CamNews

ទេសចរណ៍ 

ស្ពានភ្លោះឆ្លងកាត់ស្ទឹងសៀមរាប ត្រូវបានបើកការដ្ឋានសាងសង់ នៅជាប់ស្ពានព្រះរាជដំណាក់

(សៀមរាប)៖ ​គម្រោងសាងសង់ស្ពានឆ្លងកាត់ ស្ទឹងប្រវត្តិសាស្ត្រ សៀមរាប​ពីរ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានរៀបចំ បើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ ដោយមានការចូលរួមពី លោក ឃឹម ប៊ុនសុង អភិបាល​ខេត្ត លោក ឈឹម ម៉ា អ្នកតំណាងរាស្ត្រ មណ្ឌលសៀមរាប រួមទាំងមន្ត្រីរាជការ និងអាជ្ញាធរក្រុងផងដែរ​។

​លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា ការសាងសង់ស្ពាននេះ ជាគម្រោងរបស់ក្រសួង សាធារណការ ផ្តល់ឲ្យខេត្តសៀមរាប មានស្ពានចំនួនពីរ ឆ្លងកាត់ស្ទឹង សៀមរាប ដែលស្ថាបនាសាងសង់ដោយក្រុមវិស្វកម្មនៃមន្ទីរ សាធារណការខេត្ត ហើយថ្ងៃនេះត្រូវបាន ចាប់ដំណើរការសាងសង់ស្ពានភ្លោះ ស្របជាប់នឹងស្ពានព្រះរាជដំណាក់ដែលមានបណ្តោយ ប្រវែង៤៦ម៉ែត្រ ទទឹង៨,២០ម៉ែត្រ ដោយមានផ្លូវរថយន្តរត់ឆ្លងកាត់ ប្រវែង៦,៨០ម៉ែត្រ ដែលមានរយៈពេលសាងសង់៧ខែ ទើបបានរួចរាល់​។ 
លោកក៏បាន​បញ្ជាក់​ដែរថា ការសាងសង់ស្ពាននេះ គឺធ្វើទៅតាមបច្ចេកទេស បទដ្ឋាន​នៃ​សំណង់ ដើមី្បការពារកុំឲ្យមានការប៉ះពាល់នៃគ្រឹះ សំណង់ស្ពានចាស់ ដែលមានអាយុកាលជិតមួយសតវត្សមក​ហើយ ព្រមទាំងបានធ្វើកិច្ចសហការ ជាមួយបណ្តាស្ថាប័ន ដែល​ពាក់ព័ន្ធ នៅពេលធ្វើការរៀបចំជីកកកាយ ចាក់គ្រឹះសសរស្ពាន កុំឲ្យមានការប៉ះពាលប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី និង ខ្សែអ៊ុបទិចជាដើម​។

ជាមួយគ្នានេះដែរ លោក ឃឹម ប៊ុនសុង បានឲ្យដឹងថា នេះជាសមទ្ធិផលថ្មីមួយទៀត នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ក្នុងការលើកនូវ សោភណ្ឌភាពក្រុងផង និងសម្រួលដល់ចរាចរណ៍នៅក្នុងក្រុង ក្នុងការបញ្ជៀសការកកស្ទះចរាចរណ៍ និងកាត់បន្ថយការគ្រោះថ្នាក់ ចរាចរណ៍ទៀតផង ហើយ​ឆ្នាំនេះ​គម្រោងក្រសួងសាធារណការ បានផ្តល់ឲ្យខេត្តសៀមរាប នៅស្ពាន់ចំនួនពីរ ឆ្លងកាត់ស្ទឹងសៀមរាប ទីមួយសាងសង់នៅជាប់នឹងស្ពានថ្ម ព្រះរាជដំណាក់ និងមួយទៀតនៅស្ពានវត្តពោធិ៍លង្កា។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា «ដោយខេត្តយើងបានធ្វើការពង្រីកផ្លូវបានធំទូលាយហើយនោះ ទើបយើងត្រូវធ្វើការសាងសង់ ស្ពានថ្មថ្មី ជាប់នឹងស្ពានថ្មចាស់ ក្នុងការកាត់បន្ថយនូវចរាចរណ៍ដែលបានឆ្លងកាត់ លើស្ពានថ្មព្រះរាជដំណាក់នេះ នៅពេលដែលការ សាងសង់ស្ពាននេះរួចរាល់ហើយនោះ អាជ្ញាធរខេត្ត ត្រូវធ្វើការពង្រីកផ្លូវ សម្រាប់ផ្លូវឯកទិសឆ្ពោះ ទៅផ្លូវកូម៉ៃនៃសណ្ឋាគារសុខាអង្គរ ព្រមទាំងធ្វើការពង្រីក ផ្លូវមួយខ្សែស្រប តាមមាត់ស្ទឹងខាងលិចទៀតផង»

ម៉្យាងទៀតការធ្វើចរាចរណ៍ពីផ្លូវអាកាសយានដ្ឋានអន្តរជាតិសៀមរាប​ឆ្លងកាត់ មុខព្រះរាជដំណាក់ គឺត្រូវឆ្ពោះត្រង់ឆ្លងកាត់ស្ពានថ្មចាស់ ហើយការធ្វើចរាចរណ៍ ពីផ្សារលើមកលិចវិញ​ គឺត្រូវធ្វើ​ចរាចរណ៍ឆ្លងកាត់ស្ពានថ្មថ្មី ធ្វើដំណើរតាមផ្លូវមុខមហាវិថី សណ្ឋាគារឆ្ពោះទៅផ្លូវកូម៉ៃ នៃសណ្ឋាគារសុខាអង្គរ​។ លោក បន្ថែមថា «បើសិនជាយើងនៅតែមានស្ពានរបៀបនេះ​តទៅទៀត ការធ្វើ​ចរាចរណ៍ឆ្លងកាត់ទីនេះ​នៅតែមានភាពកកស្ទះ ដោយពីមួយថ្ងៃ ទៅមួយថ្ងៃ កំណើនយានយន្តគ្រប់ប្រភេទ មានការកើនឡើង ហើយស្ពានថ្មីនេះ ត្រូវសាងសង់រួចរាល់ នៅមុនបុណ្យអង្គរសង្រ្កាន្ត ឆ្នាំ២០១៧ផងដែរ»

ជាងនេះទៅទៀត លោកអភិបាលខេត្តសៀមរាប ក៏បានធ្វើការណែនាំ និងផ្តាំផ្ញើដល់ក្រុមការងារសាងសង់ ត្រូវធ្វើយ៉ាងណាឲ្យបាន ត្រឹមត្រូវទៅតាមស្តង់ដា បច្ចេកទេសសំណង់ ក្នុងការធានានូវគុណភាពប្រើប្រាស់ឲ្យបានយូរអង្វែង សំខាន់ធ្វើការសម្រួលដល់ទីតាំងក្នុង ការប្រណាំងទូករបស់ប្រជាពលរដ្ឋ នៅពេលខាងមុខ ពីព្រោះថាប្រពៃណីបុណ្យអុំទូកនេះ បានកំពុងទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ ចូលមកទស្សនាកម្សាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រ​ផងដែរ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី​


Tags: Tourism Siem reap