CamNews

តារា 

ឃឹម ចរិយា ស្មា​លា​​កុំ​ឲ្យ​​ជួប​ ពពួក​​​មនុស្ស​​ឆ្អិន​​​ក្បាល​​​ស៊ី​​ក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ

(ភ្នំពេញ)៖ មិនដឹងថាមានបញ្ហាអ្វីជាមួយនរណាម្នាក់ ឬចង់សំដៅលើបុគ្គលណាទេ ទើបតារាស្រីរាង​តូច​ច្រឡឹង​ស្រស់​សោភា​កញ្ញា ឃឹម ចរិយា ថ្មីៗ​នេះ​បាន​បញ្ចេញ​ប្រតិកម្ម​ហាក់​មាន​អារម្មណ៍មិនសប្បាយចិត្ត ខណៈភាពរាប់អានស្មោះ ត្រង់​របស់​នាង​ត្រូវ​បាន​គេ​មើល​រំលង និងមិនផ្តល់តម្លៃឲ្យចំពោះ ទង្វើល្អៗជាច្រើន ដែលធ្លាប់មាននាពេលកន្លងមក ។

តាមរយៈខ្លឹមសារដែលត្រូវបានតារាសម្តែង និងពិធីការិនីសាច់សខ្ចីរបស់ស្ថានីយទូរទស្សន៍ PNN កញ្ញា ឃឹម ចរិយា សរ​សេរ​បង្ហោះ​នៅ​លើ​បណ្តាញសង្គម Facebook នាងបានលើកឡើងថា មនុស្សមិនមែនទេវតា ។ សង្ឃឹមថាឆ្នាំថ្មីខ្ញុំ នឹង​ជួប​អ្វី​ល្អៗ​ជាង​ឆ្នាំ​ចាស់ ។ មនុស្សណាមិនដឹង តែខ្ញុំដឹងគុណ ដឹងបុណ្យ អ្នកណាដើររំលងខ្ញុំ​ឲ្យ​ទោស​ខ្ញុំ អ្នកណាជួយលើកខ្ញុំ ពេលខ្ញុំដួល ឥឡូវខ្ញុំមិនទាន់មានសមត្ថភាព​សង​គុណ តែខ្ញុំមិនដែលភ្លេចដែរ ។

ពិធីការិនីចង្កាស្រួចក្រសោបបានទីផ្សារសិល្បៈច្រើនគួរសមកញ្ញា ឃឹម ចរិយា បានបញ្ជាក់ទៀតថា មិន​ចង់​និយាយ​ច្រើន​ជាង​ធ្វើ តែ​សូម​បើកចិត្តឲ្យទូលាយ មើលខ្ញុំឲ្យច្បាស់សិមវាយតម្លៃ ។ ស្រឡាញ់ និង រាប់​អាន​ដោយ​ស្មោះ​​និង​អ្នក​ដែល​ស្មោះ​នឹង​មិត្ត​ភាព​ដូច​គ្នា ពពួកឆ្អិនក្បាលស៊ីក្បាលអីនោះ សូមកុំឲ្យប្រទះទៀត ។

ថ្វីត្បិតតែមានការបង្ហោះសារបែបនេះក្តី រហូតមកទល់ពេលនេះពុំទាន់ត្រូវបានប្រភពណាម្នាក់ដឹងទេថា តើ​កញ្ញា ឃឹម ចរិយា ធ្វើ​ឡើង​ក្នុង​គោល​បំណង​ខឹង បុគ្គលណាម្នាក់ ឬគ្រាន់តែជាការបង្ហោះដាស់តឿងអារម្មណ៍ទស្សនិកជន​នោះ​ឡើយ ។ ខណៈ​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦​នេះ មិនអាចទំនាក់ទំនងដើម្បីសុំការសួរនាំពីកញ្ញា ឃឹម ចរិយា ជុំវិញរឿងរ៉ាវខាងលើនេះបានទេ ព្រោះលេខទូរសព្ទនាងមិនអាចទំនាក់ទំនងបាន ។

អតីតពិធីការិនីរបស់ស្ថានីយទូរទស្សន៍លេខ៣ ដែលមានឱកាសវិវឌ្ឍន៍ខ្លួនចូលមកកាន់ក្បាលមេក្រូហ្វូន នៅ​ទូរទស្សន៍​ប៉ុស្តិ៍ PNN កញ្ញា ឃឹម ចរិយា ត្រូវ​បាន​គេ​កត់​ស្គាល់​ឃើញ​ថា មួយរយៈពេលចុងក្រោយ ដែលនាងចូលខ្លួនប្រឡូកជោគជាំក្នុង​អាជីព​សិល្បៈ គឺ​តារា​ស្រី​រូប​នេះ​ហាក់ កំពុងក្តាប់បានឱកាសច្រើនតាមរយៈការចេញមុខតួសម្តែង​ឈុត​កាយ​វិការ​ខារ៉ាអូខេ ខ្សែភាពយន្ត និងឱកាសធ្វើជាពិធីករជាដើម ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Khim chariya