(ភ្នំពេញ)៖ តារាចម្រៀងប្រុស ម្ចាស់ពាន «Cambodian Idol» រដូវកាលទី១ លោក នី រតនា ត្រូវបានគេស្គាល់ជាទូទៅថា បច្ចុប្បន្នលោកជាតារាចម្រៀង ក្នុងផលិតកម្មហង្សមាស និងកំពុងមានភាពល្បីល្បាញខ្លាំង ក្នុងអាជីពចម្រៀង ខណៈកាន់តែមមាញឹកខ្លាំង ដោយត្រូវចេញច្រៀងតាមបណ្ដាខេត្ត ញឹកញាប់ ពោល គឺស្ទើរតែរាល់ថ្ងៃ។ អ្វីដែលជាការកត់សម្គាល់នោះ គឺនៅពេលថ្មីៗនេះ សម្រាប់តារាចម្រៀង នី រតនា ត្រូវបានអ្នកសិល្បៈរៀមច្បងទម្លាយថា ចូលចិត្តធ្វើចរិតតួឯក ដែលជាកាយវិការមួយ ពុំគប្បីនោះឡើយ។
តារាចម្រៀង នី រតនា មិនធ្លាប់មានរឿងអាស្រូវ ស្នេហាណាមួយឡើយ និយាយរួមធ្លាប់តែឮពាក្យសរសើរ ពីសំណាក់តារារៀមច្បងថា មានអត្តចរិតល្អ គោរពរចាស់ទុំ ពិសេសលោកតែងតែដាក់ខ្លួនឲ្យទាប។ ប៉ុន្តែអ្វីៗមិនដូចមុនឡើយ ប្រភពពីតារាចម្រៀងរៀមច្បងមួយចំនួន ក្នុងផលិតកម្មបាននិយាយថា នី រតនា មិនដូចមុនទេ លោកហាក់មានអំនួតលើខ្លួនឯង ហើយលេងចរិតតួឯក។
ប្រភពដដែលបាននិយាយថា នី រតនា លើកដៃជម្រាបសួរ តារាចម្រៀងរៀមច្បង និងទន់ភ្លន់តែពីដំបូងៗប៉ុណ្ណោះ យូរៗទាល់តែហៅមុនទើបលោក ហៅរកវិញ បើមិនហៅ គឺមិនតបដាច់ខាត។ ពេលខ្លះ សូម្បីតែហៅមុនក៏ដោយ ក៏លោកមិនតបវិញដែរ។ ពិសេសបើនៅក្នុងចំណោម តារារៀមច្បង ទាល់តែនិយាយដល់រឿងលោក ទើបលោកនិយាយចូល បើមិនអ៉ីចឹង លោកមិននិយាយចូលដាច់ខាត ដែលមើលទៅមិនសូវសមទំនងទេ ព្រោះលោកជាក្មេងស្រករក្រោយ មិនគួរប្រកាន់អត្តចរិត បែបហ្នឹងនោះទេ។ ម្យ៉ាងលោកទើបតែប្រឡូក្នុងវិស័យនេះ គួរតែប្រកាន់យកអត្តចរិតសុភាពរាបសាររម្យទម ដើម្បីឈរជើងក្នុងវិស័យនេះ បានយូរអង្វែង ព្រោះភាពអំនួតក្នុងវិស័យនេះ ធ្វើឲ្យតារាមួយចំនួនបានលិចទៅវិញ យ៉ាងងាយស្រួលបំផុត។
ក្រៅពីអត្តចរិតឆ្មើងឆ្មៃ លោក នី រតនា មានបញ្ហារឿងតំលៃខ្លួន និងមិនសូវយោគយល់អ្នកណាម្នាក់ឡើយ។ ប្រភពពីអ្នករៀបចំកម្មវិធីម្នាក់ បាននិយាយប្រាប់ Khmertalking ថា លោក នី រតនា បានដាក់ក្រិតក្រមយ៉ាងដាច់អហង្កាថា តំលៃខ្លួនរបស់លោក គឺ៩០០ដុល្លារ សម្រាប់ការច្រៀងក្នុងកម្មវិធីមង្គលការមួយ ហើយច្រៀងតែ៦បទ គឺចប់ មិនអាចច្រៀងលើសពីហ្នឹងបានទេ ហើយបើតម្លៃត្រឹមតែ៧៩៩ដុល្លារ ក៏លោកមិនអាចចេញច្រៀងបានដែរ ព្រោះលោកជាម្ចាស់ពានកម្មវិធី លំដាប់ពិភពលោក ហើយមានផលិតកម្មត្រឹមត្រូវ មិនមែនអ្នកចម្រៀងប្រឡងដូចមុនទៀតឡើយ។
លោក នី រតនា មិនអាចសុំការបំភ្លឺបានទេ ជុំវិញការលើកឡើងនេះ ប៉ុន្តែអ្វីដែលសំខាន់ ប្រសិនបើលោកមានអត្តចរិតដូចអ្វីដែលអ្នកសិល្បៈរៀមច្បង បាននិយាយមែន មិនយូរទេ លោកពិតជាអាចរសាត់ចេញពីសង្វៀនសិល្បៈ ព្រោះគ្មានអ្នកណាហ៊ានហៅលោកធ្វើការ ជាមួយនោះទេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង