កំពត៖ ស្ត្រីមេម៉ាយ ជាចុងចម្លើយម្នាក់ ឈ្មោះផេង សាត អាយុ៣៣ឆ្នាំ មានកូនតូចៗ ៣នាក់ ក្នុងបន្ទុក មានផ្ទះស្ថិតក្នុងភូមិទ្វីរខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៥នេះ បានខ្ទាស់ជាប់គន្លឹះមាត់ទ្វារផ្ទះ ហើយគំរាម ទៅលើសមត្ថកិច្ចដែលចុះទៅដល់ ថានឹងយកសាំងដុតរូបខ្លួន និងកូនៗ ធ្វើអត្តឃាដ បើសិនហ៊ានចូលគាស់ទ្វារផ្ទះចាប់ខ្លួន ឲ្យចាកចេញពីផ្ទះនោះ។
ដោយសារស្ថានភាព មិនអំណោយផលឲ្យ ក្នុងការចុះអនុវត្តសាលដីកាស្ថាពរ របស់តុលាការកំពូល លេខ៣៣ញ ចុះថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១២ ជាលទ្ធផល កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ ក្រុង សង្កាត់ ភូមិ ដែលដឹកនាំ ដោយលោកខាន់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពត គ្រាន់តែបានបញ្ចប់ ដោយកំណត់ហេតុមួយប៉ុណ្ណោះ មូលហេតុដែល មិនបានសម្រេចផល ទៅឲ្យលើភាគីដើមចម្លើយនោះ គឺលោក ព្រះរាជអាជ្ញារង យល់ឃើញថា នៅក្នុងផ្ទះ របស់ចុងចោទ មានកូនក្មេងតូចៗ នៅក្នុងនោះផងដែរ ខ្លាចក្រែងកើតអំពើណាមួយ ប៉ះពាល់ដល់អាយុជីវិតក្មេងៗ ជាយថាហេតុ។ ដូច្នេះហើយ ដោយមាន ការចង្អុលបង្ហាញ ពីលោកព្រះរាជអាជ្ញា ឯក ឆេងហួត នឹងផ្អាកជាបណ្តោះអាសន្ន នូវការអនុវត្តសាលដីកា ខាងលើនេះសិន។ ដើមចម្លើយឈ្មោះ លីង អៃហ័រ ភេទស្រី អាយុ ៤៧ឆ្នាំ មុខរបរ លក់ឥវ៉ាន់ចាប់ហ៊ួយ មានទីលំនៅភូមិ សង្កាត់ កន្លែងហេតុការណ៍ខាងលើ។
គួរបញ្ជាក់ថា ការអនុវត្តសាលដីកាខាងលើ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៥នេះ ជាលើទី២ហើយ កាលពីអំឡុងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ កម្លាំងសមត្ថកិច្ច ដែលដឹកនាំដោយលោក អ៊ីវ ត្រាយ ព្រះរាជអាជ្ញារង បានចុះអនុវត្តសាលដីការនេះ ម្តងរួចមកហើយដែរ តែលទ្ធផលដូចគ្នាទេ។
តាមប្រភពមជ្ឈដ្ឋានជាច្រើន បានឲ្យដឹងដែរថា សាលដីការស្ថាពររបស់តុលាការកំពូល ហាក់ដូចជាគ្មានរកយុត្តិធម៌ ជូនភាគីខាងចុងចោទសោះ ប៉ុន្តែប្រភពមិន បានវាយតម្លៃទៅលើ ស្ថាប័នតុលាការថ្នាក់ណាមួយឡើយ ពីព្រោះរឿងកើតអយុត្តធម៌ គឺផ្តើមចេញពីអាជ្ញាធរមូលដ្ឋាននេះឯង ដែលក្លែងបន្លំស្នាមមេដៃ និងឯកសារ នានា ដែលពាក់ព័ន្ធជុំវិញនឹងរឿងផ្ទះសម្បែងមួយនេះ ដោយសារភាពល្ងង់ខ្លៅ និងមិនចេះអក្សរ របស់ស្ត្រីចុងចម្លើយរូបនេះ ហើយអ្នកណាៗ ដែលគេបានដឹងឮ ក៏មាន ចិត្តអាណិតអាសូរ ជាពន់ពេកដល់ស្ត្រីចុងចម្លើយផងដែរ ចំណែកខាងដើមចម្លើយវិញ មិនគួរប្រើល្បិចខ្ពស់ និងឃុបឃិតគ្នាក្លែងបន្លំឯកសារ ឈានទៅលេបយក
ផ្ទះស្រស់ៗបែបនេះ របស់ស្ត្រីចុងចោទឡើយ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល