ភ្នំពេញ៖ Facebook របស់នាយករដ្ឋមន្រ្តីកម្ពុជា កំពុងទាញការចាប់អារម្មណ៌ជាច្រើនពីមហាជន តាមរយៈការបង្ហោះនូវព័ត៌មាន និងរូបភាពប្លែកៗ រួមទាំងរូបថតអនុស្សាវរីយ៍ផ្អែមល្ហែម (ភក្តីស្នេហ៌) របស់សម្តេច និងជំទាវទីមួយផងដែរ។
បើសិនជាយើងចូលទៅមើល Facebook Page (ទំព័រ) របស់នាយករដ្ឋមន្រ្តី (Samdech Hun Sen, Cambodian Prime Minister) នោះយើងនឹងឃើញភ្លាមថា នាយករដ្ឋមន្រ្តីចង់ផ្ញើសារអ្វីខ្លះដល់មហាជនទូទៅ ក្រៅពីសុន្ទរកថា ឬ សង្កថារបស់លោកទៅកាន់វេទិកាសាធារណៈនានា ទាំងនៅក្នុង និងនៅក្រៅប្រទេស។
រឿងដែលគួរឲ្យចាប់អារម្មណ៍នោះត្រង់ថា សាររបស់នាយករដ្ឋមន្រ្តីនៅលើ Facebook ភាគច្រើនលោកបានផ្តោតទៅលើការអភិវឌ្ឍន៍ប្រទេស រំលេចពីសារៈសំខាន់នៃសន្តិភាព រូបភាពដ៏ប្រណីតៗថតពីលើអាកាស ស្តីពីតំបន់ទេសចរណ៍ ស្តីពីវិស័យកីឡា និងពីវិស័យអប់រំជាដើម។
ទាក់ទងនឹងវិស័យអប់រំនេះ សម្តេច ហ៊ុន សែន បានចាប់អារម្មណ៍ទៅនឹងការបង្កើតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដោយសង្ឃឹមថា សាកលវិទ្យាល័យមួយនេះ នឹងជួយដល់ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ឲ្យទទួលបានចំណេះដឹងនិងបទពិសោធន៍ ប្រកបដោយសមត្ថភាពខ្ពស់ ។
«យើងសង្ឃឹមថា សហប្រតិបត្តិការរវាងសាកលវិទ្យាល័យ AUPP ជាមួយសាកលវិទ្យាល័យសហរដ្ឋអាមេរិក គឺនឹងបង្កើននូវជំនឿទុកចិត្ត និងពង្រឹងកម្រិតគុណភាពសិក្សាឲ្យកាន់តែខ្ពស់ដល់និស្សិតកម្ពុជា» នេះជាការចាប់អារម្មណ៍របស់ សម្តេចតេជោ នៅលើ Facebook ។
សាររបស់សម្តេច ហ៊ុន សែន អំពី AUPP ត្រូវបានរំលេចចេញ ចំពេលដែលសាកលវិទ្យាល័យខ្នាតអន្តរជាតិមួយនេះ ត្រៀមបើកការដ្ឋានសាងសង់អគារថ្មី ទំនើប និងធំជាងគេនៅកម្ពុជានៅថ្ងៃ២៩ ខែសីហា សបា្តហ៍ក្រោយនេះ ។
លោក សាស្រ្តាចារ្យបណ្ឌិត ជេម វេស (James West) សាកលវិទ្យាធិការរងផ្នែកអប់រំ និងកិច្ចការនិស្សិតរបស់ AUPP និងជាសាកលវិទ្យាធិការស្តីទី ក្នុងខណៈដែលលោកស្រីបណ្ឌិត ស្ហារ៉ុន ស៊ីវើតស៍ ជាសាកលវិទ្យាធិការ ស្ថិតនៅក្រៅប្រទេស បាននិយាយថា លោកពិតជាសប្បាយរីករាយ និងកោតសរសើរដល់សម្តេច ហ៊ុន សែន ដែលលោកបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ ហើយតាមរយៈការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា AUPP រឹតតែពង្រឹងនូវគុណភាពអប់រំរបស់ខ្លួន ដើម្បីធានាដល់ការបណ្តុះបណ្តាលយុវជនខ្មែរ ឲ្យមានសមត្ថភាពខ្ពស់ដើម្បីជួយអភិវឌ្ឍប្រទេស ។
ជាមួយគ្នានេះដែរ លោក បណ្ឌិត James West ក៏បានថ្លែងអំណរគុណដល់សម្តេច ហ៊ុន សែន ដែលបានស្វាគមន៍ និងអបអរសាទរដល់ការកសាងអគារថ្មីទំនើប របស់សាកលវិទ្យាល័យ AUPP ដែលជាសាកលវិទ្យាល័យលំដាប់អន្តរជាតិទីមួយនៅកម្ពុជា និងសូមឲ្យសម្តេចមេត្តាបន្តការគាំទ្រតទៅទៀត៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល