CamNews

ព័ត៌មានជាតិ 

ត្រៀមបញ្ជូន ឪពុកម្ដាយ ឧកញ៉ា ថោង សារ៉ាត់ ទៅតុលាការពីបទរារាំង ដំណើរការស៊ើបអង្កេត និង រក្សាទុកអាវុធ

-ឧកញ៉ាថោង សារ៉ាត់ នៅកម្ពុជានៅ ឡើយទេ

ភ្នំពេញ ៖ ក្រៅពីអង្គរក្ស ៤នាក់ ដែលជា ជនដៃដល់ និងអ្នកសមគំនិត នៃការបាញ់ សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ ហើយត្រូវ បានចាប់ខ្លួន ជាបន្ដបន្ទាប់នោះ ឪពុកម្ដាយ ទាំងពីរនាក់ របស់ឧកញ៉ាថោង សារ៉ាត់ ដែលជាឈ្មួញ មានរឿងរ៉ាវខ្មៅ ងងឹត ជាច្រើននោះ នឹងត្រូវ នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ កសាង សំណុំរឿង និងបញ្ជូនទៅកាន់តុលាការផងដែរ ដោយ ពាក់ព័ន្ធទៅនឹងបទល្មើសចំនួនពីរ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ មួយរូបបានថ្លែងថា លោកតាំង សុខ ហៅ ថោង ចំរើន ជាឪពុកនិងម្ដាយ កែវ សារី មន្ដ្រីយោធាពាក់ស័ក្ដិ៤កន្លះ នៅក្រសួងការពារជាតិ ជាម្ដាយនោះ ត្រូវបានសមត្ថកិច្ចធ្វើការចោទ ប្រកាន់ពីរបទ ល្មើស ទី១ ពីបទរារាំងប្រតិបត្ដិការ និងដំណើរការស៊ើបអង្កេតរបស់សមត្ថកិច្ច នៅក្នុងករណីឃាតកម្មនេះ និងបទល្មើស មួយទៀត គឺលួចរក្សាទុកអាវុធខុសច្បាប់ ពីព្រោះក្រោយពីការ ចុះឆែកឆេររបស់សមត្ថកិច្ចនៅផ្ទះ របស់ ពួកគេ កាលពីយប់មិញ ក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ កាំភ្លើងខ្លីចំនួន៦ដើម ត្រូវបានរកឃើញ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤នេះថា “ពួកគេទាំងពីរនាក់ (ឪពុកម្ដាយឧកញ៉ាថោង សារ៉ាត់) ស្ថិតក្រោម ការសាកសួរ និងត្រៀម បញ្ជូនទៅកាន់តុលាការ ដើម្បីធ្វើការចោទប្រកាន់និងផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

បទល្មើសទី១ ខណៈដែលសមត្ថកិច្ចជំនាញ កំពុងបង្កើននិងជំរុញលើការងារស៊ើបអង្កេតតាមចាប់មេខ្លោង និងបក្ខពួក នៃការបាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺនោះ ស្រាប់តែបុគ្គលទាំងពីរនាក់នេះ ចេញមុខមកធ្វើ សន្និសីទកាសែត ដោយទុក ឱកាសឱ្យកូនប្រុសរបស់ខ្លួនរត់គេចខ្លួន ដូច្នេះវាជាការរំខាននិងរារាំងពីដំណើរ ការប្រតិបត្ដិការរបស់សមត្ថកិច្ច ហើយបទ ល្មើសទី២ គឺពួកគេទាំងពីរនាក់ បានលួចលាក់អាវុធខុសច្បាប់ ក្រោយពីកាំភ្លើងខ្លី៦ដើម ត្រូវបានរកឃើញ នៅក្នុងផ្ទះរបស់ពួកគេនោះ” ។

ដោយឡែកការលើកឡើងនិងរិះគន់ផ្សេងៗជាពិសេសនៅលើបណ្ដាញទំនាក់ទំនងហ្វេសប៊ុក ដោយចោទ សមត្ថកិច្ចថា ចាប់ខ្លួន ឧកញ៉ាថោង សារ៉ាត់ និងអង្គរក្សរួចហើយ ដោះលែងឱ្យត្រឡប់ទៅវិញ ទើបមេខ្លោង រូប នេះមានឱកាស រត់គេចខ្លួននោះ ត្រូវបានមន្ដ្រី សមត្ថកិច្ចផ្លូវច្បាប់មួយរូប បានចេញ មុខបកស្រាយថា នៅក្នុងប្រតិបត្ដិការឃាត់ខ្លួន អង្គរក្សរបស់ជននេះ គឺរូបគេ បានទៅធ្វើការសួរនាំពីមូលហេតុនៃ ការឃាត់ ខ្លួនអង្គរក្សនៅស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ពោលពេលនោះសមត្ថកិច្ច ពុំបានឃាត់ខ្លួន ឧកញ៉ាថោង សារ៉ាត់នោះឡើយ ។

សមត្ថកិច្ចរូបនេះ បានពន្យល់ទៀតថា ក្រោយពីមិនទាន់រកឃើញបទល្មើសនិងមាន ការចោទប្រកាន់ ជាផ្លូវការ ពីមន្ដ្រីតុលាការ នោះ ហើយស្ថិតក្នុងដំណើរការស៊ើបអង្កេត សមត្ថកិច្ចអាចធ្វើការសួរនាំជននេះ រួចហើយអនុញ្ញាត ឱ្យត្រឡប់ទៅវិញ ។

ក្នុងករណីនេះ បើសមត្ថកិច្ចមានសាក្សីគ្រប់ គ្រាន់ ភស្ដុតាងអាច បញ្ជាក់ថា ឧកញ៉ា ថោង សារ៉ាត់ ជាប់ពាក់ព័ន្ធនិង ជាមេខ្លោងនៃអំពើឃាតកម្មនេះ គឺសមត្ថកិច្ចសុំដីកាពី តុលាការ ដើម្បីចាប់ខ្លួន រូបគេត្រឡប់មកវិញ ។

នៅក្នុងប្រតិបត្ដិការឡោមព័ទ្ធផ្ទះរបស់ ឧកញ៉ាថោង សារ៉ាត់ នៅសង្កាត់ចាក់អង្រែ ក្រោមខណ្ឌមានជ័យ ដែលដឹកនាំ បញ្ជាតាម ផ្លូវច្បាប់ ពីសំណាក់ព្រះរាជអាជ្ញារង សៀង សុខ និងបញ្ជាកម្លាំងពីសំណាក់ លោកឧត្ដម សេនីយ៍ ជួន ណារិន្ទ ស្នងការរងនគរបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំនគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ពីវេលាម៉ោង ប្រមាណ៧យប់ រហូតដល់ម៉ោង១២នោះ សមត្ថកិច្ចបាន សម្រេចឃាត់ខ្លួនឪពុកម្ដាយទាំងពីរនាក់របស់ឧកញ៉ាថោង សារ៉ាត់ និងដក ហូតកាំភ្លើងខ្លីចំនួន៦ដើមផងដែរ ខណៈដែលមេខ្លោងជាឧកញ៉ារូបនេះ បានរត់គេចខ្លួនបាត់ ។

យ៉ាងណាក៏ដោយ បើទោះបីមានប្រភពព័ត៌មានខ្លះ អះអាងថា មេក្លោងរូបនេះ បានចាកចេញទៅក្រៅប្រទេស ដោយ សំដៅប្រទេសវៀតណាមនោះ មន្ដ្រីនគរបាលជាន់ខ្ពស់នៃរាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃដដែលនេះថា ឧកញ៉ា ថោង សារ៉ាត់ កំពុងតែលាក់ខ្លួននៅកម្ពុជា នៅឡើយ ខណៈដែលកម្លាំងសមត្ថកិច្ចគ្រប់ ជាន់ថ្នាក់ បាននឹងកំពុង បន្ដស្វះស្វែងរក ។

