CamNews

ព័ត៌មានជាតិ 

នោះវីវរ ផ្ទះ ៣០ខ្នង អាចនឹងស្រុតចូលទន្លេ

(កណ្តាល)៖ បន្ទាប់ពីទទួលបានព័ត៌មានថា ផ្ទះរបស់ប្រជាពលរដ្ឋជាង៣០ខ្នង ស្ថិតនៅក្នុងភូមិកោះគ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដែលកំពុងប្រឈម និងការបាក់ស្រុតចូលទឹកទន្លេនោះ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងលោក ឃឹម ច័ន្ទគិរី អភិបាលរងខេត្តកណ្តាល បានដឹកនាំមន្រ្តីជំនាញមួយក្រុម ចុះទៅពិនិត្យមើលផ្ទាល់នៅកន្លែងកើតហេតុ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅពេលនេះ ថ្នាក់ដឹកនាំក្រសួងរ៉ែ និងខេត្តកណ្តាល កំពុងចុះមកជួបជាមួយប្រជាពលរដ្ឋ ដែលជាម្ចាស់ផ្ទះរងគ្រោះ ដើម្បីចង់ដឹងនិងសួរព័ត៌មានឲ្យលម្អិតពីករណីមួយនេះ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំងនេះបានអះអាងថា ផ្ទះរបស់ពួកគាត់អាចបាក់ចូលទន្លេ ដោយសារតែសាឡង់បូមខ្សាច់របស់ក្រុមហ៊ុន ឡេង ជិញ បូមអែបច្រាំងទន្លេនៅពេលយប់។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិកោះគរ បាននិយាយថា ច្រាំងនៅក្នុងភូមិរបស់ពួកគាត់ មានការបាក់ស្រុតជាបន្តបន្ទាប់ ធ្វើឲ្យ ផ្ទះនៅមាត់ទន្លេ បានបាក់ស្រុតចូលទៅក្នុងទន្លេ ជាបន្តបន្ទាប់ផងដែរ ប៉ុន្តែបញ្ហានេះ វាកំពុងបន្តគំរាមកំហែងដល់ផ្ទះពលរដ្ឋ ជាង៣០ខ្នងទៀត ដែលអាចបាក់ស្រុតចូលទៅក្នុងទន្លេផងដែរ។

ប្រជាពលរដ្ឋបានបន្តថា ដោយពិនិត្យទៅឃើញ ក្រុមហ៊ុនធ្វើសកម្មភាពមិនគោរពច្បាប់នោះ ទើបពួកគាត់បានប្តឹងទៅអាជ្ញាធរ ប៉ុន្តែអាជ្ញាធរ នៅមិនទាន់យកចិត្តទុកដាក់ ឬទៅអើតមើលនោះទេ។

បើតាមប្រជាពលរដ្ឋមូលដ្ឋាន សាឡង់បូមខ្សាច់នៅមិនឆ្ងាយពីច្រាំងទន្លេប៉ុន្មាននោះទេ គឺប្រហែលជា២០ម៉ែត្រជាងប៉ុណ្ណោះ ដោយបាន ធ្វើសកម្មភាពបូម នៅទីតាំងដដែលៗ ទើបបង្កឲ្យច្រាំងទន្លេបាក់ស្រុតបែបនេះ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Phnom Penh