CamNews

ព័ត៌មានជាតិ 

សពទាហាន មួកខៀវកម្ពុជា ពីរនាក់បានស្លាប់ ខណៈបេសកកម្ម នៅប្រទេសម៉ាលី នឹងដឹកមកដល់ កម្ពុជា នៅម៉ោង៧ល្ងាច

ភ្នំពេញៈ សាកសពទាហាន មួកខៀវកម្ពុជា ចំនួនពីរនាក់ ដែលបានស្លាប់ ដោយសារតែពុល អាហារនៅ ប្រទេសម៉ាលី ខណៈ បំពេញបេសកកម្ម ក្រោមឆ័ត្រ អង្គការសហប្រជាជាតិ កាលពីថ្ងៃទី៩ ខែមិថុនា កន្លងទៅនោះ នឹងដឹកមកដល់កម្ពុជា នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ស្អែកនេះ។ នេះបើយោង តាមមន្រ្តីរបស់ក្រសួង ការពារជាតិកម្ពុជា។

យោងតាមមន្រ្តីដដែល បានឲ្យដឹងថា សាកសពពលី ជនទាំងពីរនេះនឹង មកដល់ព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ ច្រក់វីអាយភី VIP បន្ទាប់ពីការ ចុះ សំចត់នៅម៉ោង៧នោះ នឹងដង្ហែរទៅកាន់ខេត្តកំពង់ធំ និងវត្តថាន រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យទៅ តាមព្រះពុទ្ធសាសនា ។

ពលីជនទាំងពីរនាក់ ដែលបានស្លាប់នោះ រូមមានឈ្មោះ វរសេនីយ៍ទោ នី ណុល ជំនួយការ បច្ចេកទេស សំណង់ នៃកងវិស្វកម្មព្រលាន យន្តហោះលេខ៨១៩ បានពលីជីវិតនៅតំបន់Kidal ភាគខាងជើង នៃប្រទេសម៉ាលី កាលពីថ្ងៃទី៩ កន្លងទៅ ដោយសារតែថប់ដង្ហើម និងទាស់អាហារ ហើយមួយទៀត វរសេនីយ៍ឯក មាឃ សេរីវឌ្ឍនា ជាបុគ្គលិកពេទ្យនៃ កងវិស្វកម្មព្រលាន យន្តហោះលេខ៨១៩ បាន ពលីជីវិត នៅកន្លែង ជាមួយគ្នា ដូចជនរងគ្រោះខាងលើនោះដែរ។

កាលពីពេលកន្លងទៅបន្ទាប់ ពីជនរងគ្រោះទាំងពីរនាក់បានស្លាប់នោះ អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រង កងកម្លាំងរក្សាសន្តិសុខ បោសសំអាតមីន និងកាកសំណល់ សង្គ្រាម លោក នាយឧត្ដមសេនីយ៍ សែម សុវណ្ណនី បានឲ្យដឹង ថាកងទ័ពមួកខៀវ របស់កម្ពុជា២នាក់ ក្នុងបេសកកម្ម ក្រោមឆ័ត្ររបស់ អង្គការ សហប្រជាជាតិ នៅប្រទេសម៉ាលី បានស្លាប់ដោយ សារពុលចំណីអាហារ។ តែនាយឧត្តមសេនីយ៍ មិនបានបញ្ជាក់ថា បានពុលអាហារអ្វីនោះឡើយ។

ចំពោះការបាត់បង់ជីវិត ទាហានទាំងពីររូបនេះ នាយឧត្ដមសេនីយ៍ សែម សុវណ្ណនី បានមានប្រសាសន៍ថា កម្ពុជាមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់កង រក្សាសន្ដិភាពរបស់ខ្លួន ក្រោមការ គ្រប់គ្រង របស់អង្គការ សហប្រជាជាតិនេះ ហើយនិងចូលរួមមរណៈទុក្ខ ចំពោះក្រុមគ្រួសារសពទាំងពីរ ដែលបាន ពលីកម្មនៅក្នុងបេសកកម្ម ថែរក្សាសន្ដិភាពនៅពេលនេះ។

នាយឧត្តមសេនីយ៍បានបន្តថា នាពេលកន្លងមករាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបានធ្វើការណែនាំ និងក្រើន រំឮក ដល់កងរក្សាសន្ដិភាពរបស់ខ្លួន មុនចេញដំណើរបេសកកម្មទាំងនោះ ឲ្យគោរពឲ្យបានខ្ជាប់ខ្ជួន នូវក្រមសីលធម៌ និង បទ បញ្ជា ដើម្បីសម្រេចឲ្យបាននូវជោគជ័យដែលប្រទេសជាតិ និងអង្គការ សហប្រជាជាតិប្រគល់ភារកិច្ចជួន។ នេះជាករណីស្លាប់លើកទីមួយ ហើយចាប់តាំងពីប្រទេសកម្ពុជា បញ្ជូនកងរក្សាសន្ដិភាពរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០០៦។

សូមបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ខណៈបំពេញបេសកកម្មនេះ ពួកគេត្រូវបាន រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនទៅ កាលពីខែមីនា ឆ្នាំ២០១៤កន្លងទៅនេះបន្ទាប់ពីមានការស្នើរសុំ របស់អង្គការសហប្រជាជាតិ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news