CamNews

ព័ត៌មានជាតិ 

ឲ្យតែរឿងចឹងៗដឹងតែកើតឡើងនៅពេលយប់ហើយ ជាពិសេសនៅភ្នំពេញម៉ង!

(ភ្នំពេញ)៖ ជញ្ជាំងផ្ទះពីល្វែង ត្រូវបានបុរសម្នាក់ បើករថយន្ត TACOMA បុករះរងការបាក់រប៉ាត់រប៉ាយ តែសំណាងមិនមានអ្នករងរបួស ដែលហេតុការណ៍នេះ កើតឡើងនៅម៉ោង១២៖១០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវលំ ភូមិដំណាក់ធំ៤ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

អ្នកដែលរស់នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមនុស្ស៣នាក់ ជិះ និងបើករថយន្តមួយគ្រឿង ម៉ាក Toyota Tacoma ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AT-2474  បើកពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បត់ឆ្វេងដោយបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុករះផ្ទះជួសជុលម៉ូតូ និងផ្ទះបែកផាត់មុខធ្វើសក់ រងការខូចខាតបាក់ជញ្ជាំងពេញមុខផ្ទះ ហើយរថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវទេ ព្យាយាមបើករត់ទាំងបែកកង់មុខខាងឆ្វេង ប្រមាណជា៥០ម៉ែត្រ ទើបឈប់រថយន្ត រួចបើកទ្វារគេចខ្លួនបាត់ បន្សល់ទុករថយន្តចោលតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងបានទាក់ទងហៅមន្ត្រីជំនាញខណ្ឌ ចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅអធិការដ្ឋានខណ្ឌមានជ័យ រង់ចាំម្ចាស់ចូលខ្លួន មកដោះស្រាយទៅតាមផ្លូវច្បាប់៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news