ភ្នំពេញ៖ លោកឧកញ៉ា អ៊ុត ធី ឪពុកបង្កើតរបស់អតីតីពិធីការិនី ទូរទស្សន៍ស៊ីធីអិន កញ្ញា សាសា បានប្រាប់អ្នកយកព័ត៌មាន នៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកក្កដានេះថា លោកនៅតែប្រកាន់ជំហរប្តឹង លោក សុខ ប៊ុន ដដែល ហើយបដិសេធដាច់ខាត ការទទួលយកសំណង ដើម្បីបញ្ចប់រឿង។
ការថ្លែងបែបនេះ របស់លោកឧកញ៉ា អ៊ុត ធី ធ្វើឡើងបន្ទាប់ពីលោកបញ្ចប់ ការចូលបំភ្លឺនៅសាលាដំបូងរាជធានី ហើយប្រាប់អ្នកយកព័ត៌មានក្នុងបរិវេណ សាលាដំបូងរាជធានី នៅម៉ោង ១១៖២០នាទី ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥នេះ។
ឪពុករបស់កញ្ញាសាសា ដែលជាដើមបណ្តឹង ហើយបានចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ឲ្យដឹងទៀតថា លោកនឹងមិនធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង អស់សង្ឃឹមចំពោះរឿងរ៉ាវ អំពើហឹង្សាលើកូនស្រីរបស់លោកឡើយ ពោលគឺដាច់ខាតមិនទទួល សំណងដើម្បីបញ្ចប់រឿងនោះទេ។
ដោយឡែកពាក់ព័ន្ធ ការប្តឹងអង្គរក្សលោក សុខ ប៊ុន វិញ លោកឧកញ៉ា អ៊ុត ធី បានអះអាងថា នឹងធ្វើទៅតាមនីតិវិធីនៃមេធាវីរបស់លោក ជាបន្តបន្ទាប់ទៅទៀត៕