បាត់ដំបង ៖ មានករណីវាយសម្លាប់គ្នាមួយ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅខាងក្រោយ វត្តរំដួល ក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
តាមសេចក្ដីរាយការណ៍ ពីខេត្តបាត់ដំបង បានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ ឈ្មោះ ញាន សុជា អាយុ៣៥ ឆ្នាំ ជាបុរសពោះម៉ាយកូន១ បានអង្គុយផឹកស៊ីជា មួយដៃគូ ៤-៥នាក់ផ្សេងទៀត មួយសន្ទុះ ក្រោយមក បានបង្កជាជម្លោះ ខណៈជនរងគ្រោះ ស្ទុះទៅវាយគេមុន ធ្វើពួកគេព្រួតគ្នា វាយសម្លាប់តែម្ដង ។ យ៉ាងណាក្ដី នៅព្រឹកថ្ងៃដដែលនេះ សមត្ថកិច្ចបាននឹងកំពុងសាកសួរ ជនសង្ស័យមួយចំនួន ដើម្បីរកមូល ហេតុពិត ក្នុងអំពើហិង្សាវាយសម្លាប់នេះ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីធ្វើសកម្មភាពហើយ ជនសង្ស័យ២នាក់ បងប្អូន បាននាំគ្នាឡើងរថយន្តទៅខេត្តពោធិ៍សាត់ សមត្ថកិច្ច ខេត្តបាត់ដំបង សហការជាមួយសមត្ថកិច្ច ខេត្តពោធិ៍សាត់ ឃាត់ខ្លួនបាននៅវេលាម៉ោង ១១ថ្ងៃទី១១ ខែវិច្ឆិកា ។
សមត្ថកិច្ចបានឲ្យបន្ថែមថា ជនសង្ស័យ ទី១ឈ្មោះ ឡុង សត្យា ហៅ ម៉េត ភេទប្រុស អាយុ២៧ឆ្នាំ ទី២ឈ្មោះ ឡុង រិទ្ធី ហៅ ងៀង ប្រុស អាយុ២៥ឆ្នាំ ។
ជនសង្ស័យបាននិយាយ ប្រាប់សមត្ថកិច្ចថា មូលហេតុ ដែលខ្លួនវាយ ជនរងគ្រោះនោះ គឺបណ្តាល មកពីជនរងគ្រោះ បានវ៉ៃមកលើខ្លួន មុន បណ្តាលឱ្យបាក់ដៃ ម្ខាង ទើបជនសង្ស័យ ជាប្អូន ទៅហៅ បងប្រុស ឱ្យមកជួយ កាប់និងវ៉ៃ ជាច្រើនកន្លែង បណ្តាលឱ្យស្លាប់តែម្តង ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល