CamNews

ព័ត៌មានជាតិ 

អ្នកកាសែតដើរ តាមកម្មវិធី នាយករដ្ឋមន្រ្តី ដួលដាច់សសៃឈាម កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ

ភ្នំពេញ៖ លោក ជ័យ ភូមិពល ហៅស្នាយពល អាយុ ៥២ឆ្នាំ ជាអ្នកយកព័ត៌មានរបស់អង្គភាពសារព័ត៌មានកម្ពុជា ថ្មី និងជាអ្នកដើរតាមកម្មវិធីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បាននិងកំពុងជួយសង្គ្រោះបន្ទាន់  នៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយពីលោក បានដួលដាច់សសៃឈាម ពេលកំពុងបំពេញការងារកាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ នៅក្រសួងព័ត៌មាន។

លោក ជ័យ ភូមិពល ដែលបានប្រឡូកក្នុងសមរភូមិស្លាបប៉ាកកា ស្ទើរពាក់កណ្តាលជិវីតទៅហើយនោះ ត្រូវបានក្រុម គ្រួសារអះអាងថា កំពុងជួយសង្គ្រោះបន្ទាន់ ហើយមិនទាន់ដឹងខ្លួននៅឡើយទេ ខណ:ក្រុមគ្រូពេទ្យកំពុងវះកាត់។

តាមកូនស្រីរបស់លោកស្នាយពល ដែលកំពុងមើលថែឪពុកនៅមន្ទីរពេទ្យបានឲ្យដឹងថា ក្រុមគ្រួសាររបស់នាង  មានបំណងយកឪពុកទៅសង្គ្រោះ នៅប្រទេសវៀតណាមដែរ ប៉ុន្តែគ្មានលទ្ធភាពគ្រប់គ្រាន់។ កូនស្រីលោក ស្នាយ  ពល បានអំពាវនាវដល់សប្បុរសជននានា ជួយបរិច្ចាគថវិកា ដើម្បីជួយសង្រ្គោះជីវិតអ្នកមានគុណរបស់ខ្លួន។

លោក ជ័យ ភូមិពល បច្ចុប្បន្នរស់នៅផ្ទះជួលក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានកូនស្រី ២នាក់នៅក្នុងបន្ទុក  ។ ក្រៅពីបម្រើការនៅអង្គភាពព័ត៌មានកម្ពុជាថ្មីហើយនោះ លោក ភូមិពល ក៏ជាបុគ្គលិកបម្រើការនៅទីភ្នាក់ងារព័ត៌  មានជាតិ AKP ផងដែរ។

ក្នុងនាមជាអ្នកអភិបាលលើក្រុមអ្នកព័ត៌មានប្រកបដោយភាពកក់ក្តៅ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន  បានប្រកាសលើទំព័រហ្វេសប៊ុករបស់លោកថា  នៅម៉ោង ១១ថ្ងៃនេះ លោក និងសហការី នឹងនាំយកថវិកាទៅផ្តល់ ជូនគ្រួសារលោក ភូមិពល នៅមន្ទីរពេទ្យ ដើម្បីកុំឲ្យបារម្ភពីថ្លៃពេទ្យ។

ជាមួយគ្នានេះ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក្នុងនាមមិត្តរួមអាជីព ក៏បានជួយឧបត្ថម្ភលោក ភូមិពល ២០ម៉ឺនរៀលផងដែរ ជួយសម្រាលទុក្ខលំបាករបស់ក្រុមគ្រួសារ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP