(ភ្នំពេញ)៖ គណៈបញ្ជារការឯភាព ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលរងខណ្ឌ ឃឹម ស៊ុនសូដា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ បានចុះបិទហាងខារ៉ាអូខេយីហោ «សំនៀងត្រជាក់ចិត្ត» មានទីតាំងស្ថិតនៅ ក្បែរសាលាសង្កាត់ចោមចៅ ក្រោយពីមានសកម្មភាព វាយតប់គ្នាយ៉ាងអាណាធិបតេយ្យរវាងក្រុមភ្ញៀវ និងម្ចាស់ហាង រួចមក។
លោក ឃឹម សុនសូដា បានឲ្យដឹងថា ការផ្អាកជាបណ្តោះអាសន្ននេះ ដោយសារមានជម្លោះគ្នា រវាងភ្ញៀវ និងម្ចាស់ហាង នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦។
លោកអភិបាលរងខណ្ឌ បានបញ្ជាក់ថា អាជ្ញាធរខណ្ឌបានទទួលពាក្យបណ្តឹងពីជនរងគ្រោះដែលថា ម្ចាស់ហាងខារ៉ាអូខេមួយនេះ បានប្រើអំពើហិង្សាលើខ្លួន។ សម្រាប់ម្ចាស់ហាងវិញបានចោទថា ភ្ញៀវបោកក្បាលមេក្រូហ្វូនឲ្យខូចពីរគ្រឿង និងបានទារសំណង១៥០ដុល្លារ។ អាជ្ញាធរបានឲ្យដឹងថា នៅពេលដែលសងលុយឲ្យហើយ ខាងភ្ញៀវបានសុំយកក្បាលមេក្រូនោះ រហូតមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ហើយឈានទៅដល់ការផ្ទុះហិង្សាតែម្តង៕





ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី