CamNews

ព័ត៌មានជាតិ 

លោកហោ ម៉ៅ ដែលគេស្គាល់ច្រើន តាមរយៈប្រព័ន្ធ បណ្តាញសង្គម FACEBOOK ឥឡូវធ្លាក់ខ្លួនពិការ មួយចំហៀងខ្លួន

ភ្នំពេញ : លោក ហោ ម៉ៅ សន្តិសុខសណ្តាប់ធ្នាប់ ខណ្ឌមានជ័យ ដែលគេស្គាល់ជាទូទៅ តាមរយៈប្រព័ន្ធបណ្តាញសង្គម facebook ក្នុងសកម្មភាព ការងារដ៏សកម្ម របស់លោក លើការឈរជើងបញ្ជាចរាចរ នៅចំណុចផ្លូវ បំបែកលូប្រាំ សង្កាត់ស្ទឹងមានជ័យ និងក្រោយមកបាន  បញ្ជាចរាចរ នៅផ្លូវជាតិលេខ២ មុខវត្តចាក់អង្រែក្រោម នោះ ឥឡូវនេះ លោកបានធ្លាក់ខ្លួនឈឺ ស្លាប់មួយចំហៀងខ្លួន បន្ទាប់ពីលោកបានងងឹតមុខដួល  ក្នុងខណៈដែល កំពុងឈរបញ្ជា ចរាចរនៅមុខវត្តចាក់អង្រែក្រោម កាលពីព្រលប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ ។

លោក ហោ ម៉ៅ គឺជាសន្តិសុខសកម្មក្នុងការងារមួយ  ជាច្រើនឆ្នាំកន្លងមកនេះ គេតែងតែឃើញលោកឈរ បញ្ជាចរាចរ គ្មានពេលសំរាកទាំងពេលភ្លៀង និងថ្ងៃក្តៅ ។ មនុស្សគ្រប់មជ្ឈដ្ឋានទូទៅ ដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវលូរប្រាំ តែងតែ ដាក់រហស្សនាមថា៖ ប៉ូលិសលេងៗសោះ ធ្វើការខ្លាំងជាងប៉ូលិសមែនទែនទៅទៀត។ ប៉ុន្តែពេលនេះគួរអោយសោកស្តាយ លោកហោ ម៉ៅ បានធ្លាក់ខ្លួនពិការហើយ ។ ចំណែកប្រពន្ធរបស់លោក ក៍មានជំងឺលើសឈាម និង ស្លាប់មួយចំហៀងខ្លួន រួចមកហើយដែរ។

កន្លងមកគ្រួសាររបស់លោកត្រូវពឹងពាក់ រូបលោកទាំងស្រុង ក្នុងការរកស៊ីចិញ្ចឹមគ្រួសារ។ ចាប់ពីថ្ងៃនេះទៅលោកធ្វើការងារ អ្វីលែងបានទៀតហើយ ស្របពេលដែលស្ថានភាពគ្រួសារទីទ័លក្រ។ ដូចនេះមានតែការពឹងពាក់ទៅលើសណ្តានចិត្ត សប្បុរសធ៌ម របស់សប្បុរសជនទូទៅតែប៉ុណ្ណោះ។

ដោយទឹកចិត្តសប្បុរសធ៌ម លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌ កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈនេះ បាននាំអំណោយរបស់អនុសាខាកាកបាទក្រហមខណ្ឌ ទៅឧបត្ថម្ភ ដល់គ្រួសារ លោកហោ ម៉ៅ  រួមមានអង្ករ គ្រឿងឧបភោគ បរិភោគ និង សំភារៈសំរាប់បំរើក្នុងផ្ទះបាយមួយចំនួន។ ដោយឡែក លោកឌី រ័ត្នខេមរុណ បានឧបត្ថម្ភបន្ថែមថវិកាផ្ទាល់ខ្លួនចំនួន ៥០ម៉ឺនរៀល និង លោក ស៊ុំ រិទ្ធី ប្រធានផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ខណ្ឌ ក៏បានចូលរួមឧបត្ថម្ភចំនួន ៥ម៉ឺនរៀលផងដែរ ទុកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងព្យាបាលជំងឺ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP