CamNews

ព័ត៌មានជាតិ 

សិស្សវិទ្យាល័យ ខេត្តកំពតប្រុសស្រី៧នាក់ បបួលគ្នាដើរលេងបាត់ដំណឹង១ថ្ងៃ ឪពុកម្តាយរកឃើញក្នុងផ្ទះសំណាក់

(ភ្នំពេញ)៖ សិស្សវិទ្យាល័យប្រុសស្រី៧នាក់ បបួលគ្នាដើរ​លេងបាត់មួយថ្ងៃពេញ ផ្អើលអស់បងប្អូនឪពុកម្តាយ ដើររកនៅខេត្តកំពត តែបែរជាមករកឃើញ នៅផ្ទះសំណាក់ សែនមនោរម្យ ក្រុងភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្ញើល នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះសំណាក់រស្មីសែនមនោរម្យ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

សិស្សប្រុសស្រីចំនួន៧នាក់ ប្រុស៥នាក់ស្រី២នាក់ អាយុប្រហែលគ្នា បានបបួលគ្នាដើរលេង កាលពីថ្ងៃទី២៨ ដោយជិះរថយន្តតាក់ស៊ី មកកាន់ទីក្រុងភ្នំពេញ។

ប្រភពពីបងប្អូន​សិស្សទាំងនោះបានឲ្យដឹងថា ក្មេងទាំងអស់នោះ​បានប្រាប់ថា បបួលគ្នាទៅដើរលេង តែមិនដឹងថា ទៅដើរលេងនៅឯណានោះទេ ស្មានតែដើរលេងជិតៗ ក្នុងស្រុកមិននឹកស្មានថា ពួកគេហ៊ាននាំគ្នាមកចូលផ្ទះសំណាក់ នៅភ្នំពេញនោះទេ ដោយចាំបាត់ៗអស់មួយថ្ងៃ ទូរស័ព្ទខ្វែងខ្វាត់ ទើបដឹងដំណឹងថា នៅភ្នំពេញក្នុងផ្ទះសំណាក់។

ម្តាយនិងក្រុមគ្រួសារ បងប្អូនសិស្សទាំងនោះ បាននាំគ្នាធ្វើដំណើរ មកពីកំពតទៅប្តឹងនៅប៉ុស្តិ៍ រដ្ឋបាលនគបាលសង្កាត់កន្ទោក ឲ្យជួយអន្តរាគមន៍ នាំខ្លួនសិស្សទាំង៧នាក់ មកធ្វើកាសាកសួរ នៅហេតុការណ៍ទាំងអស់នោះ។

លោកនាយប៉ុស្តិ៍កន្ទោកបានឲ្យដឹងថា សិស្សទាំង៧នាក់នោះមានឈ្មោះទី១.​ ឈ្មោះ ម៉ីម៉ី ភេទស្រីអាយុ១៦ឆ្នាំ មានទីលំនៅភូមិកាន់ទ្រុង ឃុំតានី ស្រុកអង្គជ័យ, ទី២. ឈ្មោះ នៀវ សៀវលាង ភេទស្រីអាយុ ១៥ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្វា ស្រុកអង្គជយ័ ខេត្តកំពត, ទី៣.​ ឈ្មោះ យី សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ, ទី៤. ឈ្មោះ ពៅ សីណាក់ ភេទប្រុស អាយុ២០ឆ្នាំ, ទី៥. ឈ្មោះ យី ពាក ភេទប្រុស អាយុ២១ឆ្នាំ, ទី៦. ឈ្មោះ រ៉ាត់ ទីស្រ៊ាន ភេទប្រុស អាយុ១៥ឆ្នាំ។ ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរ ឪពុកម្តាយបានមកសម្របសម្រួល និងធ្វើកិច្ចសន្យារួច ក៏ទទួលកូនត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕

 

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី


Tags: social news local news