(ម៉ិកស៊ិចកូ)៖ Renato Lopez តារាទូរទស្សន៍ប្រុស ជនជាតិម៉ិកស៊ិចកូដ៏ល្បី ដែលលោកទើបតែមាន វ័យ៣៣ឆ្នាំប៉ុណ្ណោះ តែពេលនេះអ្នកគាំទ្រទាំងឡាយ បានសម្តែងក្តីរន្ធត់ចិត្តយ៉ាងខ្លាំង ព្រមទាំងផ្ញើសាររំលែកទុក្ខ ពេលដែលដឹងថា តារាប្រុសដ៏សង្ហាក្នុងដួងចិត្តរបស់ពួកគេ បាត់បង់ជីវិតទៅហើយ។
ប្រភពព័ត៌មានឲ្យដឹងថា Renato Lopez ស្លាប់ក្នុងរថយន្ត នៅទឹកដីម៉ិកស៊ិចកូ កាលពីថ្ងៃទី២៥ វិច្ឆិកា កន្លងទៅ នៅ Santa Maria Mazatla ដែលជាទីក្រុងដ៏តូចមួយ ចំងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងធំៗ។ អាជ្ញាធរមិនទាន់កំណត់បានថា នរណាជាឃាតកទេ ក្រោយពីពិនិត្យសាកសព ក្នុងរថយន្តឃើញតារាប្រុសរូបនេះ មានស្នាមរបួស ដោយសារ រងគ្រាប់កាំភ្លើង តែយ៉ាងណា វាកំពុងស្ថិតក្នុងការស៊ើបអង្កេត របស់សមត្ថកិច្ចនៅឡើយ។
Renato Lopez មានទំនាក់ទំនង ជាមួយតារាបង្ហាញម៉ូត Alexandra Ivanisevic រយៈពេល៧ឆ្នាំហើយ អ្នកទាំងពីរបានធ្វើដំណើរទៅប្រទេសម៉ិកស៊ិកកូ មុនការស្លាប់របស់ Renato Lopez មួយសប្តាហ៍ហើយ Alexandra ថែមទាំងបង្ហោះរូបនាង និងគេនៅលើ Instagram ទៀតផង ដែលយើងមិនអាចស្រមៃថា តើទំហំនៃការឈឺចាប់របស់ Alexandra ក្រុមគ្រួសារ និងមិត្តភក្តិតារាប្រុសរូបនេះ ច្រើនប៉ុណ្ណាឡើយ ព្រោះតែហេតុការណ៍ស្មានមិនដល់នេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង