត៌មាន។
ក្នុងហេតុការណ៍ទាំងនេះ ថ្វីដ្បិតតែមានសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ និងប៉ូលិសស្នងការជាច្រើននាក់ នៅទីនោះក៏ដោយ ក៏គ្មានការឃាត់ និងចាប់ខ្លួន បុគ្គលបង្កហេតុវាយតប់គ្នា ឬអ្នកដែលគំរាមអ្នកសារព័ត៌មានឡើយ ដោយគ្រាន់តែប្រាប់អ្នកសារព័ត៌មានថា គេចរចាគ្នាត្រូវរវាងអ្នករងគ្រោះ និងអ្នកបង្ករួចហើយ ទើបសមត្ថកិច្ច មិនធ្វើកា តាមច្បាប់នេះជាលើកទី១ ហើយនៅក្រុងសិរីសោភ័ណ ដែលម្ចាស់មង្គលការទៅវាយភ្ញៀវ ដែលចូលមកស៊ីការ ឬមួយក៏ការកូនរបស់ទាហានមានស័គ្គធំ តែងតែវាយភ្ញៀវបែបនេះឯង?៕




ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល