CamNews

ព័ត៌មានជាតិ 

យកគ្រឿងចក្រ ទៅកាយផ្នូរបុរាណ តម្រង់ព្រំដី ប៉ះគ្រាប់មិនទាន់ផ្ទុះ រាប់រយគ្រាប់

ភ្នំពេញ ៖ មនុស្សក្រុមមួយបានជួលគ្រឿងចក្រ ទៅកាយផ្នូរបុរាណចំនួនពីរផ្នូរ ស្រាប់តែប៉ះចំគ្រាប់មិនទាន់ផ្ទុះប្រភេទ M ៧៩ រាប់រយគ្រាប់ និងគ្រាប់ប្រភេទ ៦០មីលលីម៉ែត្រ ២គ្រាប់, ៨០មីលលីម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជា ពលរដ្ឋ និងនគរបាលចុះទៅពិនិត្យផងដែរ ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ៦និង០០នាទី ព្រលប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅលើទីទួលបុរាណមួយ ក្នុងភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំ ពេញ ។

នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ដីបានជួលគ្រឿងចក្រមួយគ្រឿង ទៅកាយផ្នូរមួយចំនួន នៅលើទី ទួលបុរាណ ដើម្បីតម្រង់ព្រំដី ដោយមានការសែនព្រេន សុំខមាទោស ចំពោះសពផងដែរ ប៉ុន្តែ ខណៈគ្រឿងចក្រកំពុង តែកាយនោះ ស្រាប់តែកាយចេញមក សុទ្ធតែគ្រាប់មិនទាន់ផ្ទុះប្រភេទ M 79 រាប់រយគ្រាប់ និងប្រភេទ ៦០ មីលលី ម៉ែត្រ ២ និង៨០១គ្រាប់ និងប្រភេទ H ១គ្រាប់ ធ្វើឲ្យអ្នកបញ្ជាគ្រឿងចក្រឡើងព្រលឹងចុងសក់ ។

ប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ បាននិយាយថា ផ្នូរទាំងពីរនេះ គឺជាផ្នូរបុរាណមិនដឹងមានតាំងពីពេលណានោះ ទេ ហើយក៏មិនដឹងជាមានកូនចៅនៅទីណានោះទេ ពីព្រោះមិនដែលឃើញកូនចៅ មកបោសសំអាត ឬសែនព្រេន គោរពទៅតាមប្រពៃណីម្តងណានោះទេ លុះដល់ពេលកើតហេតុ ស្រាប់តែគេឃើញមានអ្នកហៅគ្រឿងចក្រ ទៅកាយ ផ្នូរទាំងពីរនោះ ដើម្បីតម្រង់ព្រំដីទៅវិញ ហើយក៏មិនដឹងថា អ្នកនោះជាម្ចាស់ដី ឬមួយយ៉ាងណានោះទេ ប៉ុន្តែ ប្រសិន ជាម្ចាស់ដី តាំងតែពីដើមនោះ គឺប្រាកដជាមកថែរក្សាផ្នូរ ហើយមិនមែនមកកាយចោលបែបនេះនោះទេ ។

ប្រជាពលរដ្ឋបានបន្តថា កាលពីមុនមានអ្នកមកទិញដី នៅក្បែរផ្នូរបុរាណនេះ គឺគេពុំដែលប៉ះពាល់ផ្នូរទាំងពីរនេះទេ គេ តែងតែធ្វើវៀងជានិច្ច ទោះបីជាចំក៏ដោយ ប៉ុន្តែពេលនេះមិនអ្នកទិញជាក្រុមហ៊ុន ឬមួយយ៉ាងណានោះទេ បានមក កាយផ្នូរបុរាណ ដែលជាកន្លែងស្ងប់ស្ងាត់នៃវិញ្ញាណអ្នកស្លាប់ ។

ប្រជាពលរដ្ឋបានបន្តថា ផ្នូរចាត់ទុកជាកន្លែងសក្ការៈបូជាមួយ ឬកន្លែងស្ងប់ស្ងាត់មួយ សម្រាប់អ្នកស្លាប់ ហើយក៏ ចាត់ទុកជាកន្លែងបុរាណ ឬជាបេតិកភណ្ឌមួយផងដែរ មិនគួរណាកាយចោលបែបនេះទេ ទោះជាផ្នូរទាំងនេះ មិនដែល ឃើញកូនចៅមកក៏ដោយ ឬមួយក៏កូនចៅនៅឆ្ងាយយ៉ាងណាក្តីក៏ មិនត្រូវកាយចោលដែរ ពីព្រោះនេះជាផ្នូរ តែងតែ មានម្ចាស់ហើយ ប្រជាពលរដ្ឋបានដាក់ការងឿងឆ្ងល់ថា តើអ្នក ជួលគ្រឿងចក្រមកកាយនេះ ជាម្ចាស់ដី ឬយ៉ាងណា តែបើឈ្មួញ ឬក៏ថៅកែមកទិញ ប៉ុន្តែប្រសិនបើទិញ ទិញពីអ្នកណា ។

ពួកគាត់បានបន្តថា ទួលមួយនេះ គឺជាទួលបុរាណដែលជំនាន់ លន់ ណុល ជាបន្ទាយទាហាន ដូច្នេះទើបសម្បូរគ្រាប់ បែបនេះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP