(ភ្នំពេញ)៖ ស្រីស្រស់សម្រស់ផូរផង់ និងជាតារាចម្រៀង កញ្ញា រស់ ម៉ូនីកា ត្រូវបានប្រភពព័ត៌មានបង្ហើបថា ចាប់តាំងពីនាងចូលប្រឡុក ក្នុងមជ្ឈដ្ឋានសិល្បៈមក ឃើញថា តារារូបនេះ ហាក់កាក់កបតែនឹងការរកស៊ីខាងក្រៅ ពោលគឺការចេញទៅសម្ដែង និងច្រៀងនៅឯក្រៅប្រទេស។ ចំណែកឯនៅក្នុងប្រទេសកំណើត របស់ខ្លួនវិញ នាងមិនសូវទទួលបានការងារច្រៀងច្រើន ដូចនៅបរទេសឡើយ។
ប្រភពបន្តថា ជាក់ស្ដែងថ្មីៗនេះ តារាចម្រៀងសំឡេងស្រួយ កញ្ញា រស់ ម៉ូនីកា បានចាកចេញទៅកាន់ ប្រទេសអូស្រ្តាលី ដើម្បីទៅច្រៀង និងសម្ដែងរយៈពេល ប្រមាណ៥ សប្ដាហ៍ តាមរយៈសមាគមខ្មែរនៅទីនោះ ដោយមានតារាចម្រៀងខ្មែរ ចំនួន៤ដួងផ្សេងទៀត រួមដំណើរទៅជាមួយផងដែរ។
ម្ចាស់សាមីខ្លួនផ្ទាល់ កញ្ញា រស់ ម៉ូនីកា បានថ្លែងប្រាប់ Khmertalking ថា ជាការពិតពេលនេះ នាងកំពុងតែសម្ដែង នៅក្នុងប្រទេសអូស្រ្តាលីប្រាកដមែន បន្ទាប់ពីនាងមកពីសម្ដែងនៅអាមេរិកវិញ បានរយៈពេលប្រមាណជាង១ខែប៉ុណ្ណោះ ។ អ្វីដែលមិននឹកស្មានដល់ សម្រាប់នាងផ្ទាល់ក៏មិនដឹងដែរថា ហេតុអ្វីបានជាអ្នកនៅក្រៅប្រទេស ចូលចិត្តទាក់ទងនាង ឲ្យទៅច្រៀងឬសម្ដែង នៅបរទេសនោះឡើយ ព្រោះនៅក្នុងប្រទេសកម្ពុជា មានតារាចម្រៀងច្រើននាក់ណាស់ ហេតុអ្វីគេមើលមិនឃើញ?
រស់ ម៉ូនីកា និយាយថា «ចាសបង..! ខ្ញុំកំពុងសម្ដែងនៅអូស្រ្តាលី បន្ទាប់ពីខ្ញុំវិលមកពីអាមេរិកវិញ បានប្រហែលជាង១ខែ ហើយបើតាមគម្រោងអ្នកធានា អាចបន្តឲ្យខ្ញុំនឹងតារាចម្រៀង ដែលមកជាមួយគ្នា បន្តទៅច្រៀងនៅប្រទេស ញូវហ្សេឡែន ទៀត ប៉ុន្តែចាំមើលកម្មវិធីសិន ។ ខ្ញុំទទួលស្គាល់ថា មួយរយៈនេះខ្ញុំមានការមមាញឹក នឹងចេញសម្ដែងខាងក្រៅច្រើនមែន គឺចេញពីប្រទេសមួយទៅប្រទេសមួយ ហើយបើនិយាយពីចំណូល គឺកាក់កបដែរហ្នឹង..!»។
កញ្ញា រស់ ម៉ូនីកា ត្រូវបានគេស្គាល់ថា ជាតារាចម្រៀងមួយរូប ដែលមានការគាំទ្រច្រើនគួរសម ពីសំណាក់បងប្អូនទស្សនិកជនក្នុងប្រទេស ប៉ុន្តែបើនៅក្រៅប្រទេសវិញ ក៏ត្រូវបានបងប្អូនខ្មែរស្គាល់ច្រើនគួរសមដែរ ទើបកញ្ញា រស់ ម៉ូនីកា តែងតែមានឱកាសចេញទៅសម្ដែងជាញឹកញាប់ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង