- ពលរដ្ឋខ្មែររាប់ពាន់នាក់ ចូលរួមដង្ហែ និង អបអរសាទរ នំអន្សមយក្ស
សៀមរាប៖ នំអន្សមយក្សរបស់កម្ពុជា ដែលមានទន្ងន់រហូត ជាង ៤តោន នៅពេលចម្អិនរួចរាល់នោះ បានបំបែក ឯតទគ្គកម្ម នំ ដែលមានទម្ងន់ធ្ងន់ជាងគេលើពិភពលោក ហើយត្រូវបានដាក់បញ្ចូលក្នុងកំណត់ត្រាពិភពលោក។
ទន្ទឹមនឹងនំ ត្រូវបានដាក់បញ្ចូលក្នុងកំណត់ត្រាពិភពលោក «Guinness World Records» ប្រជាពលរដ្ឋខ្មែររាប់ ពាន់នាក់ ជាពិសេសអ្នកក្រុងសៀមរាបអង្គរ ដោយខ្លះដង្ហែ និង ខ្លះទៀតឈរអមសងខាងផ្លូវ នាំគ្នាអបអរសាទរ ដល់នំអន្សមយក្សរបស់ខ្មែរ។
នំអន្សមយក្សរបស់ខ្មែរ ដែលមានទម្ងន់ប្រមាណ ៣,២តោនពេលមិនទាន់ចម្អិន និងមានទម្ងន់រហូតដល់ជាង ៤ តោនក្រោយចំអិនរួចរាល់នោះ ត្រូវបានលោកស្រី Seyda Subasi Gemici តំណាងស្ថាប័ន Guinness World Records ប្រកាសដាក់បញ្ចូលក្នុងកំណត់ត្រាពិភពលោកនារសៀលថ្ងៃនេះ បន្ទាប់ពីបានវាយតម្លៃយ៉ាងល្អិតល្អន់ ទៅលើទម្ងន់ រស់ជាតិនំ ជាមួយនិងគ្រឿងផ្សំ ព្រមទាំងគុណភាពនំផងដែរ។ លោកស្រី Seyda Subasi Gemici បានថ្លែងថា នំអន្សម របស់កម្ពុជា មានទម្ងន់ធ្ងន់ជាងគេលើពិភពលោក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា នំអន្សមយក្សមានទម្ងន់ដល់ទៅប្រមាណជាង ៤តោន ក្រោយពីបានចម្អិនអស់រយៈពេល៤៥ម៉ោង ដែលទម្ងន់នេះ ជាទម្ងន់ដែលមិនធ្លាប់មានពីមុនមក។ នំអន្សមនេះត្រូវបានវេចខ្ចប់ដោយ ស្លឹកចេកទម្ងន់៣៣៣គីឡូក្រាម និង ខ្សែ ចេកចំនួន៣៧៥គីឡូក្រាម ដោយមានគ្រឿងផ្សំ អង្ករដំណើប១,០០០គីឡូក្រាម ខ្ទិះដូង ៤៩៩គីឡូក្រាម អំបិល ១៥គីឡូក្រាម សណ្តែកបាយ៤៩៩គីឡូក្រាម សាច់ជ្រូកបីជាន់៥០៧គីឡូក្រាម អំបិល៣គីឡូក្រាម ស្ករ៤គីឡូ ក្រាម ម្រេចកំពត៣គីឡូក្រាម ខ្ទឹមចិញ្ច្រាំ១០គីឡូក្រាម និងស្លឹកខ្ទឹមចិញ្រ្ចាំ១៦ គីឡូក្រាម។ នំអន្សមនេះ ត្រូវបាន ចម្អិនតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងមានរសជាតិទាក់ទាញ ជាពិសេសនំអន្សមនេះត្រូវបានចម្អិនឡើង ដោយក្រុមមេចុងភៅខ្មែរ និងកូនកំាំបិតចំនួន១០០នាក់។
លោក ចាន់ សុភា តំណាងសមាគមចុងភៅកម្ពុជាបាននិយាយក្នុងទឹកមុខរីករាយថា ក្នុងនាមជាតំណាងសមាគម ចុងភៅ ក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេស លោកពិតជាមានមោទនភាព ដែលក្រុមការងារទាំងអស់បាន រួមគ្នាធ្វើឲ្យកម្ពុជាបានលេចធ្លោនៅក្នុងពិភពលោក។
ទន្ទឹមនឹងការប្រកាសដាក់ នំអន្សមយក្ស ក្នុងកំណត់ត្រាពិភពលោកនោះ ក្បួនដង្ហែដ៏មហោឡារឹកមួយ ក៏បានធ្វើ ឡើងកណ្តាលក្រុងអង្គរផងដែរ ដោយមានអ្នកចូលរួម និងអ្នកឈរអមសងខាងផ្លូវរាប់ពាន់នាក់។
ការដង្ហែបានចាប់ផ្តើមចេញដំណើរពីសណ្ឋាគាររ៉ូយ៉ាល់ផាលែស ហើយបត់ទៅស្តុបសុខា រួចឆ្ពោះទៅរង្វង់មូល ស្តាតចាស់។ ក្បួនដង្ហែក្រោមសម្រែកជ័យឃោសយ៉ាងអឹងកងនោះ បានបន្តធ្វើដំណើរនៅតាមមាត់ស្ទឹង ឆ្ពោះទៅ ព្រះរាជដំណាក់ព្រះអង្គចេកព្រះអង្គចម រួចព័ទ្ធមុខប្រាសាទអង្គរ និងបន្តឆ្ពោះទៅប្រាសាទបាយ័ន្ត មុននឹងត្រូវ បញ្ចប់នៅទីលានជល់ដំរី កន្លែងដែលគេនឹងត្រូវតម្កល់នំអន្សមក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តតែម្តង។
ជាការកត់សម្គាល់ការដង្ហែនំអន្សមយក្ស បាននាំមកនូវទឹកចិត្តសប្បាយរីករាយ ប្រកបដោយមោទនភាពក្រៃលែង សម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកក្រុងអង្គរតែម្តង៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល