ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានចេញសេចក្តី ជូនដំណឹងមួយ ដោយ បញ្ជាក់ពីទីតាំង និងការរៀបចំកម្មវិធី កម្សាន្តសប្បាយ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទើប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលនឹងចូលមកដល់ នៅពេលដ៏ខ្លីខាងមុខនេះ បើទោះបីការប្រណាំទូក មិនអាចរៀបចំបានក៏ដោយ។
សេចក្តីជូនដំណឹងបានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យនេះ សាលារាជធានីភ្នំពេញ នឹងរៀបចំ កម្មវិធីកម្សាន្តសប្បាយ ជូនបងប្អូនប្រជាពលរដ្ឋដូចជា៖
១-ការសម្តែងសិល្បៈបុរាណខ្មែរ តូរ្យតន្ត្រីបែបប្រពៃណីជាតិ ការប្រគំតន្ត្រីសម័យរបស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ រាជធានីភ្នំពេញ ប៉ុស្តិ៍លេខ៣ នៅទីលានប្រជាធិបតេយ្យ
២-ការដាក់តាំងពិព័រណ៌ផលិតផល និងការប្រគំតន្ត្រីសម័យរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស រស្មីហង្សមាស នៅទីធ្លាសួនច្បារមុខវត្តបទុមវត្តី
៣-ការដាក់តាំងពិព័រណ៌ផលិតផល និងការប្រគំតន្ត្រីសម័យរបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ
៤-កម្មវិធីបណ្តែតគោម នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង និងកម្មវិធីសំពះព្រះខែ និងអកអំបុក នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល