CamNews

ព័ត៌មានជាតិ 

ក្រុមចោរ ចូលប្លន់លោក ក្នុងវត្តព្រៃតុម្ភ យកកោដ្ធ មាស គិតជាប្រាក់ អស់ជាង ៣ម៉ឺនដុល្លារ

កំពត ៖ ក្រុមចោរមានគ្នា ប្រមាណ៥-៦នាក់ ចូលប្លន់លោកសង្ឃ គង់វត្តព្រៃតុម្ភ យកកោដ្ឋមាស មួយកំណាត់លើ គិតជាទឹកប្រាក់ជាង ៣ម៉ឺនដុល្លារ សហរដ្ឋអាម៉េរិក កាលពីវេលាម៉ោង២២និង១៥នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ចំណុចក្នុងវត្តព្រៃតុម្ភ ស្ថិតក្នុងភូមិព្រៃតុម្ភ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ។

មន្ត្រីនគរបាលជំនាញ ស្រុកទឹកឈូ បានឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលដឹងថា ក្រុមចោរមួយក្រុម មានគ្នា ប្រមាណ៥-៦នាក់ ប្រើរថយន្តចំនួន ០២គ្រឿង ដោយ០១គ្រឿង ម៉ាកបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2U -6634 រីឯមួយគ្រឿងទៀត ចតនៅខាងក្រៅ ខ្លោងទ្វារវត្ត មិនស្គាល់ម៉ាកបានធ្វើសកម្មភាព ចូលក្នុងកុដិលោក ប្លន់យកកោដ្ឋមាស មួយកំណាត់លើ ក្នុង៥កំណាត់ បើគិតជាប្រាក់ជាង ៣ម៉ឺនដុល្លារ ។

មន្ត្រីនគរបាលដដែល បន្តថា កោដ្ឋមាសនេះ ចៅអធិការវត្ត បានដាក់ទុកក្នុងកុដិរបស់ព្រះអង្គផ្ទាល់ ហើយចាក់ សោទ្វារ២ជាន់ ខណៈព្រះអង្គមិនគង់នៅ និមន្តចេញទៅក្រៅបាត់នោះ។

ប៉ុន្តែទោះបីយ៉ាងណា ក៏ព្រះចៅអធិការវត្ត ព្រះនាមជួប សុភាព ព្រះអង្គបានស្គាល់ មនុស្សម្នាក់ឈ្មោះ ឯក ចន្ថា កាលពីដើមរស់នៅចេញ ចូលក្នុងវត្តមួយនេះដែរ ក្នុងចំណោមជាជនសង្ស័យ នៃក្រុមចោរ ៦នាក់នោះ។ ក្រោយពីចៅអធិការវត្ត បានកំណត់មុខសញ្ញារួចហើយ ក៏តេទូរស័ព្ទដៃទៅជួប ជនសង្ស័យ ឯក ចន្ថា ហើយឈ្មោះ ឯក ចន្ថា ក៏បានឆ្លើយតបមកព្រះអង្គវិញថា ដោយសារខ្លួនត្រូវការ ជាចាំបាច់ទើបធ្វើយ៉ាងដូច្នេះ ហើយសន្យាថា រង់ចាំព្រឹក ថ្ងៃទី១២ ខែសីហានេះ នឹងប្រគល់យកមកឲ្យវត្តវិញ ប៉ុន្តែរហូតដល់ពេល វេលានេះទូរស័ព្ទ របស់ជនសង្ស័យ ឈ្មោះឯក ចន្ថាមិនត្រូវអាចទំនាក់ទំនងបានឡើយ ។

មន្ត្រីរូបនេះ ឲ្យដឹងទៀតថា បើតាមម្ចាស់ ដែលបរិច្ចាគកោដ្ឋ ជូនព្រះចៅអធិការវត្ត ព្រៃតុម្ភនេះថា កោដ្ឋធាតុ មួយនេះ ធ្វើឡើងអំពីមាសសុទ្ធ ចំនួន៣០តំឡឹង,ពេជ្រគ្រាប់តូចៗ ចំនួន២០០គ្រាប់។ កោដ្ឋមួយនេះ មាន៥កំណាត់ ហើយកំណាត់លើ ដែលចោរប្លន់នាំយកទៅបាត់ ដោយសុវត្ថិភាព នោះ មានមាស ដាំដោយគ្រាប់ ពេជ្រតូចៗសុទ្ធ ចំនួន២០០គ្រាប់ ។ ក្នុងខណៈដែលក្រុមចោរចូលប្លន់ យកទ្រព្យសម្បត្តិរក្សាទុកក្នុងវត្ត ដ៏មាន តម្លៃនេះ គឺពួកវា បានធ្វើសកម្មភាពចូលទៅគ្រៀក លោកនៅតាមកុដិផ្សេងៗជាប់ មិនឲ្យស្រែក ឬធ្វើសកម្មភាព អ្វីបានឡើយ។

បច្ចុប្បន្ននេះ ទោះបីយ៉ាងណាក៏ដោយ ក៏កម្លាំងមានសមត្ថកិច្ចនានា បាននិងកំពុងតែធ្វើការ សហការគ្នាស្រាវជ្រាវ តាមរកចាប់វែកមុខសញ្ញា ក្រុមចោរប្លន់ខាងលើនេះហើយ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Kamport