(ព្រះសីហនុ)៖ លោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើកឡើងថា ពិធីបុណ្យសមុទ្រ លើកទី៥ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែធ្នូ នៅតំបន់ឆ្នេរ ក្រុងព្រះសីហនុ ឆ្នាំ២០១៦នេះ គឺទទួលបានភ្ញៀវទេសចរជាតិ-អន្ដរជាតិប្រមាណ ៣០ម៉ឺននាក់ចូលរួម ពោលគឺប្រហាក់ប្រហែលនឹងចំនួនភ្ញៀវទេសចរចូលរួមបុណ្យសមុទ្រ លើកទី១ កាលពីឆ្នាំ២០១២ នៅតំបន់ឆ្នេរខេត្តព្រះសីហនុដូចគ្នា។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងពិធីបិទបញ្ចប់ការប្រកួតកីឡាគ្រប់វិញ្ញាសាទាំងស្រុង នៅថ្ងៃទី២៥ ខែធ្នូម្សិលមិញ។ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា បើគិតរយៈពេល ២ថ្ងៃ (ថ្ងៃទី២៣-២៤ ខែធ្នូ) គឺមានភ្ញៀវទេសចរជាង ២០ម៉ឺននាក់ទៅហើយ ដែលបានចូលរួមពិធីបុណ្យ ដើម្បីអបអរឆ្នេរសមុទ្រកម្ពុជា ដែលបានក្លាយជាសមាជិកក្លឹបឆ្នេរស្អាតជាងគេលើពិភពលោក។ ប៉ុន្ដែបើគិតទាំងចំនួនអ្នកចូលរួមនាថ្ងៃចុងក្រោយម្សិលមិញ គឺមានការកើនដល់ទៅជា ៣០ម៉ឺននាក់ឯណោះ។
លោកបន្ដថា នេះគឺជាជោគជ័យមួយ សម្រាប់គណៈកម្មការរៀបចំពិធីបុណ្យសមុទ្រ ពិសេសក្រោមការរៀបចំរបស់ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្ត រួមទាំងស្ថាប័នពាក់ព័ន្ធផង។ អ្វីដែលពិសេស គឺពិធីបើកដំណើរការបុណ្យសមុទ្រ លើកទី៥ ផ្លូវការ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិតតែម្ដង។
គួរបញ្ជាក់ថា គ្រប់វិញ្ញាសាកីឡាទាំង ១២ប្រភេទ ដែលចូលរួមសម្ដែង និងប្រកួត ដើម្បីអបអរពិធីបុណ្យសមុទ្រ ឆ្នាំ២០១៦នេះ គឺបានបញ្ចប់ជាស្ថាពរកាលពីម្សិលមិញ ក្នុងនោះរួមមានកីឡារត់ប្រណាំងកំសាន្ត បាល់ទះឆ្នេរខ្សាច់ បាល់ទាត់ឆ្នេរខ្សាច់ ប្រណាំងកង់ ប្រណាំងម៉ូតូទឹក កីឡាហោះហើរ (Paramoto) កីឡាទូកក្ដោង ប្រដាល់គុនខ្មែរ កីឡាយុទ្ធសិល្ប៍ និងគុនល្បុក្កតោ កីឡាចំបាប់ និងកីឡាតេក្វាន់ដូ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី