ភ្នំពេញ៖ ស្វាមីជាយោធាចិត្តកំណាច ដែលធ្វើសកម្មភាពកាប់ សម្លាប់ភរិយារបស់ខ្លួន យ៉ាងឃោរឃៅ រួចយកទៅ ចាក់ សាំងដុតសម្លាប់ក្នុងពាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនបាននៅខេត្តព្រះសីហនុកាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ បន្ទាប់ពីព្យាយាមរត់គេចខ្លួនអស់ជាច្រើនថ្ងៃ។
ស្វាមីចិត្តកំណាចរូបនេះបានបញ្ជាក់ថា ឃាតកម្មដ៏ឃោរឃៅនេះ បានកើតឡើងព្រោះភ្លើងប្រច័ណ្ឌ ភរិយាខ្លួនជាមួយបុរសគួកចេដីដូចគ្នា។ បន្ទាប់ពីសម្លាប់ភរិយា បានយកលុយ ៦០០ដុល្លារ ទៅដេកជា មួយស្រី ត្រូវស្រីលួចយកអស់រត់គេចខ្លួនបាត់។
ប្តីចិត្តគ្មានមេត្តាភរិយាដែលឱបជាប់ទ្រូងអស់រយៈពេលច្រើនឆ្នាំ ឈ្មោះ សុង ទូច អាយុ ៤៨ឆ្នាំ ជាបុរសពោះ ម៉ាយ កូន ២នាក់ បានប្រាប់មន្រ្តីកងរាជអាវុធហត្ថក្រោយចាប់ខ្លួនថា រូបគេមានទំនាក់ទំនងជាមួយស្នេហា ជាមួយស្រ្តីរង គ្រោះ ដែលជាស្រ្តីមេម៉ាយកូនបី ឈ្មោះ ទឹម សោភា ហៅក្រញ៉ាញ់ អាយុ ៣៤ឆ្នាំ មានមុខរបរជាអ្នកគួកចេដី កាលពីឆ្នាំ២០១២។
ចំណងស្នេហាបុរសពោះម៉ាយកូន២ និងស្រ្តីមេម៉ាយកូន៣នេះ រយៈពេល ៣ឆ្នាំកន្លងមកនេះ មានតែភាពល្វីងជូរចត់ ជាងភាពផ្អែមល្ហែម។ លោក សុង ទូច បានបញ្ជាក់ថា រូបគាត់ និងភរិយាតែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់ ដោយចោទភរិយាលួចមានសហាយជាមួយប្រុសថ្មី ដែលជាអ្នកគួកចេដីដូចគ្នា ទើបកើតមានចិត្តប្រច័ណ្ឌជាខ្លាំងរហូតដល់រៀបចំផែនការសម្លាប់ប្រពន្ធចោល។
** សម្លាប់ភរិយា យកលុយ ៦០០ដុល្លារ ទៅដេកជាមួយស្រី ត្រូវស្រីលួចលុយអស់**
ស្វាមីចិត្តកំណាចនេះ បានបន្តឲ្យដឹងថា លុះនៅចន្លោះម៉ោង២២ ទៅម៉ោង២៣ យប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ខណៈដែលភរិយាកំពុងដេកលង់លក់នៅលើគ្រែក្នុងបន្ទប់ ខ្លួនក៏បានយកពូថៅ ដែលត្រៀមទុកជាស្រេចវាយនឹងខ្នងចំសៀតផ្កាម្ខាងៗ៣ទៅ៤ពូថៅ។
ដោយខ្លាចភរិយាមិនទាន់ស្លាប់ ក៏កាប់បន្ថែមចំបំពង់ក៣ទៅ៤ពូថៅទៀតរួចហើយ ក៏លើកសាកសពចុះមកក្រោមផ្ទះ យកសពដាក់ចូលក្នុងពាង ហើយទិញសាំងចំនួន ២០លីត្រមកចាក់ដុត។ បន្ទាប់ពីចាក់សាំងដុតសាកសព ហើយឆេះមិនទាន់អស់នោះ ខ្លួនគេក៏ចាក់សាំង នៅសល់ក្នុងពីដុងនោះបន្ថែមទៀត ក៏ត្រូវខ្ទាតសាំងឆាបឆេះមុខ និង ដៃខ្លួនឯង។
ក្រោយពេលធ្វើសកម្មភាពរួចខ្លួនគេ ក៏យកលុយចំនួន៦០០ដុល្លារ ជញ្ជៀនពេជ្រ ១វង់ និងម៉ូតូម៉ាកគុបជ្រុង១គ្រឿង ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះ រត់គេចខ្លួនទៅដេកនៅផ្ទះសំណាក់ម្តុំទំនប់ទួលគោកមួយយប់ជាមួយស្រីហើយត្រូវបានស្រ្តីនោះលួចលុយអស់។
លុះម៉ោង១០៖៣០នាទីថៃ្ងទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ក៏បន្តជិះម៉ូតូចេញពីផ្ទះសំណាក់សំដៅមកខេត្តកំពង់ស្ពឺ ហើយបានយកម៉ូតូមកផ្ញើមិត្តភក្តិ និងស្នាក់នៅ ១យប់។ លុះថ្ងៃទី១៤ ក៏បន្តជិះរថយន្តឈ្នួលទៅលាក់ខ្លួននៅផ្ទះមិត្តភក្តិម្នាក់ទៀត មានមុខរបរជាអ្នកនេសាទ នៅទំនប់រលក ខេត្តព្រះសីហនុ។
បន្ទាប់ពីស្នាក់នៅបានមួយយប់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ក៏ត្រូវបានអាវុធហត្ថចាប់ឃាត់ខ្លួន បញ្ជូន មកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ បច្ចុប្បន្នអាវុធហត្ថរាជធានីភ្នំពេញ កំពុងតែប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល