CamNews

ព័ត៌មានជាតិ 

កម្ពុជាទទួលបាន នាវាល្បាត ៦គ្រឿង ពីសហរដ្ឋអាមេរិក សម្រាប់ដេញចាប់ បទល្មើសលើសមុទ្រ

ព្រះសីហនុ៖ សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤នេះ បានប្រគល់ នាវាល្បាត RHIBs ចំនួន៦គ្រឿង ឱ្យមកគណៈកម្មាធិការជាតិសន្តិសុខ លំហរសមុទ្រកម្ពុជា សម្រាប់ជំនួយ ដល់ការបើកប្រតិបត្តិការ ដេញចាប់ បទល្មើសផ្សេងៗ នៅលើសមុទ្រ។

ពិធីនេះ បានធ្វើឡើង នៅខេត្តព្រះសីហនុ ក្រោមអធិបីតភាព លោកឧត្តមនាវីឯក ទៀ វិញ មេបញ្ជាការកងទ័ព ជើងទឹកកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខ លំហរសមុទ្រ និង លោក CRAIG TIPPINS (ក្រេច ទីពីនស៍) មន្រ្តីយោធាជាន់ខ្ពស់ និងជាអនុព័ន្ធយោធា អមស្ថានទូតអាមេរិក នៅកម្ពុជា រួមទាំងអាជ្ញាធរខេត្ត , មន្រ្តីពាក់ព័ន្ធ ជាច្រើនទៀត ។

មន្រ្តីយោធាជើងទឹកមួយរូប សុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤នេះថា នេះជាលើកទី១ហើយ ដែលអាមេរិក បានផ្តល់ជំនួយ ឥតសំណង ជានាវាល្បាត មកឱ្យ គណៈកម្មាធិការជាតិសន្តិសុខ លំហរសមុទ្រកម្ពុជា ចាប់តាំងពី បង្កើតឡើង រយៈពេល ៥ឆ្នាំមកនេះ ។

លោកបានបន្ថែមថា នាវានេះ ជាប្រភេទនាវាខ្នាតតូច ដែលមានល្បឿនលឿន សម្រាប់ដេញបង្រ្កាប បទល្មើស ផ្សេងៗ នៅលើសមុទ្រ ហើយជំនួយនេះ បើគិតជាទឹកប្រាក់វិញ មានតម្លៃ ប្រហែលជាង១លានដុល្លារអាមេរិក ៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Sihaknu vile