CamNews

តារា 

អេឡិច ចាន់ត្រា​​ ​មិន​ឲ្យ​តារា​ចម្រៀង​​​ក្នុង​ក្រុម​​របស់ខ្លួន ទៅ​ច្រៀង​ឲ្យក្រុម យ៉ែម សំអូន ដាច់ខាត

(ភ្នំពេញ)៖ បន្ទាប់ពីតារាចម្រៀង លោក យ៉ែម សំអូន បានចេញមុខបដិសេធថា រវាងលោកនិងតារាសម្ដែងអេឡិច ចាន់ត្រា ពុំមានទំនាស់កាច់កុងគ្នា ក្នុងអាជីពសិល្បៈ ដែលមានក្រុមតារាចម្រៀង រៀងៗខ្លួននេះទេ រួចមក ស្រាប់តែពេលនេះបែបធ្លាយនូវ ដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយមកថា តារាសម្ដែងលោក អេឡិច ចាន់ត្រា បានដាក់បំរាមថា ហាមមិនឲ្យតារាចម្រៀងក្នុងក្រុមរបស់ខ្លួន ទៅច្រៀងឲ្យក្រុមរបស់លោក យ៉ែម សំអូន ជាដាច់ខាត ហើយបើមាននរណាផ្គើននឹងបំរាមនេះ អាចនឹងត្រូវបណ្ដេញចេញពីក្រុម គ្មានថ្ងៃឲ្យចូលវិញឡើយ។

ជាការកត់សម្គាល់ រឿងរ៉ាវកាច់កុងគ្នា ក្នុងសិល្បៈបច្ចុប្បន្ន ហាក់លេចធ្លោរកាន់តែខ្លាំង ក្រោយពីមានបណ្ដាញសង្គម ផ្ទុយស្រឡះកាលពី១០ឆ្នាំមុន ដែលអ្នកសិល្បៈ អាចលាក់បាំងជំលោះបានយ៉ាងល្អ។ ថ្មីនេះគូប្រកួត ទេព បូព្រឹក្ស និង ពេជ្រ សោភា បានស្ងប់ស្ងាត់ទៅហើយ ខណៈរឿងដែលមិនសូវស្ងាត់ គឺលោក យ៉ែម សំអូន និង អេឡិច ចាន់ត្រា នៅតែបន្តកាច់កុងគ្នាក្នុងរូបភាពស្ងប់ស្ងាត់ តែអ្វីៗហាក់លាក់មិនជិតដោយសារម្នាក់ៗ នៅតែប្រកាន់គោលការណ៍ ទឹកមិនអាចជ្រាបចូលជាមួយប្រេងបាន។

អ្វីដែលលោក អេឡិច ចាន់ត្រា បានធ្វើគឺមានចេតនាចង់បំបាក់ លោក យ៉ែម សំអូន ឲ្យរលាយបាត់ពីពិភពសិល្បៈ ព្រោះលោកបានដណ្ដើមការងារយ៉ាងច្រើនពី យ៉ែម សំអូន តាំងពីកំឡុងពេលពាក់កណ្ដាលឆ្នាំ២០១៦ និង ដើមឆ្នាំ២០១៧ គេបានសង្កេតឃើញលោក អេឡិច បានការងារដែលដូចគ្នានឹងលោក យ៉ែម សំអូន ស្ទើរតែទាំងស្រុង។

ក្រោយពីដណ្ដើមការងារពី លោក យ៉ែម សំអូន លោក អេឡិច ចាន់ត្រា បានដាក់បំរាម ហាមមិនឲ្យតារាក្នុងក្រុមរបស់ខ្លួន ទៅច្រៀងឲ្យក្រុមរបស់លោក យ៉ែម សំអូន ជាដាច់ខាត បើសិនជាមាននរណា ហ៊ានបំពានបំរាមនេះ គឺមិនអាចឲ្យចូលច្រៀងក្នុងក្រុមលោកបានតទៅទៀតឡើយ។ ចំណែកឯប្រាក់កំរៃដែលទទួលបាន មានតម្លៃទាបខ្លាំង រហូតស្ទើរតែមិនមានតារាចម្រៀង ល្បីឈ្មោះខ្លាំងណាមួយ ចូលច្រៀងក្នុងក្រុមលោកបានឡើយ។

តារាចម្រៀងយុវវ័យ មានឈ្មោះល្បីល្បាញម្នាក់ បានលួចបង្ហើបថា លោកបានទទួលការហៅឲ្យចូលច្រៀង ក្នុងក្រុមលោក អេឡិច ចាន់ត្រា តែតម្លៃវិញទាបខ្លាំងណាស់ ព្រោះតម្លៃខ្លួនលោក ពេលចេញច្រៀងម្ដងៗ គឺជិត១០០០ដុល្លារឯណោះ ប៉ុន្តែលោក អេឡិច ឲ្យតែជិត២០០ដុល្លារ។ ដូចនេះលោកមិនអាចចេញច្រៀង ជាមួយបានទេ។ អ្វីដែលសំខាន់ គឺបំរាមមិនឲ្យច្រៀងឲ្យក្រុមលោក យ៉ែម សំអូន ថែមទៀត ដែលជាបំរាមមិនអាចទទួលយកបាន។ តារាចម្រៀងរូបនេះបានបន្តថា កន្លងមករូបគេមិនដែលមានបក្ខមានពួកទេ ហើយក៏មិនដែលបង្កសត្រូវ ជាមួយអ្នកសិល្បៈណាដែរ ព្រោះតែលុយជិត២០០ដុល្លារក្នុងមួយកម្មវិធី ត្រូវបង្កជំលោះជាមួយអ្នកនេះ ឬជាមួយអ្នកនោះ ដូចជាមិនសមទេ ។

តារាចម្រៀងដដែលបន្ថែមថា លោកស្គាល់តម្លៃនៃលុយ តែមិនមែនទាបជាងអ្វី ដែលលោកធ្លាប់ទទួលបាននោះទេ ព្រោះលោកមិនមែនអត់ការងារធ្វើឯណា?

ទាក់ទងទៅនឹងរឿងរ៉ាវ ដែលកំពុងផ្ទុះឡើងថ្មី គួរឲ្យភ្ញាក់ផ្អើលនេះ លោក អេឡិច ចាន់ត្រា មិនអាចសុំការបំភ្លឺបានទេ ជុំវិញរឿងលោកដាក់បំរាម មិនឲ្យតារាក្នុងក្រុមរបស់លោកទៅ ច្រៀងឲ្យលោក យ៉ែម សំអូន ខណៈលោកកំពុងតែសម្ដែងនៅអូស្ត្រាលី នៅឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង