CamNews

កំសាន្ត 

អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិអំពាវនាវឱ្យរដ្ឋាភិបាលអេហ្ស៊ីប ដោះលែងសកម្មជនសិទ្ធិមនុស្ស

អ្នកជំនាញការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បានថ្កោលទោសចំពោះការចាប់ខ្លួន មន្រ្ដីជាន់ខ្ពស់ ៣ រូបមកពីអង្គការសិទ្ធិមនុស្ស ដែលអោយឈ្មោះថា “គំនិតផ្ដួចផ្ដើមរបស់អេហ្ស៊ីបដើម្បីសិទ្ធិបុគ្គល ឬហៅជាភាសាបរទេសថា” Egyptian Initiative for Personal Rights (EIPR)”។

បុគ្គល ដែលត្រូវបានចាប់ខ្លួន មានដូចជា លោក Gasser Abdel Razek (នាយកប្រតិបត្ដិ) លោក Karim Ennarah (នាយកផ្នែកយុត្ដិធម៌ព្រហ្មទណ្ឌ) លោក Mohammad Basheer (ប្រធានផ្នែករដ្ឋបាល) ។ ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងក្រោមការចោទប្រកាន់ពីបទពាក់ព័ន្ធនឹងអំពើភេរវកម្ម ដែលមានដូចជា ការចុះផ្សាយព័ត៌មានក្លែងក្លាយ និងការចុះផ្សាយពីបញ្ហាសន្ដិសុខសាធារណៈ ។



ទោះជាយ៉ាងណា តាមរយៈការបន្ដយកចិត្ដទុកដាក់លើការសួរចម្លើយ នៅកិច្ចប្រជុំរបស់ពួកគេ ជាមួយអ្នកកាទូតបរទេស ១៣ រូប ការឃុំខ្លួនមន្រ្ដីសិទ្ធិមនុស្សនេះ ត្រូវបានបកស្រាយថា ជាទង្វើសងសឹកចំពោះការពិភាក្សាពីបញ្ហាសិទ្ធិមនុស្សជាមួយឯកអគ្គរដ្ឋទូតបរទេស ។

នេះមិនមែនជាករណីទី១ នោះទេ ដែលអាជ្ញាធរអេហ្ស៊ីប បានឃុំខ្លួនមន្រ្ដីសិទ្ធិមនុស្សទាំងខុសឆ្គងបែបនេះ ។ លោក Patrick George Zaki អ្នកស្រាវជ្រាវអំពីសិទ្ធិយែនឌ័រ EIPR ក៏ស្ថិតនៅក្នុងចំណោម មន្រ្ដីសិទ្ធិមនុស្ស ដែលត្រូវបានចាប់ខ្លួនពីបទពាក់ព័ន្ធនឹងអំពើភេរវកម្ម  និងបទញុះញង់ផងដែរ ។ បច្ចុប្បន្ន មន្រ្ដីសិទ្ធិមនុស្សទាំង ៤ រូប ត្រូវបានឃុំខ្លួន នៅពន្ធនាគារ Tora ក្នុងរដ្ឋធានី Cairo ។

 

ការឃុំខ្លួននេះ បានបន្ថែមការព្រួយបារម្ភដ៏ធ្ងន់ធ្ងរ ដែលត្រូវដោះស្រាយដោយ ឧត្ដមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Ravina Shamdasani ដោយអនុលោមទៅតាមភាពត្រឹមត្រូវតាមច្បាប់ និងការជំនុំជម្រះដោយយុត្ដិធម៌ នៅក្នុងប្រទេសនេះ ។  

ក្រៅពីការឃុំខ្លួននាពេលថ្មីៗនេះ  លោកស្រីក៏បានលើកឡើងពីក្ដីបារម្ភចំពោះការអនុវត្ដសាលក្រមលើមនុស្សមនុស្ស ៥០ នាក់កាលពីខែមុនផងដែរ ។  អ្នកជំនាញអង្គការសហប្រជាជាតិ ក៏បានសម្ដែងការព្រួយបារម្ភអំពីការប្រើប្រាស់នីតិកម្មប្រឆាំងនឹងអំពើភេរវកម្មរបស់ប្រទេសអេហ្ស៊ីបផងដែរ ដែលមានគោលដៅលើជនស៊ីវិល និងអង្គការសង្គមស៊ីវិល។

ម្យ៉ាងទៀត ក្រុមអ្នកជំនាញទាំងនេះ បានស្នើឱ្យមានការដោះលែងបុគ្គលទាំង ៤ រូប ដោយការទទូចអង្វរឱ្យអាជ្ញាធរ យល់ថា ការឃុំខ្លួនបុគ្គល ដែលការពារសិទ្ធិមនុស្ស គឺដូចគ្នាទៅនឹង បដិប្បញ្ញត្ដិចំពោះភាពមិនអាចរំលោភបំពានបាននៃសិទ្ធិគ្រប់ប្រការ ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist