ព្រះសីហនុ៖សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មន្រ្តីសាលាដំបូងខេត្តព្រះសីហនុម្នាក់ ឈ្មោះ អ៉ិន មេត្តា ភេទប្រុស បម្រើផ្នែកគណនេយ្យ អាយុ ៣៤ឆ្នាំ បានបើករថយន្ត TOYOTA COROLLA ពណ៍ ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2Z-5571 ទៅបុកនិស្សិតច្បាប់២នាក់ ខណ:កំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ នៅម៉ោង ០០៖៥០នាទី រំលងអាធ្រាត្រចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥នេះ នៅលើវិថីឯករាជ្យ ចំណុចរង្វង់មូលរូបតោ ស្ថិតនៅសង្កាត់៤ ក្រុងព្រះសីហនុ ។
មន្រ្តីនគរបាលចរាចរណ៍ បានឲ្យដឹងថា ជនរងគ្រោះទី១- ពេជ្រ ស្រីណុច ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ និសិត្សច្បាប់ មានទីលំនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លាប់នៅកន្លែងកើតហេតុ និងទី២-ឈ្មោះ ថែល វ៉ាន់ណេន ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរ និស្សិតច្បាប់ មានទីលំនៅដូចគ្នា បានរងរបួសធ្ងន់កំពុងសំរាកព្យាបាលនៅគ្លីនិកសេតេ។
សម្រាប់មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺអ្នកបើករថយន្ត ស្រវឹងខ្លាំង ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល