ភ្នំពេញ៖ លោកស្រី កែវ ម៉ាលី សមាជិកព្រឹទ្ធសភា នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ នេះ បានធ្វើការបកស្រាយចំពោះការរិះគន់ និងចោទប្រកាន់ ដោយមិនត្រឹមត្រូវមួយ ទៅលើរូបថត ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ក្នុងពិធីបុណ្យតាមបែបពុទ្ធសាសនាមួយ ដែលឲ្យព្រះសង្ឃគង់ទាបជាង ឯអ្នកផ្តើមបុណ្យ និងភ្ញៀវអង្គុយលើកៅអីខ្ពស់ជាង។
លោកស្រី កែវ ម៉ាលី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ នេះថា ក្នុងពិធីបុណ្យដែលបានរៀបចំនៅគេហដ្ឋានរបស់លោកស្រី គឺធ្វើទៅតាមបែបបទព្រះពុទ្ធសាសនាត្រឹមត្រូវ ឯលោកស្រីផ្ទាល់ ដែលបច្ចុប្បន្ននេះ មានវ័យជាង៥០ឆ្នាំប្លាយទៅហើយនោះ ក៏ជាអ្នកសុំសិល៍ម្នាក់ផងដែរ។
លោកស្រី បញ្ជាក់ថា ប៉ុន្មានថ្ងៃមុននេះ មានមនុស្សមួយចំនួន បានធ្វើការវាយប្រហារ រិះគន់លោកស្រីក៏ដូចជាលោកឧត្តមសេនីយ សៀក សុជាតិ ថាមិនបានគោរពព្រះពុទ្ធសាសនា អង្គុយខ្ពស់ជាងព្រះសង្ឃក្នុងពិធី ប៉ុន្តែការចោទប្រកាន់របស់មនុស្សមួយចំនួនតូច នេះជាការមិនពិត ក្នុងពិធីដែលរៀបចំក្នុងគេហដ្ឋានរបស់លោកស្រីនោះ ព្រះសង្ឃគង់នោះមានកម្ពស់ពីដី កន្លះម៉ែត្រ ហើយនៅលើអសនៈនោះ មានក្រាលព្រុំ រួមនិងខ្នើយបន្ថែមទៀត ឯឧបាកសក ឧបាសិកា ដែលអង្គុយលើកកៅអីនោះមានចំងាយប្រហែលកន្លះមែត្រពីអសនៈ។
លោកស្រី កែវ ម៉ាលី បានបញ្ជាក់បន្ថែមទៀតថា ក្នុងពិធីនេះមានការចូលរួមពី សម្តេចមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ បួរ គ្រី ប្រសិនបើក្នុងពិធីនេះរៀបចំមិនសមរម្យ សម្តេចសង្ឃក៏មិននិមន្តចូលរួម ហើយប្រហែលជានិងថាឲ្យអ្នករៀបចំ ក៏ដូចជាអ្នកផ្តើមបុណ្យផងក៏មិនដឹង ក្នុងនាមជាខ្មែរដែលជាអ្នកកាន់ពុទ្ធសាសនា លោកស្រីជឿជាក់ថា មិនត្រឹមតែលោកស្រីនោះទេ អ្នកចូលរួមបុណ្យទំាងអស់ប្រសិនបើឃើញថា ព្រះសង្ឃគង់ទាបជាងខ្លួន អ្នកទំាងអស់នោះ គ្មាននរណាម្នាក់ហ៊ានអង្គុយលើកៅអីនោះទេ ព្រោះទាំងអស់គ្នាសុទ្ធតែជាខ្មែរ។
ជាមួយគ្នានោះដែរ ក្នុងបណ្តាញទំនាក់ទំនងសង្គម របស់ព្រះតេជគុណ ស្តេចភ័ក្តី ងួន (Sdechpheakdey Ngoun) ព្រះអង្គបានមានសង្ឃដីកាថាចំពោះការរិះគន់ និងការផ្សាយតាមរយៈទូរទស្សន៍ចំពោះបញ្ហានេះថា “អាត្មាភាពមានភាពសោកស្តាយ នៅម៉ោង១១ព្រឹកជាងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ ដែលបានឃើញ ទូរទស្សន៍ផ្សាយ ចេញដោយឃើញតែរូបថត ក្នុងកម្មវិធីបុណ្យមួយ ដែលថាព្រះសង្ឃគង់ ទាបជាងអ្នកផើ្តមបុណ្យ អាត្មាភាពសូមជម្រាបថា មុននឹងនិយាយ មុននឹងផ្សាយ សូមមេត្តា ពិនិត្យ ឲ្យបានគ្រប់គ្រាន់ជាមុនសិន សូមពិនិត្យរូបមួយៗ ដោយពង្រីកឲ្យធំអ្នកនឹងបានឃើញ ថាព្រះសង្ឃគ្រប់អង្គគង់ នៅលើឆាកដែលមាន កំពស់ខ្ពស់ជាងកៅអីបន្តិច ហើយមិនមែនពួកគាត់មិនដឹង ពីការអង្គុយគោរពព្រះសង្ឃទេ បើព្រះសង្ឃគង់លើកំរាលផ្ទាល់ដីមែន ប្រជាជនខ្មែរ ១០០% ប្រាកដជាមិនព្រមអង្គុយ លើកៅអីសំពះទេ”។
សូមបញ្ជាក់ថា ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook កាលពីប៉ុន្មានថ្ងៃមុន បានធ្វើការរិះគន់ ទៅលើ លោក សៀក សុជាតិ ថា បានរៀបចំពិធីសូត្រមន្តហែទៀនវស្សា ដោយឲ្យព្រះសង្ឃ គង់នៅទាបជាងខ្លួន និងបក្សពួកខ្លួន ដែលហៅថាម្ចាស់ទាន៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល