ព្រះសីហនុ៖ បុរសពីរនាក់ បានឆេះរោលពេញខ្លួន និងស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបានបើកម៉ូតូធំ ត្រៃ បុកជាមួយរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន Sokimex នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រ ២០៥ ជិតស្ពានទឹកសាប ក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី២៥ ខែឧស ភា ឆ្នាំ២០១៥។
ស្នងការនគរបាលខេត្តព្រះសីហនុ ឧត្តមសេនីយ៍ ជួន ណារិន្ទ បានប្រាប់ឲ្យដឹងថា បុរសរងគ្រោះទាំងពីរនាក់ បាន ជិះម៉ូតូត្រៃ បុករថយន្តដឹកប្រេង ហើយខ្ទាតចូលក្រោមរថយន្តបណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ។
ឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងរបស់លោក និងកម្លាំងអាវុធហត្ថ បានបញ្ជូន ទៅកាន់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ តែមិនអាចជួយជនរងគ្រោះបាននោះទេ ពោលរូបគេទាំងពីរនាក់ ត្រូវរថយន្តកិន ហើយត្រូវភ្លើងឆេះស្លាប់បាត់អស់ទៅហើយ។
រថយន្តរបស់ Sokimex ជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ពាក់ស្លាកលេខ 3A-9785 កំពុងធ្វើដំណើរពីភ្នំ ពេញ ទៅខេត្តព្រះសីហនុ ដោយមិនមានដឹកប្រេងសាំងនោះទេ។
សមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់អត្ថសញ្ញាណជនរងគ្រោះ ២នាក់ ដែលស្លាប់បាត់បង់ជីវិតនៅឡើយទេ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល