រតនគិរី ៖ កម្លាំងនគរបាល ស្រុកអូរយ៉ាដាវ កាលពីវេលាម៉ោង១២និង២០នាទី យប់ ថ្ងៃទី២១ ឈាន ចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ បានចុះបង្ក្រាប ក្រុមចោរប្លន់ប្រដាប់ អាវុធចំនួន៣នាក់ ស្ថិតនៅ ចំណុចភូមិប៉ាអរ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
ប្រភពព័ត៌មាន ពីនគរបាល ស្រុកអូរយ៉ាដាវ ប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួល បានព័ត៌មាន ពីប្រជាពល រដ្ឋថា មានមនុស្សមួយ ក្រុមមធ្យោបាយ ម៉ូតូមួយគ្រឿង ជិះសំដៅចូលលំនៅដ្ឋាន ប្រជាពលរដ្ឋទាំង យប់ ខណៈ នោះដែល ម្ចាស់ផ្ទះកំពុងលើកដំឡូង ដាក់ពេញគោយន្ត ក្នុងគោលបំណងព្រឹកឡើង យកទៅលក់នៅ ប្រទេសវៀតណាម ហើយក្រុមចោរប្លន់ ចូលទៅដល់បាញ់គំរាមចំនួន៤គ្រាប់ ត្រូវ កង់គោយន្ត រួចហើយចូលទៅរើកកាយឥវ៉ាន់ក្នុងផ្ទះ ព្រមទាំងធ្វើការ ប្រតាយប្រតប់ជាមួយ កម្មកថែម ទៀតផង មុននឹងក្រុមចោររត់គេចខ្លួន។ ភ្លាមៗនោះដែលកម្លាំង នគរបាលស្រុកអូរយ៉ាដាវចុះ ដល់ កន្លែងកើតហេតុ ស្ទាក់ចាប់ក្រុមចោរ ទាំងនោះមានចំងាយពីផ្ទះកើតហេតុ២០០ម៉ែត្រ។
ប្រភពព័ត៌មាន ខាងលើបន្តឲ្យដឹងទៀតថា សមត្ថកិច្ច រឹបអូសវត្ថុតាងមានកាំភ្លើងអាកា១ដើម សំបក គ្រាប់ ចំនួន៤ និងម៉ូតូ១គ្រឿង ហើយជនសង្ស័យទី១ ឈ្មោះ ស៊ាន ភឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន ពិតប្រាកដ (អ្នកកាន់អាវុធ) ទី២ឈ្មោះ លី គឹមហុង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខមិនពិតប្រាកដ និងទី៣ឈ្មោះ ស៊ាន ចៀង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(អ្នកទាំង២មានទីលំនៅ ភូមិស្មោងខាងជើង ឃុំស្មោងខាងជើង ស្រុកកំចាយមា ខេត្តព្រៃវែង)។
ប្រភពព័ត៌មាន ខាងលើបន្ថែមឲ្យដឹងទៀតថា ជនរងគ្រោះមាន ឈ្មោះ លឹម សំអ៊ន់ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករទិញលក់ដំឡូង។ ប៉ុន្តែហេតុការណ៍ នេះពុំមានអ្នកណាម្នាក់ ទទួលរងគ្រោះថ្នាក់ និងទ្រព្យសម្បត្តិ ពុំមានបាត់បង់នោះទេ។ បច្ចុប្បន្នករណី ខាងលើនេះ មន្ត្រីជំនាញនគរបាល នៃអធិការដ្ឋាន ស្រុកអូរយ៉ាដាវ កំពុងស្រាវជ្រាវសួរចម្លើយ បំពេញសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តរតនគិរី ចាត់ការតាមច្បាប់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល