CamNews

ព័ត៌មានជាតិ 

ជប៉ុនគ្រោងនឹងផ្តល់ជំនួយបើកវិទ្យាស្ថានបណ្តុះបណ្តាលសេវាថែទាំមនុស្សចាស់

នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែបុស្ស នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលជួបលោក Kondo Yoshio ប្រធានក្រុមហ៊ុន Procast (CAMBODIA) Co., Ltd. ដើម្បីពិភាក្សាពីការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលសេវាថែទាំមនុស្សចាស់ និងការបញ្ជូនកម្មសិក្សាការីទៅបម្រើការងារនៅប្រទេសជប៉ុន នាទីស្តីការក្រសួង។

គម្រោងនេះ បានចំណាយទឹកប្រាក់ប្រមាណ ៣លានដុល្លារដើម្បីសាងសងវិទ្យាស្ថាននេះឲ្យលេចចេញជារូបរាងនៅក្នុងខែ មេសា ដោយមានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខ។


លោក Kondo Yoshio បានជម្រាបថា លោកនឹងផ្តល់អាហារូបករណ៍ដលើគិលានុប្បដ្ឋាកយិកាចំនួន ១៨០នាក់ដើម្បីទៅទទួលការបណ្តុះបណ្តាលរយៈពេល២ឆ្នាំជាភាសាជប៉ុន ដោយមានជំនាញផ្នែកចិត្តវិទ្យាក្នុងការថែទាំមនុស្សចាស់ និងការសង្គ្រោះបឋមជាដើម ចំពោះគ្រូបណ្តុះបណ្តាល សុទ្ធតែជាគ្រូជនជាតិជប៉ុន។

លោកបានបន្ថែមទៀតថា បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលរយៈពេលពី ៦ខែទៅ១ឆ្នាំ សិក្ខាកាមដែលអាចនិយាយភាសាជប៉ុននឹងត្រូវបានបញ្ជូនទៅបម្រើការងារលើសេវាថែទាំមនុស្សចាស់នៅប្រទេសជប៉ុន។


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីមានប្រសាសន៍ថា វិទ្យាស្ថាននេះជាថ្នាក់បណ្តុះបណ្តាលសេវាថែទាំមនុស្សចាស់ដំបូងបំផុតនៅកម្ពុជា និងសូមធ្វើការថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានជួយគាំទ្រឲ្យមានកម្មវិធីនេះឡើង។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្តថា ឥលូវនេះមិនទាន់មានគិលានុបដ្ឋាយិការូបណាបានបញ្ជូនទៅប្រទេសជប៉ុននៅឡើយទេ ពីព្រោះតែពួកគេត្រូវការការបណ្តុះបណ្តាលបន្ថែមទៀត ៕



ប្រែសម្រួល៖ ច័ន្ទ

ប្រភព៖ KhmerTimes


Tags: Local news Social news