CamNews

ព័ត៌មានជាតិ 

ក្រសួងវប្បធម៌ ប្រកាសចាត់វិធានការ តាមផ្លូវច្បាប់ លើស្រ្តីថតរូប អាក្រាតកាយ នៅតំបន់ប្រាសាទអង្គរ

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញមកប្រកាសប្តេជ្ញា រួមសហការជាមួយ អាជ្ញាធរអប្សរា អនុវត្ត នីតិវិធីច្បាប់តាមគ្រប់រូបភាព ដើម្បីផ្តន្ទាទោសទៅលើស្រ្តីថតរូបអាក្រាតកាយ នៅតាមប្រាសាទនានា ក្នុងតំបន់អង្គរ ដែលត្រូវបានគេចាត់ទុកថា ជាការប្រមាថដ៏ធ្ងន់ធ្ងរ ដល់វប្បធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរ ។

ក្រសួងវប្បធម៌ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ដែលចេញផ្សាយ ជាសាធារណៈនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ បានចាត់ទុកការថតរូបភាព អាក្រាតកាយនៅតាមប្រាសាទក្នុងតំបន់អង្គរ ជាទង្វើប្រាសចាកពីសីលធម៌ សង្គម និងវប្បធម៌ជាតិខ្មែរ ព្រមទាំងធ្វើឲ្យអាប់ឱនយ៉ាងធ្ងន់ធ្ងរ ដល់តម្លៃបេតិកភណ្ឌជាតិ កិត្តិយសនារីភេទ ធ្វើឲ្យប៉ះ ពាល់ដល់សីលធម៌សង្គម ភាពថ្លៃថ្នូររបស់កម្ពុជា និងវប្បធម៌ដ៏រុងរឿងរបស់ខ្មែរ ។

ជាមួយនឹងការចេញមកប្រកាសចាត់វិធានការ និងថ្កោលទោសចំពោះសកម្មភាពដ៏អាសអាភាសនេះ ក្រសួងវប្បធម៌ បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរជាតិ អប្សរាស្វែងរកការពិត និងធ្វើការ ថ្កោលទោស ចំពោះទង្វើអសីលធម៌នេះ ដើម្បីលើកកម្ពស់កេត្យានុភាព នៃវប្បធម៌ខ្មេរ ។

រូបភាពថតអាក្រាត ជាច្រើនផ្ទាំងរបស់នារីម្នាក់ វាយត្រាដោយអក្សរឡាំតាំង WANIMAL ដែលត្រូវបានគេចែកចាយ តៗគ្នា នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ត្រូវបានអាជ្ញាធរអប្សារា ធ្វើការស្រាវ ជ្រាវជំហ៊ានដំបូងរកឃើញថា ជារបស់ក្រុមហ៊ុនមួយមានមូលដ្ឋាននៅក្នុងប្រទេសចិន ។

លោកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរអប្សរា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ខាងអា  ជ្ញាធរអប្សរា បាននិងកំពុងប្រមូលយករូបភាពទាំងអស់នោះ ទៅឲ្យអ្នកបច្ចេកទេសធ្វើការពិនិត្យថា តើជារូបភាព កាត់ត ឬ ជារូបភាព ដែលមកថតដោយផ្ទាល់នៅតាមប្រាសាទក្នុងតំបន់អង្គរ។

លោកស្រី ចៅ ស៊ុនកិរិយា បានបន្តថា ក្រោយពេលរកឃើញការពិតហើយនោះ អាជ្ញាធរ នឹងធ្វើការប្តឹងទៅតាម ច្បាប់មិនលើកលែងឲ្យអ្នកជាន់ឈ្លីតម្លៃវប្បធម៌របស់ខ្មែរឡើយ។

បន្ទាប់ពីការលិចចេញនូវរូបភាពអាសអាភាសបែបនេះ អាជ្ញាធរអប្សរា បាននិងបង្កើនការយកចិត្តទុកដាក់ និង បន្ថែមកម្លាំងការពារ ដើម្បីទប់ស្កាត់នូវសកម្មភាពអាក្រក់ទាំងអស់នេះ។ នេះបើយោងតាមការបញ្ជាក់របស់ លោកស្រី ចៅ ស៊ុនកិរិយា។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ផងដែរថា សកម្មភាពលួចថតបែបនេះ ត្រូវបានអាជ្ញាធរចាប់ និង ឃាត់ខ្លួនជា ច្រើនករណីមកហើយ ហើយករណីបែបនេះ អាជ្ញាធរអប្សរាមិនដែលអនុញ្ញាតនោះទេ តែជនខិលខូចទាំងនោះ  តែងតែមកលួចធ្វើសកម្មភាព និងឆ្លៀតឱកាស ដូចជានៅពេលព្រឹកព្រលឹមជាដើម។

ក្រុមហ៊ុន WANIMAL តែងបានធ្វើសកម្មភាពថតរូបអាក្រាតកាយ នៅតំបន់ប្រវត្តិសាស្រ្តជាសម្បត្តិបេតិកភណ្ឌ ពិភពល្បីៗជាច្រើន នៅលើពិភពលោក ក្នុងបំណងទាញយកភាពល្បីល្បាញ។ ក្រុមហ៊ុនមួយនេះ ក៏ធ្លាប់បានយកស្រ្តី ដែលមានសម្រស់ស្អាតទៅថតរូបអាក្រាតកាយលើមហាកំពែងចិនផងដែរ ។

រូបថតនារីអាក្រាតកាយ របស់ក្រុមហ៊ុន WANIMAL ដែលថតនៅតាមប្រាសាទក្នុងតំបន់អង្គរ ត្រូវបានគេរកឃើញថា បានថតឡើង កាលពីឆ្នាំ២០១៤កន្លងទៅនេះ ។ ក្រៅពីរូបភាពអាក្រាតកាយរបស់ក្រុមហ៊ុន WANIMAL នៅ អំឡុង ឆ្នាំ២០១៣ មានស្រ្តីជនជាតិរុស្ស៊ី ក៏បានមកថតរូបអាក្រាតកាយទាំងស្រុង នៅតំបន់ប្រាសាទអង្គរទៅដាក់ លើទស្សនា វដ្តី Playboy ផងដែរ ហើយទទួលបានការទាក់ទាញខ្លាំង និងដណ្តើមបានជ័យលាភីប្រចាំឆ្នាំថែមទៀតផង ៕

ផ្ដល់សិទ្ធដោយ៖ ដើ​មអម្ពិល


Tags: Social News Cambodia PP