ភ្នំពេញ៖ ក្លិបវីដេអូមួយដែលមាន រយៈពេល១នាទីនិង២២នាទី ថតពីសកម្មភាពបុរសម្នាក់ ស្លៀកពាក់ខោអាវ ឈុតស៊ីវិល ចូលទៅក្នុងស្ថានីយប្រេងមួយកន្លែង ហើយត្រូវបានស្ត្រីម្នាក់យកលុយមកហុច ឲ្យដៃពីរត្រូវបានគេ អះអាងថារូបបុរសនោះ គឺជាមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួង ឈ្មោះ សាន សាធុកា ទៅទារលុយពីម្ចាស់ ស្ថានីយប្រេង នៅតាមបណ្តោយផ្លូវជាតិលេខ២១B ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល។
ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថាបច្ចុប្បន្ននេះ ប៉ូលីសសេដ្ឋកិច្ចឈ្មោះ សាន សាធុកា គ្រប់គ្រងលើផ្លូវជាតិ ចំនួនពីរកន្លែង ក្នុងទឹកដីខេត្តកណ្តាលគឺផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ១ ដើម្បីចាំកាក់រថយន្ត-កាណូតដឹក ទំនិញយកលុយជារៀងរាល់ថ្ងៃ ដោយនៅផ្លូវជាតិលេខ១ គេមានកូនចៅមួយក្រុមជួលផ្ទះគេដាក់ប៉ុស្តិ៍ប្រចាំការ នៅខាងកើតក្លោងទ្វារចូលសាលាបណ្ឌិតសភា នគរបាលនៅដីឥដ្ឋ និងផ្លូវជាតិលេខ២១ គេដាក់ប៉ុស្តិ៍នៅក្នុង ស្រុកស្អាងរួមទាំងជិះចល័ត ដើរយកលុយពីរថយន្ត-កាណូតដឹកទំនិញចេញ-ចូលប្រទេសវៀតណាម រួមទាំង កំណត់ឲ្យឃ្លាំងស្តុកទំនិញនាំចូលពីវៀតណាម រួមទាំងស្ថានីយលក់ប្រេងនានាបង់លុយប្រចាំខែ ឲ្យខ្លួនពី២០ដុល្លារ ទៅ១០០ដុល្លារផងដែរ ទៅតាមស្ថានីយធំតូច ដោយលើកហេតុផលថា ម្ចាស់ស្ថានីយទាំងអស់នោះ ទិញប្រេង អត់ពន្ធយកមកលក់ខុសច្បាប់។
តាមព័ត៌មានបានបញ្ជាក់ទៀតថា ជាក់ស្តែងរូបភាពនៅក្នុងក្លិបវីដេអូនោះ គឺលោក សាន សាធុកា បានទៅទារលុយ ពីម្ចាស់ស្ថានីយប្រេង បានចំនួន៥០ដុល្លារ ដោយម្ចាស់ស្ថានីយគេខ្ជិលឈ្លោះឬក៏តវ៉ាច្រើន។
គេមិនដឹងថាសកម្មភាពដាក់ប៉ុស្តិ៍ និងដើរទារលុយតាមស្ថានីយប្រេង និងឃ្លាំងស្តុកទំនិញខាងលើនេះ គឺមានបញ្ជា ពីមេឬមួយក៏ឈ្មោះ សាន សាធុកា លួចទៅធ្វើដោយខ្លួនឯងនោះទេ។
ពាក់ព័ន្ធករណីខាងលើនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទាក់ទងសុំការ បំភ្លឺពីឈ្មោះ សាន សាធុកា បានទេ តែបើតាមមន្ត្រីនគរបាលសេដ្ឋកិច្ច ដែលដើមអម្ពិលទូរស័ព្ទសាកសួរព័ត៌មាន បានប្រាប់ឲ្យដឹងថា បើមានមន្ត្រីនគរបាលសេដ្ឋកិច្ចទៅដាក់ប៉ុស្តិ៍ទៅជំរិតទារលុយពីអ្នករកស៊ីមែននោះ គឺជាការ ឆក់ឱកាសរបស់បុគ្គលតែប៉ុណ្ណោះ មិនមែនជាបញ្ជារបស់ថ្នាក់លើនោះទេ៕
ធ្លាយឃ្លីបវីដេអូមន្ត្រីនគរបាលសេដ្ឋកិច្ច ឈ្មោះសាន សាធុកាដើរទារល...ធ្លាយឃ្លីបវីដេអូមន្ត្រីនគរបាលសេដ្ឋកិច្ច ឈ្មោះសាន សាធុកាដើរទារលុយតាមស្ថានីយលក់ប្រេង
Posted by Dap_News_Website on Sunday, August 23, 2015
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល