(ភ្នំពេញ)៖ លោក ទិត ចន្ថា រដ្ឋមន្រ្តីស្ដីទីក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអះអាងអំពីការរំពឹងទុកថា ព្រឹត្តិការណ៍ព្រះអាទិត្យរះ ចំពីលើកំពូលប្រាង្គកណ្ដាល នៃប្រាសាទអង្គរវត្ត ដែលកើតមាននៅចន្លោះ ថ្ងៃទី២២ដល់២៣ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ នឹងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមទស្សនាប្រមាណ៣ពាន់ទៅ៤ពាន់នាក់។
លោករដ្ឋមន្រ្តីស្ដីទី បានឱ្យដឹងថា «រាល់ព្រឹក ថ្ងៃធម្មតាភ្ញៀវដែលទៅមើលថ្ងៃរះមុខប្រាសាទអង្គរវត្ត មានចំនួនតិចល្មមទេ តែក្នុងព្រឹត្តការណ៍ដ៏សំខាន់នេះ យើងសង្ឃឹមថានឹងមានភ្ញៀវច្រើន តាមការប៉ានស្មានមានប្រហែលជា មិនតិចជាង៣ទៅ៤ពាន់នាក់ទេ មានភ្ញៀវចម្រុះគ្រប់ជាតិសាសន៍»។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍បានប្រកាសថា នៅចន្លោះថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ចន្លោះម៉ោង៥៖០០នាទី ដល់ម៉ោង៧៖០០នាទីព្រឹក នឹងមានបាតុភូតព្រះអាទិត្យរះចំកណ្ដាលប្រាសាទអង្គរវត្តកម្ពុជា (EQUINOX) ដែលបាតុភូតនេះ កើតមាន២ដងក្នុងមួយឆ្នាំ គឺលើកទី១ នៅខែមីនា និងលើកទី២ នៅកញ្ញានេះតែម្តង។
លោក ទិត ចន្ថា បានបន្តថា ក្រសួងទេសចរណ៍បានសហការជាមួយអាជ្ញាធរអប្សរា ចុះរៀបចំទីធ្លារសម្រាប់ឱ្យភ្ញៀវទេសចរចូលទស្សនា និងផ្ដិតយករូបភាពដ៏កម្រ និងអច្ឆរិយៈនេះ បានរួចរាល់ជាស្រេច។
ទោះយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍បានរំពឹងថាព្រឹត្តិការណ៍ដ៏អច្ឆរិយៈនេះ នឹងជួយផ្សព្វផ្សាយពីសក្ដានុពល នៃវិស័យទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោកឱ្យកាន់ទូលំទូលាយថែមទៀត។
ក្រសួងទេសចរណ៍ ក៏បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ ចូលទស្សនា និងផ្តិតយករូបភាពដ៏មហស្ចារ្យនេះ ព្រមទាំងជួយផ្សព្វផ្សាយព្រឹត្តិការណ៍នេះឱ្យបានទូលំទូលាយ ចូលរួមដល់យុទ្ធនាការ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្តៅ»៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី