ភ្នំពេញ : មន្រ្តីនគរបាលមូលដ្ឋាន បានអោយដឹងថា នៅវេលាម៉ោង ប្រមាណ ៩:៤៥នាទី យប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥នេះ សពកម្មករទាំង៣នាក់ ដែលបានស្លាប់ ដោយសារធ្លាក់សង្កត់ថ្មម៉ាបនោះ ត្រូវបានដឹកចេញ ពីរោងសិប្បកម្ម ឆ្ពោះទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិ មកទទួលយក ទៅធ្វើបុណ្យ តាមប្រពៃណី។
ជាមួយគ្នានេះ ក្រោយកើតហេតុ មេការជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ច ហៅទៅធ្វើការសួរនាំផងដែរ ចំពោះហេតុ ធ្វេសប្រហែស ដែលនាំអោយកម្មករទាំង៣នាក់ ស្លាប់យ៉ាងដូច្នេះ ប៉ុន្តែមិនទាន់ដឹងថា មាន ចំណាត់ការយ៉ាងណានោះទេ។
ដោយឡែកសពជនរងគ្រោះទាំង៣នាក់ ត្រូវបានលោក លី សាវេត អភិបាលខណ្ឌសែនសុខ ជួយឧបត្ថម្ភ ក្នុងមួយគ្រួសារ ៥០មឺុនរៀលផងដែរ ដូច្នេះសរុបទាំងអស់ចំនួន១.៥លានរៀល ។ សូមបញ្ជាក់ថា ក្រោយ មានកម្មករ របស់ខ្លួន ចំនួន៣នាក់ស្លាប់ដោយសារថ្មម៉ាបធ្លាក់សង្កត់នោះ ម្ចាស់សិប្បកម្ម យីហោ សីុនយ៉ុងថៃ ក្រានីត ដែលជាជនជាតិចិន និងមេការរបស់ខ្លួន មិនបានចូលរួម ជាមួយសមត្ថកិច្ច និងអាជ្ញាធរនោះទេ ដោយ សារអាងខ្សែពីមន្រ្តីជាន់ខ្ពស់ ប៉ុន្តែលោក លី សាវេត អភិបាលខណ្ឌ និងលោក ម៉ក់ ហុង អធិការខណ្ឌ ដែលចុះទៅដល់កន្លែងកើតហេតុនោះ បានទទូចអោយ ម្ចាស់សិប្បកម្មមួយនេះ ទទួលខុសត្រូវ ទាំងស្រុងលើគ្រោះថ្នាក់មួយនេះ។
រោងសិប្បកម្ម ថ្មម៉ាប យីហោ សីុនយ៉ុងថៃក្រានីតខាងលើនេះ ស្ថិតនៅផ្ទះលេខ១០៦៥ ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅវេលាម៉ោង ៨:១០នាទីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥នេះ កម្មករចំនួន៣នាក់ បានស្លាប់ ដោយសារ ថ្មម៉ាប បាក់សង្កត់ពីលើ ខណ:ពួកគេ កំពុងនាំគ្នាថ្មម៉ាក ទម្លាក់ពីលើរថយន្តកុងតឺន័រ។
ប្រភពព័ត៌មានពី មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទី១មានឈ្មោះ ចុះ អាយុ៣០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្សារទឹកថ្លា ទី២ឈ្មោះ រដ្ឋា អាយុ២៥ មុខរបរកម្មករ មានទីលំនៅស្រុកកំចាយមា ខេត្តព្រៃវៃង និងទី៣ឈ្មោះ វណ្ណា អាយុ៣២ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ក្រុងតាខ្មៅ ខេត្តកណ្តាល៕
ផ្ដល់សិទ្ធដោយ ៖ ដើមអម្ពិល