CamNews

ព័ត៌មានជាតិ 

សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​យុវជនម្នាក់ បង្ហោះ​អំពាវនាវ​ធ្វើប​ដិវត្តន៍​ពណ៌​លើFacebook

ភ្នំពេញ៖ មន្រ្តីសាលាដំបូងរាជធានីភ្នំពេញមួយរូប បានថ្លែងប្រាប់ឲ្យដឹងថា យុវជនម្នាក់នៅក្នុងសមាគមយុវជនខ្មែរអង្គរ ដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនមកដល់តុលាការ, ហើយចៅក្រមសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃសហើយ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥នេះ។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនម្នាក់នៅក្នុងសមាគមយុវជនខ្មែរអង្គរ ដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលរូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នៅសកលវិទ្យាល័យខេមរៈ ស្ថិតនៅក្នុងខណ្ឌសែនសុខ ជាប់ពាក់ព័ន្ធក្នុងការប្រកាសធ្វើបដិវត្តន៍ពណ៌ នៅលើបណ្តាញទំនាក់ទំនង Facebook ហើយពេលនេះរូបគេត្រូវបាន សម្រេចឃុំខ្លួនបណ្តោះអាសន្ន ដោយសាលាដំបូងរាជធានីភ្នំពេញ។

យុវជនដែលត្រូវចាប់ខ្លួនមានឈ្មោះ គង់ រ៉ៃយ៉ា (ឈ្មោះដើម) រហស្សនាមនៅក្នុងហ្វេសប៊ុក soriya koko ត្រូវបានសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។ បន្ទាប់ពីការសាកសួរ រួចយុវជនរូបនេះត្រូវបានព្រះរាជអាជ្ញា ចោទប្រកាន់តាមមាត្រា ៤៩៤ និង ៤៩៥ ពី បទញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីយុវជនរូបនោះ បានសរសេរបង្ហោះនៅក្នុង Facebook ដែលមានគណនីឈ្មោះ soriya koko ថា «តើមានអ្នកណាហ៊ានធ្វើបដិវត្តន៍ពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ»។

សមត្ថកិច្ចបាននិយាយថា ពិតជាគួរឲ្យសោកស្ដាយណាស់ដែលខ្លួន នៅក្មេងមិនគិតខិតខំរៀនសូត្រ យកចំណេះដឹងមកបំរើជាតិ បែរជាដាក់ខ្លួន មកធ្វើជាឈ្នាន់បំរើអ្នកនយោបាយទៅវិញ ទីបំផុតជាប់គុកឥតប្រយោជន៍៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP