CamNews

ព័ត៌មានជាតិ 

ក្រុមចោរ និងអភិបាល ស្រុកស្នួល ផ្ទះអាវុធដាក់គ្នា ជិត១០គ្រាប់ ក្រោយចោរលួច សំងំក្នុងផ្ទះ អ្នកលក់មាស

ក្រចេះ៖ ជនសង្ស័យ២នាក់ ប្រដាប់ដោយកាំភ្លើងខ្លី មួយដើម និងអភិបាលស្រុកស្នួល លោក គង់ គឹមនី បានផ្ទុះអាវុធ ដាក់គ្នា ជិត១០គ្រាប់ នៅមុននេះបន្តិច នាយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះ ខណ:​ដែល ជនសង្ស័យ បានចូលទៅសម្ងំក្នុង ផ្ទះជនរងគ្រោះ រកស៊ីលក់មាស ដូរលុយ និងដាក់បញ្ចាំ ប៉ង​លួច​ទ្រព្យសម្បត្តិ ក្នុងផ្សារស្នួល ស្ថិតនៅភូមិរោងចក្រ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

លោក គង់ គឹមនី អភិបាលស្រុកស្នួល បានប្រាប់អង្គភាព Fresh News មុននេះបន្តិចថា ខណ:ដែលលោក កំពុងអង្គុយហូបស៊ុប នៅក្នុងហាង មុខផ្ទះជនរងគ្រោះ ពេលនោះស្រាប់តែបុរសជាប្តីបានរត់ចេញមកក្រៅ ដោយស្រែកថា ចោរៗ ហើយក្រុមចោរបានបាញ់មួយគ្រាប់ ជាការគំរាម ឭដូច្នោះលោកបានបាញ់ ចំនួន២គ្រាប់ឡើងលើជាការគំរាមវិញ តែពួកគេមិនព្រមចេញនោះឡើយ។

លោកបានបន្តទៀតថា ក្រោយបាញ់២គ្រាប់ មិនព្រមចេញ ទើបលោកបាញ់ ៤គ្រាប់ទៀត ទើបក្រុមចោរ បានឆក់យក កន្ត្រកមួយលោតចេញទៅ តែក្នុងកន្រ្តកនោះ គឺមានតែប្លង់ដី ដែលគេដាក់បញ្ចាំតែប៉ុណ្ណោះ គ្មានទ្រព្យធំដុំអីទេ។

បើតាមលោក គង់ គឹមនី រៀបរាប់ថា មុនពេលកើតហេតុ ខណ:ជនរងគ្រោះបើកទ្វារចូលផ្ទះ ស្រាប់តែ ជនសង្ស័យទាំង២នាក់ បានសម្ងំ នៅក្នុងផ្ទះបាត់ទៅហើយ ប៉ុន្តែពិតជាសំណាងណាស់ ដែលក្រុម ចោរមិនបានបាញ់ត្រូវ ពោលគឺបានវាយនិងដែក តែមិនរងរបួសធ្ងន់ធ្ងរនោះទេ។

ស្នងការនគរបាល ខេត្តក្រចេះ ឧត្តមសេនីយ៌ លន់ សុផាត បានបញ្ជាក់ថា ខណ:ជនសង្ស័យ កំពុងធ្វើសកម្មភាពនោះ ក៏បង្កការភ្ញាក់ផ្អើល ហើយកម្លាំងនគរបាលរបស់ឈរ ជើងនៅក្បែរនោះ បានចេញជួយអន្តរាគមន៏ភ្លាមៗ។

បច្ចុប្បន្នកម្លាំងនគរបាល និងអាវុធហត្ថជាច្រើននាក់ បាននិងកំពុងតាមចាប់ក្រុមចោរទាំងនេះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Krate