លោកឧត្តមសេនីយ៍ ជូន ណារិន្ទ បានបន្តថា ជនសង្ស័យទាំង៤នាក់នោះ រួមមាន៖ ១. ឈ្មោះ សៀវ វាសនា ជា ជនដៃដល់ បាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ, ២. ឈ្មោះ លី សៅ ជនជាតិវៀតណាម ជាអ្នកឌុបជនដៃដល់, ៣.  ឈ្មោះ មាស សម្បត្តិ ជាអ្នកជិះម៉ូតូបិទគូថ និងទី៤. ឈ្មោះ កូយ ចាន់ថុល ជាអ្នកជិះម៉ូតូជាមួយ មាស សម្បត្តិ  និងពិនិត្យមើលថា ឧកញ៉ា អ៊ឹង ម៉េងជឺ ស្លាប់ហើយឬនៅ?

អ្វីដែលធ្វើឱ្យមជ្ឈដ្ឋានទូទៅកំពុងទន្ទឹងរង់ចាំចង់ដឹងចង់ឮនៃសំណុំរឿងឃាតកម្មដ៏ធំ នាចុងឆ្នាំ២០១៤នេះ គឺមូល ហេតុអ្វីទៅ ដែលធ្វើឧកញ៉ាថោង សារ៉ាត់ ជាមេខ្លោង បាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ យ៉ាងដូច្នេះ។ ត្រង់ចំណុចនេះ លោកឧត្ដមសេនីយ៍ជួន ណារិន្ទ បានបញ្ជាក់ថា ទាល់តែតាមចាប់ខ្លួន ឧកញ៉ាថោង សារ៉ាត់មកសួរនាំ ទើបដឹងពីមូលហេតុពិត ខណៈដែលក្រុមអង្គរក្សទាំងនោះ ពួកគេឆ្លើយមិនដឹងនោះឡើយ ។

សូមបញ្ជាក់ថា ក្រោយពីមានករណីឃាតកម្មបាញ់សម្លាប់លើឧកញ៉ាអ៊ឹង ម៉េងជឺ មុខហាងលក់ផ្លែឈើ  ជិតស្ដាត អូរឡាំ ពិក កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលធ្វើឱ្យផ្ទុះការចាប់ អារម្មណ៍យ៉ាងខ្លាំង ទាំងក្នុងនិងក្រៅប្រទេស តាមរយៈបណ្ដាញសារព័ត៌មាន ជាពិសេស ប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកនោះ ព្រោះតែវីដេអូនៃការសម្លាប់ ត្រូវបានបែក ធ្លាយ អគ្គស្នងការនគរបាលជាតិ នាយឧត្ដម សេនីយ៍នេត សាវឿន បានបញ្ជាឱ្យនគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកម៉ក់ ជីតូ នគរបាលនាយក ដ្ឋានសន្ដិសុខផ្ទៃក្នុងដឹកនាំដោយលោកឆៃ ស៊ីណារិទ្ធ និងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្ដមសេនីយ៍ ស្នងការជួន សុវណ្ណ និងស្នងការរងជួន ណារិន្ទ អមដោយតំណាងអយ្យការផងនោះ បានធ្វើឱ្យវាំងននខ្មៅ នៃអំពើឃាតកម្មមួយ នេះ បានបើកកាលពីល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១៤ ពោលត្រឹមរយៈពេល១១ថ្ងៃប៉ុណ្ណោះ ។

យ៉ាងនេះសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ នៅក្នុង ប្រតិបត្ដិការស៊ើបអង្កេតអំពើឃាតកម្មខាងលើ មិនទាន់បញ្ចប់ការងារ របស់ខ្លួន នៅឡើយ ទេ ពោលនៅបន្ដស្វះស្វែងរកគ្រប់ច្រកល្ហក តាមចាប់ឧកញ៉ាថោង សារ៉ាត់ ម្ចាស់បុរី និង ក្រុមហ៊ុនសាច់ប៉ាតេ ៩៩៩ ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP