បន្ទាយមានជ័យ: យ៉ាងហោចណាស់មនុស្ស៥នាក់ បានស្លាប់ និងរបួសនៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរ ដ៏សាហាវមួយ នៅលើកំណាត់ផ្លូវជាតិ លេខ៥ ស្ថិតក្នុងភូមិនិមិត្ត១ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅម៉ោង ៣៖៤០នាទី រសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥នេះ។
អ្នកដំណើរម្នាក់បាននិយាយប្រាប់ថានៅ មុនពេលកើតហេតុគាត់បានឃើញរថយន្តពីរគ្រឿង បើកប្រដេញគ្នាយ៉ាងលឿន លុះមកដល់កន្លែង កើតហេតុ រថយន្តកាមរី៩៥ ពណ៌ទឹកប្រាក់ចង្កូតស្តាំ មានស្លាកលេខខាងមុខ ប-ជ2A 0769 បានបុករះ ម៉ូតូបី គ្រឿង បើកបរពីមុខបណ្តាល អោយមនុស្ស និងម៉ូតូខ្ទាត់ចេញ ជិត៥០០ម៉ែត្រ ខ្លះចូល ប្រឡាយ ខ្លះចូលគុម្ពចេករីឯរថយន្ត បង្កធ្លាក់ចូលប្រឡាយចំណែករថយន្តដែលដេញពីក្រោយក៏បើកហួសទៅមុខបាត់ស្រមោល។
អ្នកដំណើររូបនោះ បានបន្តទៀតថា ភ្លាមៗនោះអ្នកបើកបររថយន្តបង្កក៏បានបើកទ្វារ រថយន្តរួចគេចខ្លួនបាត់ទុកតែ អ្នកដំណើរម្នាក់ ចោលនៅកន្លែងកើត ហើយត្រូវបាននគរបាលហៅទៅសួរនាំ។
អ្នកដំណើរ ដែលជិះក្នុងរថយន្តកើតហេតុ បាននិយាយថា រថយន្តរបស់គាត់បានដឹកទូរទស្សន៍ចាស់ ដែលឆ្លងមកពី ប្រទេសថៃយកមកអោយថៅកែក្នុងខេត្ត តែបើកមកតាមផ្លូវក៏ត្រូវរថយន្តគយចល័ត របស់សាខា ដែលដាក់ប៉ុស្តិ៍ នៅផ្លូវ៥០ នោះដេញ ដោយភ័យពេកអ្នកបើកបរ ក៏បានបើករត់ទើបបណ្តាលអោយ មានគ្រោះថ្នាក់ចរាចរណ៍ដូច្នេះ។
នៅកន្លែងកើតហេតុមន្ត្រីនគរបាលចរាចរណ៍ក្រុងបានប្រាប់ថា ជនរងគ្រោះមានចំនួន៥នាក់ ក្នុងនោះមាន ក្មេងប្រុសស្រី២នាក់ អាយុប្រហែលជា៦ទៅ៧ឆ្នាំ ដែលជីតាទើបតែដឹកចេញពីសាលារៀន ឯកជនក្បែរកន្លែង កើតហេតុ។
រហូតមកទល់ពេលនេះពុំទាន់មាន អ្នកស្គាល់ឈ្មោះអ្នករងគ្រោះ នោះទេព្រោះក្រោយកើតហេតុ ភ្លាមៗជនរងគ្រោះ ត្រូវបានដឹកបញ្ជូន មកកាន់មន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ជប៉ុនមង្គលបូរី ហើយជីតាម្នាក់បានស្លាប់តាមផ្លូវ និងបួននាក់ត្រូវ ក្រុមគ្រូពេទ្យសន្និដ្ឋានថានឹងអាចមានវាសនា ដូចលោកតានោះដែរតែអ្នកបើកបរដែលគេចខ្លួនត្រូវ បានគេស្គាល់ថាឈ្មោះ ម៉េងមានទីលំនៅ ក្នុងក្រុងសិរីសោភ័ណ។
បច្ចុប្បន្នម៉ូតូបីគ្រឿងនិងរថយន្តមួយគ្រឿង ដែលរងការខូចខាតធ្ងន់ធ្ងរ ត្រូវបានស្ទួចនាំយក ទៅរក្សាទុកនៅអធិការ ក្រុងប៉ោយប៉ែតរងចាំការដោះស្រាយពេលក្រោយ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល