CamNews

ព័ត៌មានជាតិ 

ក្រសួងអប់រំ ពិន័យគ្រូ ដែលដាក់ទណ្ឌកម្ម ឱ្យសិស្សប្រុស សម្រាតសិស្សស្រី ក្នុងថ្នាក់រៀននៅស្វាយរៀង

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា បានសម្រេចពិន័យ តាមច្បាប់របស់ខ្លួន ចំពោះគ្រូបង្រៀនឈ្មោះ ដួង សា នេត ដែលបានដាក់ទណ្ឌកម្មឱ្យសិស្សបុ្រស ស្រាតសំពត់ និងខោទ្រនាប់សិស្សស្រី ក្នុងថ្នាក់រៀន នៅខេត្តស្វាយ រៀង ដោយគ្រាន់តែឈប់ឱ្យបង្រៀន ហើយផ្លាស់ឱ្យទៅធ្វើការនៅក្នុងការិយាល័យអប់រំស្រុក ខណៈដែលតុលាការ កំពុងកោះហៅគ្រូបង្រៀនរូបនេះ ឱ្យទទួលខុសត្រូវចំពោះរឿងព្រហ្មទណ្ឌ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ដែលធ្វើឡើងកាលពី១៤ ខែតុលា ឆ្នាំ២០១៥ បានឲ្យដឹងថា  ការផាកពិន័យនេះ មាន ៣ដំណាក់កាលរួមមាន៖ ធ្វើការស្តីបន្ទោសជាលាយលក្ខណ៍អក្សរ ផ្លាស់ប្តូរមិនឱ្យបង្រៀន សិស្សដោយឱ្យទៅបំពេញការងារ នៅការិយាល័យអប់រំ យុវជន និងកីឡា នៅស្រុករំដួល និងដកភារកិច្ចឱ្យបំពេញ ការងាររដ្ឋបាលតូចតាចប៉ុណ្ណោះ។

សូមបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០១៥ ក្មេងស្រីសិស្សសាលាម្នាក់ ដែលមានអាយុ ១១ឆ្នាំ រៀននៅថ្នាក់ទី២  នៅសាលាបឋមសិក្សា ហ៊ុន សែន វត្តថ្មី ត្រូវគ្រូបង្រៀនឈ្មោះ ដួង សានេត ដាក់ពិន័យ ឱ្យឡើងឈរលើកៅអីគ្រូ  បន្ទាប់មកអោយសិស្សប្រុសសម្រាតសំពត់ និងខោទ្រនាប់របស់នាង បន្ទាប់​ពីកុមារីរូបនេះ មិនចេះអានមេរៀន។  ក្រោយមកអាណាព្យាបាលក្មេងស្រី បានសម្រេចប្តឹងទៅតុលាការ​ ចំពោះការដាក់ទណ្ឌកម្មលើកូនរបស់គាត់ ។

ទោះជាយ៉ាងនេះក្តី សាលាដំបូងខេត្តស្វាយរៀង បានចេញដីកាកោះហៅគ្រូបង្រៀន ដួង សានេត ដែលដាក់ទណ្ឌ  កម្មកុមារីម្នាក់នេះ ឱ្យចូលបំភ្លឺនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP