CamNews

ព័ត៌មានជាតិ 

លោក សុខ ប៊ុន ត្រឡប់មកដល់ រាជធានីភ្នំពេញហើយ ដើម្បីប្រឈមមុខ នឹងច្បាប់

ភ្នំពេញ៖ លោក សុខ ប៊ុន ដែលជាប់ចោទពីការប្រើអំពើហិង្សា ទៅលើកញ្ញា សាសា តារាចូលចិត្តដើរកម្សាន្តពេល រាត្រី បានអញ្ជើញមកដល់រាជធានីភ្នំពេញវិញហើយ នៅម៉ោង ៨ និង៥០នាទីព្រឹកថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០១៥នេះ ដើម្បីចូលបំភ្លឺ និងដោះស្រាយសំណុំរឿងហិង្សានេះ ទៅតាមផ្លូវច្បាប់។ ការអញ្ជើញមកដល់របស់លោក សុខ ប៊ុន មិនមានការចាប់បញ្ជូនពីប៉ូលីសអាំងទែប៉ូលនោះទេ គឺការចូលមកដោយខ្លួនឯង ដើម្បីដោះស្រាយបញ្ហាតាមផ្លូវច្បាប់ តាមការអំពាវនាវរបស់ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

លោក សុខ ខេមរិន្ទ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា បន្ទាប់ពីមកដល់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញ លោក សុខ ប៊ុន នឹងត្រូវនាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតែម្តង ដើម្បីតុលារ បន្តនីវិធី ក៏ដូចសួរនាំទៅលើសំណុំរឿងប្រព្រឹត្តអំពើហិង្សាលើកញ្ញា សាសា។ លោក សុខ ប៊ុន ត្រូវបានបញ្ជូនដល់សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃដដែលនេះ។

ការវិលត្រឡប់របស់លោក សុខ ប៊ុន មកដោះស្រាយបញ្ហានេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឲ្យចូលមកដោះស្រាយតាមផ្លូវច្បាប់ លើករណីអំពើហិង្សាមួយនេះ កាលពីថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០១៥ ។

អំឡុងពេលចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ កញ្ញាសាសា បានស្នើ ឱ្យតុលាការផ្តន្ទាទោស លោក សុខ ប៊ុន ទៅតាមផ្លូវច្បាប់ ដោយមិនព្រមទទួលយកសំណងអ្វីទាំងអស់។ កញ្ញា បានបញ្ជាក់ថា រឿងទាមទារសំណង ទុកលទ្ធភាព ឱ្យឪពុកកញ្ញា ជាអ្នកទាមទារ។

ក្រុមគ្រួសារលោក សុខ ប៊ុន ធ្លាប់បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា លោក សុខ ប៊ុន ព្រមចូលខ្លួន ទទួលទោស និងដោះស្រាយបញ្ហាទៅតាមផ្លូវច្បាប់ ដោយគោរព តាមអនុសាសន៍គ្រប់បែបយ៉ាងរបស់សម្តេច ព្រម ទាំងសម្តែងការសូមអភ័យទោស និងការសណ្តោសប្រណី ពីសម្តេចតេជោ ហ៊ុន សែន នូវកំហុសឆ្គងដែលបានប្រើ ហិង្សាលើកញ្ញា សាសា។

លោក សុខ ប៊ុន ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទប្រើអំពើហិង្សា តាមពាក្យបណ្តឹងរបស់កញ្ញា សាសា បន្ទាប់ពីរូបលោក បានវាយដំយ៉ាងដំណំទៅលើកញ្ញា ព្រោះការប៉ះពារពាក្យសម្តីគ្នានៅភោជនីយដ្ឋានមួយកន្លែង ក្បែរមជ្ឈមណ្ឌលកោះពេជ្យកាលពីរាត្រីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥។

លោក សុខ ប៊ុន ត្រូវបានគេដឹងថា ជាពាណិជ្ជករមួយរូប ដែលបានរកស៊ីលើវិស័យអចលនទ្រព្យ ហើយក៏ទទួល បានជោគជ័យណាស់ផងដែរ។ ក្នុងនោះក្រុមហ៊ុនរបស់លោក បានបោះទុនរាប់រយលានដុល្លារទៅក្នុងទីផ្សារអចល នទ្រព្យនៅកម្ពុជា៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP