ភ្នំពេញ ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌនៃ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដឹកនាំ ដោយប្រធានតុលាការ លោក អាំង មាលតី និងដឹកនាំបញ្ជាកម្លាំងផ្ទាល់ ពីសំណាក់ ស្នងការរង នគរបាល លោកឧត្តមសេនីយ៍ ជួន ណារិន្ទ នៅវេលា ម៉ោង១០ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៤នេះ បានបន្ដនីតិវិធី របស់ខ្លួនចុះទៅ ឆែកឆេរភូមិគ្រឹះ ចំនួន២ទីតាំង របស់ ឧកញ៉ា ថោង សារ៉ាត់ ស្ថិតនៅ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងភូមិគ្រឹះមួយកន្លែង ទៀត ដែលជាទី ស្នាក់ការក្រុមហ៊ុនបុរី ៩៩៩ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប្រតិបត្ដិការ របស់កម្លាំងនគរបាល ព្រហ្មទណ្ឌរាជធានីភ្នំពេញ ដែលដឹកនាំប្រធានតុលាការ ខាងលើនេះ មិន ទាន់មាន ការបញ្ជាក់ ពីនីតិវិធីរបស់ខ្លួន នៃការចុះទៅឆែកឆេរនោះឡើយ ហើយលទ្ធផល ក៏មិនទាន់បានដឹង នៅឡើយទេ ខណៈដែល ជនជាប់ចោទដែល ស្ថិតនៅពីក្រោយខ្នង នៃការបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានគេជឿថា មិនស្ថិតនៅក្នុងភូមិគ្រឹះនោះឡើយ ។
អ្នកឆ្លើយឆ្លងព័ត៌មាន នៃមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល៣រូប ទៅយកព័ត៌មានទីនោះ លោក ប៉ិច នរះ លោក ទុយ មែន និងលោក ស្រេង ដារ៉ា បានរាយការណ៍ថា អ្នកសារព័ត៌មាន ជាច្រើននាក់ បានចុះទៅ យកព័ត៌មានផ្ទាល់ នៅកន្លែងឆែកឆេរ ប៉ុន្ដែ នៅខាងក្រៅ ប៉ុណ្ណោះ ដើម្បីរង់ចាំលទ្ធផល នៃប្រតិបត្ដិការមួយនេះ ។ កម្លាំង សមត្ថកិច្ច ពាក់ព័ន្ធ នៅគ្រប់ស្ថាប័ន របស់ប្រទេសកម្ពុជា បាននិងកំពុងបន្ត ប្រតិបត្តិការ តាម ចាប់ខ្លួន ឧកញ៉ា ថោង សារ៉ាត់ ម្ចាស់បូរី៩៩៩ ដែលត្រូវតុលាការ ចោទប្រកាន់ នៅពីក្រោយខ្នង នៃការបាញ់ សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីយប់ថ្ងៃទីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ។
ប្រតិបត្តិការ របស់កម្លាំងសមត្ថកិច្ច ពាក់ព័ន្ធខាងលើនេះ បានធ្វើឡើង ដោយអនុវត្ត ទៅ តាមដីកា បញ្ជាឲ្យចាប់ខ្លួនរបស់ លោក លី សុខលេង ចៅក្រមស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៤កន្លងទៅ ។
យោងតាមដីកា របស់ លោកចៅក្រម លី សុខលេង បានបង្ហាញថា ជនត្រូវចោទ ថោង សារ៉ាត់ ហៅមិន អាយុ៣៧ឆ្នាំ មុខរបរជាយោធា មានស្រុកកំណើត នៅភូមិបាវិតលើ ឃុំបាវិត ស្រុកចន្ទ្រា ខេត្តស្វាយរៀង និងមានទីលំនៅ មុនពេល តាមចាប់ខ្លួន ស្ថិតនៅផ្ទះលេខ 990E0 ផ្លូវបេតុង ក្រុមទី៣ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ត្រូវ បានចោទប្រកាន់ពីបទ «ផ្តើមគំនិត ក្នុងអំពើឃាតកម្ម គិតទុកជាមុន»។
មន្រ្តីនគរបាល មួយរូប បានថ្លែងឲ្យដឹងថា នៅពេលនេះសមត្ថកិច្ច មិនទាន់ដឹងពីកន្លែងលាក់ខ្លួន របស់ឧកញ៉ា ថោង សារ៉ាត់ នោះទេ ប៉ុន្តែសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងតាមចាប់ខ្លួន។
សូមបញ្ជាក់ថា ឪពុក-ម្តាយ លោកឧកញ៉ា ថោង សារ៉ាត់ ត្រូវចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន នៅពន្ធនាគារព្រៃសហើយ ក្រោមបទចោទប្រកាន់ កាន់កាប់អាវុធខុសច្បាប់។ ជនជាប់ ចោទអាចជាប់ពន្ធនាគារ ពី៦ខែ ទៅ៣ឆ្នាំ ពិន័យជាប្រាក់ ១លានរៀលទៅ ៦លានរៀល។
កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី០៧ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅ លោក ថោង ចំរើន និងអ្នកស្រី កែវ សារី មន្រ្តី យោធា ស័ក្តិ៤កន្លះ នៃក្រសួងការពារជាតិ ត្រូវបានបញ្ជូន តាមរថយន្តទៅកាន់ពន្ធ នាគារព្រៃសហើយ។ ចៅក្រម ស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ លោក ស្វាយ តុច បានចេញដីកាឃុំខ្លួន ជនជាប់ចោទទាំងពីរ នាក់ ក្រោម បទចោទប្រកាន់ «កាន់កាប់អាវុធដោយខុសច្បាប់»។
តាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ លោក ថោង ចំរើន និង អ្នកស្រី កែវ សារី អាចនឹងត្រូវជាប់ពន្ធនាគារពី ៦ខែទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លានទៅ៦លានរៀល។ មុនចេញពីសាលាដំបូងឡើង រថយន្តទៅ កាន់ពន្ធនាគារព្រៃស ជាមួយទឹកមុខនៅតែស្រស់ស្រាយ អ្នកស្រី កែវ សារី បានស្រែកផ្តាំផ្ញើ តាមអ្នកព័ត៌មាន សម្តែងការសុំទោស ដល់លោក ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការនគរបាល រាជធានី ភ្នំពេញ ចំពោះ ពាក្យសម្តីមិនសមរម្យ ដែលអ្នកស្រី បានប្រើលើរូបលោកកាលពីថ្ងៃទី៣ ខែធ្នូ នៅក្នុងសន្និសីទព័ត៌មាន។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមុខហាងលក់ផ្លែឈើ នៅជិត ពហុកីឡដា្ឋនជាតិអូឡាំពិក ។ អង្គរក្ស៤នាក់របស់ឧកញ៉ា ថោង សារ៉ាត់ មេខ្លោងឃាតកម្ម វ័យក្មេងមុខស្រស់ ត្រូវបានតុលាការសម្រេចឃុំខ្លួន នៅពន្ធនាគារព្រៃស ក្រោមបទចោទ ប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន និងបទសមគំនិតរួមគ្នា ប្រព្រឹត្តឃាតកម្ម»។
អង្គរក្ស ទាំង៤នាក់ ដែលលោកចៅក្រម លី សុខឡេង សម្រេចឃុំខ្លួននោះរួមមាន៖ ឈ្មោះ សៀង វាសនា ជាអ្នក បាញ់ប្រហារ, ទី២. ឈ្មោះលី សៅ ជាជនជាតិវៀតណាម អ្នកឌុបជនដៃដល់, ទី៣ ឈ្មោះ មាស សម្បត្ដិ ជាអ្នកជិះ ម៉ូតូបិទគូទ និងទី៤. ឈ្មោះ កុយ ចាន់ថុល ជាអ្នកជិះពីក្រោយជាមួយ មាស សម្បត្ដិ ដើម្បីពិនិត្យជាក់ស្ដែងថា តើ ជនរងគ្រោះស្លាប់ហើយឬនៅ? ដោយឡែក ភរិយាទី២ ឈ្មោះ ទាវ ធីតា អាយុ ២៣ឆ្នាំ និងលោក ថោង បូណា ប្អូនប្រុសបង្កើតរបស់ឧកញ៉ា ថោង សារ៉ាត់ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញហើយ ក្រោយពីពិនិត្យឃើញថា មិនមានជាប់ ពាក់ព័ន្ធនិង អំពើឃាតកម្មនោះឡើយ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល