CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួនមនុស្ស ៦នាក់ពាក់ព័ន្ធ កញ្ឆាក្រៀមជាច្រើន កញ្ចប់នៅសង្កាត់ បឹងទំពុន

ភ្នំពេញ : មនុស្សប្រុសស្រី ៦នាក់ ត្រូវ កម្លាំងនគរបាល ការិយាល័យប្រឆាំង ការសំអាតប្រាក់ នៃមន្ទីរគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ ដឹកនាំដោយ លោក លឹម សៀង និងមានការឯកភាពពី លោកព្រះរាជអាជ្ញារង ហៀង សុភ័ក្រ ព្រមទាំងមានការ ចូលរួមពីសំណាក់លោក ឡូ ភារម្យ នាយប៉ុស្តិ៍បឹងទំពុន នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៤នេះ បានឃាត់ខ្លួន ខណ:ចុះឆែកឆេរលំនៅឋាន មួយកន្លែង ហើយរកឃើញកញ្ឆាក្រៀម ១១៦កញ្ចប់ និងម្សៅស មួយចំនួន ។

នាយប៉ុស្តិ៍បឹងទំពុន លោក ឡូ ភារម្យ ដែលចូលរួមក្នុង ប្រតិបត្ដិការចុះឆែកឆេរដែរនោះ បានឱ្យដឹងថា ផ្ទះដែលសមត្ថកិច្ចចុះចាប់ និងឃាត់ខ្លួនមនុស្សប្រុសស្រី៦នាក់ខាងលើនេះ មានលេខ A08 ស្ថិតនៅភូមិត្នោតជ្រុំ១ ក្រុម១ ផ្លូវលេខ៨៧បេតេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ហើយក្រោយពីការ ស្រាវជ្រាវ និងតាមរយៈ ការចុះមកឆែកឆេរ នៅក្នុងផ្ទះរបស់ក្រុមជនល្មើស រកឃើញថ្នាំញៀន មួយចំនួនធំ និងកញ្ឆាក្រៀម ជាច្រើនកញ្ចប់ ថង់ប្លាស្ទិក និងឧបករណ៍សេពគ្រឿងញៀន នៅក្នុងលំនៅឋាននោះ។

ជនសង្ស័យទាំង៦នាក់នោះ រួមមានឈ្មោះ ទី១-ណែប និត ភេទប្រុស អាយុ ៣៥ឆ្នាំ, ទី២ឈ្មោះ នួន លីម ភេទប្រុស អាយុ ៣២ឆ្នាំ ជាងម៉ាស៊ីនត្រជាក់, ទី៣ឈ្មោះ ប៊ុននី ថុល ភេទប្រុស អាយុ ៣៤ឆ្នាំ,ទី៤ឈ្មោះ សូ ម៉ៅ ភេទប្រុស អាយុ ៣៧ឆ្នាំ , ទី៥ឈ្មោះ ភ្លៀង ភេទប្រុស អាយុ ៤៤ឆ្នាំ និងទី៦ឈ្មោះ ហេង ម៊ីម៊ី ភេទស្រី អាយុ ១៩ឆ្នាំ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news