គ្មាននរណា ចង់រស់ក្នុងជីវិតក្រលំបាក និងកំព្រាឪពុក ឬម្ដាយនោះទេ ប៉ុន្ដែបុណ្យវាសនារបស់មនុស្ស មិនដូចគ្នានោះទេដោយមានអ្នកខ្លះកើតមក ក្នុងគ្រួសារស្ដុកស្ដុមដោយទ្រព្យសម្បត្ដិ និងមានឪពុកម្ដាយរស់នៅជុំគ្នា ឯរូបសម្រស់វិញក៏ស្រស់ស្អាតថែមទៀតក៏មាន។ ចំណែកជីវិតមនុស្សខ្លះ កើតមក គ្មានបុណ្យវាសនាពីអតីតជាតិ ក៏កើតក្នុងត្រកូលក្រីក្រតោកយ៉ាក ឬក៏មានសម្រស់មិនសូវស្អាតទៅទៀត ប៉ុន្ដែយើង គ្មានអ្វីត្រូវទោម្នេញនោះ ទេ ព្រោះវាជាច្បាប់របស់ធម្មជាតិ ។
តែក្ដីអាណិតអាសូរ នៅក្នុងចិត្ដសន្ដានរបស់មនុស្សជាតិ តែងតែមានជានិច្ច ចំពោះមនុស្ស ដែលលំបាកវេទនាជាងខ្លួន។ ជាក់ស្ដែង បេក្ខនារីក្នុងកម្មវិធីប្រកួតប្រជែងអន្ដរជាតិ X-factor Cambodia គឺនាង លៀង ចាន់ឡា បានធ្វើឱ្យទស្សនិកជនខ្លោចចិត្ដអាណិតនាង ក្រោយពីដឹងថា នាងជាកូនកំព្រាឪពុក រស់នៅក្នុងជីវភាពក្រលំបាកជាមួយម្ដាយ និងខំសន្សំប្រាក់ដើម្បីបានមកប្រកួតប្រជែង ដោយទឹកចិត្ដស្រឡាញ់សិល្បៈ ម្យ៉ាងក្នុងក្ដីសង្ឃឹមថា នឹងបានជ័យលាភីគ្រាន់ទ្រទ្រង់គ្រួសារ ។
ក្រោយពីដឹងថានាង មានជីវភាពខ្វះខាត រីឯរូបសម្រស់មិនសូវស្អាត ទើបធ្វើឲ្យបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនស៊ែរចែករំលែក រហូតដល់មានសប្បុរជននាំគ្នាប្រកាសជួយដល់ប្អូនស្រីជាច្រើនផងដែល ដែលភាគច្រើនគឺប្រកាសជួយ ជាសំលៀកបំពាក់ រឿងតុបតែងខ្លូនឲ្យស្អាត ។
ជាក់ស្ដែង កាលពីម្សិលមិញនេះ ក្រោយពីមានការប្រកាសស្វែងរកប្អួនស្រី លៀង ចាន់ឡា ដើម្បីផ្ដល់សេវាកែសម្ផស្សជូនដល់ប្អូននោះ នាងក៏មិនបង្អង់យូរ ក្នុងការមកទទួលសេវាកម្មភ្លាមៗតែម្ដង។
ក្រោយពីប្អូនស្រី លៀង ចាន់ឡា បានទទួលសេវាកម្មរួចមក នាង ហាក់បីដូចជាមនុស្ស ២ នាក់ផ្សេងគ្នាអញ្ចឹង ពោលគឺស្អាតប្លែកមើលមិនចង់ស្គាល់ថាជារូបនាងឡើយ៕ បើផ្អែកទៅតាមការបង្ហោះរបស់ម្ចាស់ហាងរូបស្រស់សោភា បានឲ្យដឹងថា ខ្លួន នឹងធ្វើការចាក់ច្រមុះ មាត់ ចង្កា ប៉ាក់ចិញ្ចើម ជូនដល់ប្អូនស្រី ដោយមិនយកប្រាក់នោះទេ៕
អត្ថបទ៖ ចំរើន